វិនិយោគិនខេត្តក្វាងទុង បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ព្រមទាំងឱកាសក្នុងការធ្វើពាណិជ្ជកម្មទំនិញ ខណៈរយៈពេលជិតពេញ ១ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ជិត ១៤ ពាន់លានដុល្លារ។
ចំណាប់អារម្មណ៍នេះត្រូវបាន លោក Liang Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ លើកឡើងអំឡុងពេលជួបពិភាក្សាជាមួយ លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧ ខែធ្នូ។
នៅក្នុងជំនួបនោះ លោក លីម ឡោកពិសិដ្ឋ បានប្រាប់ភាគីចិនអំពីសក្តានុពលនៃការបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ដោយអ្នកវិនិយោគនឹងទទួលបានភាពអនុគ្រោះយ៉ាងច្រើនទាំងកត្តាក្នុងស្រុក និងទីផ្សារនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ក៏នឹងខិតខំជួយសម្របសម្រួលដល់អ្នកវិនិយោគដែលមានបំណងចង់មកវិនិយោគ ឬធ្វើពាណិជ្ជកម្មជាមួយកម្ពុជាផងដែរ។
លោកលើកឡើងទៀតថា ការចូលមកបណ្តាក់ទុនពីសំណាក់វិនិយោគិនចិន គឺពិតជាល្អ ពីព្រោះរដ្ឋាភិបាលនៃប្រទេស ២ មានចំណងមិត្តភាពល្អជាមួយគ្នា ហើយប្រទេសទាំង ២ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(CCFTA) ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាច្រើន។
ចំណែកលោក LIANG Songshou បាននិយាយថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគលើគ្រប់វិស័យ ហើយរូបលោក និងសហការីពិតជាចាប់អារម្មណ៍ខ្លាំងក្នុងការមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យថាមពលជីវម៉ាស និងអប់រំ។ ជាមួយគ្នានេះ លោក និងសហការីក៏ចង់ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើកិច្ចការពារបរិស្ថានផងដែរ។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៧ ខែធ្នូ ថា ការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជនក្នុងការផ្សព្វផ្សាយ ការកែលម្អប្រព័ន្ធច្បាប់វិនិយោគឱ្យកាន់តែទាក់ទាញ ព្រមទាំងកត្តាទីផ្សារនាំចេញ(មានប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសមួយចំនួន) កំពុងជួយឱ្យកម្ពុជាទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសឱ្យចូលមកវិនិយោគកាន់តែច្រើន។ ការចូលមកបណ្តាក់ទុនផ្ទាល់នឹងនាំផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតឱកាសកាងារ ប្រាក់ចំណូល និងការទាញយកធនធានក្នុងស្រុកមកប្រើប្រាស់កាន់តែច្រើន។
លោកបន្ថែមថា ជាទូទៅការវិនិយោគផ្ទាល់ ទោះវិនិយោគិននោះមកពីប្រទេសណា ឬវិនិយោគលើវិស័យអ្វីក៏ដោយ គឺសុទ្ធតែនាំផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ។
លោកអះអាងថា៖«មួយរយៈចុងក្រោយនេះខ្ញុំសង្កេតឃើញមានក្រុមអ្នកវិនិយោគជាច្រើនបានចូលមកសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ភាពវិជ្ជមានទាំងអស់នេះនឹងក្លាយជាថាមពលដ៏ខ្លាំងដែលនាំឱ្យកម្ពុជាឈានទៅសម្រេចចក្ខុវិស័យនានាដែលបានកំណត់»។
លោកប្រាប់ទៀតថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបង្កើត និងចុះហត្ថលេខាជាមួយប្រទេសជាច្រើនលើពិភពលោកគឺប្រាកដជានឹងអាចស្រូបទាញអ្នកវិនិយោគបានកាន់តែច្រើន។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ១៣,៧៦ ពាន់លានដុល្លារ កើនឡើង ២៤,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានចំណែក ២៧,៥៩ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជារយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ដែលមានចំនួន ៤៩,៨៧ ពាន់លានដុល្លារ។
ទំនិញដែលប្រទេសចិននាំមកកម្ពុជា មានចំនួន ១២,១៥ ពាន់លានដុល្លារ កើនឡើង ២៤,៥ ភាគរយ ចំណែកទំនិញកម្ពុជានាំទៅប្រទេសចិន ១,៦១ ពាន់លានដុល្លារ កើន ២២,៣ ភាគរយ។
ទឹកប្រាក់នៃទំនិញចិននាំចូលកម្ពុជា គឺមានចំណែកប្រមាណ ៨៨,៣១ ភាគរយនៃចំនួនទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគី៕