វិស័យទេសចរណ៍ខេត្តសៀមរាបក្នុងខែវិច្ឆិកាកន្លងមកបានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយមានភ្ញៀវទេសចរបរទេសជាង ១២ ម៉ឺននាក់បានទិញសំបុត្រចូលទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ កើនឡើងជិត ៣០ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈបើគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជិត ៩០ ម៉ឺននាក់។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយក្នុងថ្ងៃទី២ ខែធ្នូ បានឱ្យដឹងថា ចាប់ពីខែមករា-ដល់ខែដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ មានភ្ញៀវបរទេស ៨៩៨ ៣៣៩ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះគឺកើនឡើង ២៨,៣៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ចំណែកទឹកប្រាក់ដែលទទួលបាន គឺ ៤១,៩១ លានដុល្លារ កើនឡើង ២៨,៧៦ ភាគរយ។
សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវបរទេសទិញសំបុត្រចូលរមណីយដ្ឋានអង្គរ មានចំនួន ១២៤ ១៣៦ នាក់ ដោយប្រមូលចំណូលបាន ៥,៩២ លានដុល្លារ បើធៀបខែវិច្ឆិកា ឆ្នាំ ២០២៣ គឺចំនួនភ្ញៀវកើនឡើង ២៧,៤២ ភាគរយ និងចំណូលកើន ២៦,៩៤ ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ដោយឡែកក្រៅពីការលក់សំបុត្រតំបន់រមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏រកបានចំណូល ២៧៨ ៧១៥ ដុល្លារពីភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទកោះកែរ ១៨ ៥៨១ នាក់ និងទទួលបានប្រាក់ ៦០០ ០០៤ ដុល្លារពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស(ខេត្តសៀមរាប)។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
សម្រាប់តម្លៃតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២ ខែវិច្ឆិកាថា ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកខេត្តសៀមរាប កាលពីខែវិច្ឆិកា ពិតជាមានចំនួនច្រើនមិនធ្លាប់មានក្នុងរយៈពេលជិត ៥ ឆ្នាំកន្លងមក ដោយអ្នកមានមុខរបរ ឬអាជីវកម្មក្នុងវិស័យទេសចរណ៍ មានភាពមមាញឹកខ្លាំងរាប់ចាប់តាំងពីមគ្គុទ្ទេសក៍ទេសចរ អ្នកដឹកជញ្ជូន អ្នកលក់ទំនិញ សណ្ឋាគារ និងភោជនីយដ្ឋាន។ ភ្ញៀវបរទេស គឺមានចម្រុះជាតិសាសន៍ ជាពិសេសមកតំបន់អ៊ឺរ៉ុប អាមេរិក និងប្រទេសចិន។
លោកបញ្ជាក់ថា៖«ក្នុងខែ១១(វិច្ឆិកា) កន្លងមកភ្ញៀវបរទេសដែលមកខេត្តសៀមរាបគឺមានចំនួនច្រើនខ្លាំង ជាក់ស្តែងមគ្គុទ្ទេសក៍ទេសចរដែលជាសមាជិករបស់សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ គឺមានអតិថិជនពេញស្ទើរពេញ ១ខែវិច្ឆិកា។ វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ»។
ទោះយ៉ាងណា លោក ធី អះអាងថា គ្រាន់តែចូលដល់ខែធ្នូភ្លាម ចំនួនភ្ញៀវដែលបានកក់ ឬទាក់ទងលោក ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរដទៃទៀត គឺធ្លាក់ចុះគួរឱ្យកត់សម្គាល់។
លោកនិយាយថា៖«ខ្ញុំគិតថាចំនួនភ្ញៀវបរទេសមកកម្សាន្តនៅខេត្តសៀមរាប ក្នុងខែធ្នូនេះធៀបនឹងខែវិច្ឆិកា គឺអាចធ្លាក់ចុះក្នុងរង្វង់ជាង ៣០ ភាគរយ ហើយវានឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅខែបន្តបន្ទាប់។ ជារួមចំនួនភ្ញៀវទេសចរបរទេសក្នុងឆ្នាំ ២០២៤ នេះ គឺមានសម្ទុះខ្លាំងតែក្នុងខែវិច្ឆិកាប៉ុណ្ណោះ ខណៈមុនមានវត្តមានជំងឺកូវីដ១៩ ភ្ញៀវបរទេសដែលចូលមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាបមានចំនួនច្រើនចន្លោះពីខែតុលា ដល់ខែមេសាជារៀងរាល់ឆ្នាំ»។
ឆ្មាំនៅប្រាសាទអង្គរវត្ត លោក ហុង ម៉ក់ បានប្រាប់ថា លោកពិតជារីករាយចំពោះកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តតាមប្រាសាទនានាក្នុងខេត្តសៀមរាប នាពេលនេះ ហើយរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយ។
សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវបរទេសដែលមកទស្សនាប្រាសាទអង្គរវត្ត គឺពិតជាមានចំនួនច្រើនលើសពេលកន្លងមក។
លោកប្រាប់ថា៖«បើមានភ្ញៀវបរទេសច្រើន គឺវានឹងធ្វើឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទទួលបានចំណូលសម្រាប់កែប្រែជីវភាពបានកាន់តែប្រសើរ»។
ក្នុងឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១៧៧,៦៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ចំណែកទឹកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រ មានសរុប ៣៧ ១៩៨ ៩៨៨ដុល្លារ កើនឡើង ២២២,៦៨ភាគរយ។
ក្រៅពីចំណូលខាងលើ គ្រឹះស្ថានអង្គរ ក៏ទទួលបានភ្ញៀវ ១៤ ៨០៦នាក់ ស្មើនឹងប្រាក់ ២២២ ០៩០ដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាតំបន់ប្រាសាទកោះកែរ, និងប្រាក់ចំនួន ៥៦៤ ៦៧១ដុល្លារ ពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើយោងតាមគ្រឹះស្ថានអង្គរ៕