ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចសកលបានជួយឱ្យការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ កម្ពុជាប្រមូលប្រាក់បានជាង ១០ ពាន់លានដុល្លារពីការនាំចេញផលិតផលវាយនភណ្ឌ កើន ១/៤ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌដែលមានលេខកូដ៍(HS ២ខ្ទង់) ៦១, ៦២, ៦៣ និង ៦៤ ក្នុងទឹកប្រាក់សរុប ១០ ៦៣៨,២១ លានដុល្លារ កើនឡើង ២៥,៨ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមាន ៨ ៤៥៦,៣៧ លានដុល្លារ។
ទឹកប្រាក់នាំចេញផលិតផលទាំងអស់ខាងលើ ស្មើនឹង ៤៤,៤៥ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា រយៈពេល ១១ ខែឆ្នាំ ២០២៤ ដែលមានចំនួន ២៣ ៩៣០,៥៦ លានដុល្លារ។
ប្រភេទទំនិញលេខកូដ៍(HS ២ខ្ទង់) ៦១, ៦២ និង ៦៣ រួមមានសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ និងវត្ថុវាយនភណ្ឌកែច្នៃមួយចំនួនទៀត ចំណែកទំនិញស្ថិតក្នុងលេខកូដ៍ ៦៤ រួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល។
បើយោងតាម GDCE ការនាំចេញទំនិញក្នុងលេខកូដ៍ ៦១ ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៤ មានទឹកប្រាក់ ៦ ១០៩,៤៧ លានដុល្លារ កើនឡើង ២២,៧ភាគរយ លេខកូដ៍ ៦២ ចំនួន ២ ៨៣៣,០៦ លានដុល្លារ កើន ៣៣,៣ ភាគរយ, លេខកូដ៍ ៦៣ ចំនួន ១៨៦,៩៧ លានដុល្លារ កើន ៣៧ភាគរយ និងទំនិញលេខកូដ៍ ៦៤ ចំនួន ១ ៥០៨,៧២ លានដុល្លារ កើន ២៤,៣ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលសេដ្ឋកិច្ចពិភពលោកដំណើរការល្អ មនុស្សនឹងធ្វើដំណើរច្រើន ហើយតម្រូវការផលិតផលប្រើប្រាស់គ្រប់ប្រភេទក៏នឹងកើនឡើងដែរ។ តម្រូវការផលិតផលវាយនភណ្ឌនឹងហក់ឡើងខ្ពស់នៅពេលមនុស្សធ្វើដំណើរទេសចរណ៍ច្រើន។
លោកបន្ថែមថា កំណើនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌនេះ ក៏ដោយសារប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ពីភាពអវិជ្ជមានផ្នែកនយោបាយនៅប្រទេសមានឧស្សាហកម្មវាយនភណ្ឌច្រើនដូចជា មីយ៉ាន់ម៉ា និងបង់ក្លាដែស ជាដើម។
លោកបន្តថា បច្ចុប្បន្នមានគម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌជាច្រើនកំពុងនាំគ្នាសម្រុកចូលមកបើករោងចក្រនៅកម្ពុជា។លោកនិយាយថា៖«កំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងជួយធ្វើឱ្យការបញ្ជាទិញផលិតផលវាយនភណ្ឌកម្ពុជាកើនឡើងថែមទៀត។ អាមេរិក កាណាដា និងអ៊ឺរ៉ុប នៅតែជាទីផ្សារសំខាន់សម្រាប់ផលិតផលវាយនភណ្ឌកម្ពុជា»។
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគសរុប ៤៣ ដែលមានទុនវិនិយោគ ៩៤០ លានដុល្លារ និងអាចបង្កើតការងារបាន ៣៩ ពាន់កន្លែង។ ក្នុងចំណោមនោះ គឺវិស័យវាយនភណ្ឌ មានចំនួន ១១ គម្រោង។
ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ កាលពីខែតុលាបានប្រាប់ភ្នំពេញប៉ុស្តិ៍ បន្ទាប់ពីធ្លាក់ចុះមួយរយៈដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩ ការនាំចេញផលិតផលវាយនភណ្ឌបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញចាប់ពីពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២៣ មក។
លោកបន្តថា ការកើនឡើងចំនួនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌ គឺដោយសារកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយល្អ មានច្បាប់វិនិយោគអំណោយផល សម្បូរកម្លាំងពលកម្មជំនាញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ និងមានទីផ្សារទទួលទិញកាន់តែច្រើន។
លោកបានថ្លែងថា៖«កំណើនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌនៅពេលនេះ គឺដោយសារប្រទេសកម្ពុជាមានស្ថិរភាពនយោបាយនឹងនរនៅក្នុងចំណោមប្រទេសអាស៊ាន កត្តាកម្មករកម្មការិនីធ្វើការមានភាពរហ័សរហួន មានស្នាដៃល្អសម្រាប់ចង្វាក់ផលិតកម្មទាំងគុណភាព និងបរិមាណ»។
លោកបានលើកឡើងទៀតថា សមិទ្ធិផលដែលសម្រេចបាននាពេលនេះ ក៏ដោយសារតែមានការយកចិត្តដាក់ខ្លាំងផងដែរពីប្រមុខរាជរដ្ឋាភិបាលដែលតែងខិតខំផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ក៏ដូចជាបញ្ជាទិញទំនិញផលិតនៅកម្ពុជា។
ទាក់ទងនឹងស្ថានភាពការនាំចេញសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ២០២៤ និងឆ្នាំ ២០២៥ ខាងមុខ លោក ឃុនថៃ បានអះអាងថា ការនាំចេញផលិតផលវាយនភណ្ឌនឹងបន្តកើនឡើងបន្ថែមទៀត៕