វិនិយោគិន​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ខេត្ត Zhejiang បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​​ការ​បណ្តាក់​ទុន​លើ​វិស័យ​ផ្គត់​ផ្គង់​ថាម​ពល​នៅ​កម្ពុជា ខណៈ​​ថាមពល​គឺ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​លើ​គ្រប់​វិស័យ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក សួន សុផល អគ្គ​លេខាធិការរង​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា ជា​មួយ​នឹង​គណៈ​ប្រតិភូ​ចិន​មក​ពី​ខេត្ត Zhejiang ដែល​ដឹកនាំ​ដោយ លោក Yang Yaming ប្រធាន​ក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អគ្គ​នាយក​រង​នៃ​ក្រុមហ៊ុន Zhejiang Energy Group Co., Lid. នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) កាល​ពី​ថ្ងៃទី​២៩ ខែ​វិចិ្ឆកា ឆ្នាំ ២០២៤។

ក្នុង​ជំនួប​នោះ​ ភាគី​ចិន​បាន​លើក​ឡើង​ពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា និង​បាន​ធ្វើ​បទ​ឧទ្ទេស​នាម​អំពី​សកម្មភាព​ធុរកិច្ច​របស់​ខ្លួន ព្រម​ទាំង​បាន​ចែក​រំលែក​ពី​និន្នាការ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន​នា​ពេល​កន្លង​មក។ នៅ​ក្នុង​នោះក្រុមហ៊ុន Zhejiang Energy Group Co., Lid. ​ក៏​បាន​លើក​ឡើង​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​បណ្តាក់ទុន​ក្នុង​វិស័យ​ថាមពល​នៅ​ប្រទេស​កម្ពុជា​ផងដែរ។

យោង​តាម CDC ក្រុមហ៊ុន Zhejiang Energy Group Co., Lid. គឺ​មាន​​បទពិសោធក្នុង​វិស័យ​ជាច្រើន ​ពិសេស​ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​ដោយ​ធ្យូងថ្ម ពន្លឺ​ព្រះអាទិត្យ និង​ឧស្ម័ន​ធម្មជាតិ​(LNG)។ Zhejiang Energy Group Co., Lid. គឺ​ជា​ក្រុមហ៊ុន​ផលិត​អគ្គិសនី​លំដាប់​លេខ​១ នៅ​ខេត្ត Zhejiang និង​មាន​សកម្មភាព​ធុរកិច្ច​ក្នុង​វិស័យដូចជា ថាមពល​អគ្គិសនី, ហេដ្ឋា​រចនាសម្ព័ន្ធ, ការ​ផលិត​ថាមពល​ធ្យូងថ្ម និង​ផលិត​បន្ទះ​ស្រូប​ដោយ​ពន្លឺ​ព្រះអាទិត្យ។

ជា​ការ​ឆ្លើយតប លោក សួន សុផល បាន​ស្វាគមន៍​គណៈ​ប្រតិភូ​ចិន​ដែល​ធ្វើ​ទស្សនកិច្ច​សិក្សា​ដោយ​ផ្ទាល់​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​កាលានុវត្ត​ភាព​វិនិយោគ និង​សក្តានុពល​វិនិយោគ​របស់​កម្ពុជា ដោយ​លោក​ប្រាប់​ទៅ​ភាគី​ចិន​​ពី​កាលានុវត្តភាព​វិនិយោគ​ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន និង​កំណើន​ខ្ពស់​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ដែល​បាន​ចូលរួម​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ទាក់ទាញ​ឧស្សាហកម្ម​ថ្មីៗ​ដូចជា ការ​ផលិត​ថាមពល​ប្រើប្រាស់​ដោយ​ធ្យូងថ្ម និង​ផលិត​បន្ទះ​ស្រូប​ដោយ​ពន្លឺ​ព្រះអាទិត្យ។

បន្ថែម​ពី​លើ​នេះ លោក​ក៏​បាន​ លើក​ទឹកចិត្ត​ក្រុមហ៊ុន​ឱ្យ​ធ្វើការ​ពិភាក្សា​ជាមួយ​តួ​អង្គ​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ស្វែង​រក​ការគាំទ្រ​ជា​លក្ខណៈ​បច្ចេកទេស។ លោក​ក៏​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រញាប់​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ​ដើម្បី​ទទួល​បាន​ផល​ចំណេញ និង​បាន​ស្នើ​ឱ្យ​គណៈ​ប្រតិភូ​ចិន​ជួយ​ផ្សព្វ​ផ្សាយ​ពី​បរិស្ថាន​វិនិយោគ​របស់​កម្ពុជា​ជូន​ទៅ​វិនិយោគិន​ចិន​ផ្សេង​​ទៀត ដើម្បី​ពិនិត្យ​លទ្ធភាព​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​។

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២ ខែ​ធ្នូ ថា បដិវត្ត​ឧស្សាហកម្ម និង​បច្ចេក​វិទ្យា​ បាន​ធ្វើ​ឱ្យ​តម្រូវការ​​ថាមពល​កើន​ឡើង​ជា​លំដាប់​ ហើយ​ក៏​​​ក្លាយ​ជា​ចំណែក​​​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​​។ ​ប្រទេស​មួយ​​ដែល​មាន​ថាមពល​អគ្គិសនី​គ្រប់​គ្រាន់ មាន​ន័យ​ថា​​ប្រទេស​នោះ​មាន​សក្តានុពល​​​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់ទុន​កាន់​តែ​ច្រើន។​

លោក​បន្ត​ថា មាន​ថាម​ពល​គ្រប់គ្រាន់ គឺ​តម្លៃ​ថាមពល​នឹង​អាច​ថយចុះ​ជាង​មុន នេះ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​ថ្លៃដើម​ផលិត​ថយចុះ។ ការ​ធ្លាក់ចុះ​ថ្លៃ​ដើម​ផលិត នឹង​ធ្វើ​ឱ្យ​សមត្ថភាព​ប្រកួត​ប្រជែង​តម្លៃ​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ល្អ​ប្រសើរ​ជាង​មុន។

លោក​បាន​ថ្លែង​ថា៖​«បច្ចុប្បន្ន​គ្រប់​ចង្វាក់​ផលិត​កម្ម​តាម​រោង​ចក្រ​/សហគ្រាស និង​ក្រុម​ហ៊ុន​បម្រើ​សេវាកម្ម គឺ​សុទ្ធ​តែ​ត្រូវការ​ថាមពល​អគ្គិសនី ដូច្នេះ​បើ​យើង​មាន​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​កាន់​តែ​ច្រើន និង​មាន​តម្លៃ​សមរម្យ គឺ​ប្រាកដ​ជា​នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​​មក​បើក​អាជីវកម្ម​កាន់​តែ​ច្រើន ហើយ​ទំនិញ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក៏​មាន​សម្ទុះ​ច្រើន​ជាង​មុន​ដែរ​»។​

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉រ ធ្លាប់​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ ថា បើកម្ពុជា​អាច​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ទាប​ថែម​ទៀត វា​នឹង​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​បញ្ចេញ​ទុន​កាន់​តែ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ នៅ​ពេល​តម្លៃ​អគ្គិសនី​ទាប វា​នឹង​ជួយ​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម ដែល​ធ្វើឱ្យ​សមត្ថភាព​ប្រកួត​ប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​កាន់តែ​ខ្លាំង។

លោក​អះអាងថា​៖ «​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅ​ពី​ការ​ចំណាយ​ទៅ​លើ​វត្ថុធាតុ​ដើម និង​កម្លាំង​ពលកម្ម​។ កាល​ណា​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប អ្នក​វិនិយោគ​ក្រៅ​ស្រុក​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំង​អស់​នោះ»។

វិស័យ​ថាម​ពល​អគ្គិសនី​នៅ​កម្ពុជា ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ជា​បន្ត​បន្ទាប់​ដោយ​ចាប់​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​កាល​ពី​ឆ្នាំ​ ១៩៧៩។ ទោះ​យ៉ាង​ណា​វឌ្ឍនភាព​ដែល​មាន​ភាព​លេច​ធ្លោ​គឺ​រយៈ​ពេល​ជិត ២ ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ទិន្នន័យ​ក្រសួង​រ៉ែ និង​ថាមពល ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០០៩ ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ​មាន​អានុភាព​ចំនួន​ ៥៧៩ មេហ្កាវ៉ាត់​(MW) ដែល​ចំនួន​នេះ​បាន​កើន​ដល់ ៤ ៦៤៩ ​មេហ្កាវ៉ាត់​(MW) ត្រឹម​ឆ្នាំ​ ២០២៣ ហើយ​តាម​ផែនការ​នឹង​កើន​ដល់ ៤ ៨០៩ មេហ្កាវ៉ាត់​(MW) នៅ​ត្រឹម​ចុង​ឆ្នាំ​ ២០២៤។ ក្នុង​ចំនួន​ខាង​លើ គឺ​ប្រភព​ថាមពល​ផលិត​ក្នុង​ស្រុក​ មាន​ប្រមាណ ៨៦​ភាគ​រយ និង​នាំ​ចូល​ពី​ប្រទេសជិត​ខាង ១៤ ភាគរយ៕