ក្រុមហ៊ុន/សហគ្រាសចិនចំនួនជិត ៣ ពាន់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤ ដោយកើនឡើងជាង ២០ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ខណៈជំនួបពិភាក្សាទ្វេភាគីជាច្រើនទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន ត្រូវបានរៀបចំឡើងក្នុងន័យផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិនឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន។
របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលភ្នំពេញប៉ុស្តិ៍ទទួលបានក្នុងថ្ងៃទី ២០ ខែធ្នូ បង្ហាញថា ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន សហគ្រាសចិនដែលបានមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មានចំនួនសរុប ២ ៩២១ កើនឡើង ២០,៦៥ ភាគរយបើធៀបនឹងឆ្នាំ២០២៣។ កំណើនក្រុមហ៊ុនចុះបញ្ជី គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំរបស់គ្រប់ផ្នែកពាក់ព័ន្ធ ព្រមទាំងក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការរៀបចំជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីរដ្ឋបាលខេត្ត និងប្រតិភូមកពីផ្នែកឯកជនជាច្រើន។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា៖«ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមកពីរដ្ឋបាលខេត្ត និងប្រតិភូមកពីវិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការទាក់ទាញធុរជនពីតំបន់នោះមកធ្វើធុរកិច្ចនៅកម្ពុជា និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជាសម្រាប់អតិថិជនក្នុងតំបន់ និងជម្រាបជូនពីគោលនយោបាយ ឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង»។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី២០ ខែធ្នូថា ចំណងមិត្តភាពដ៏រឹងមាំរវាងរដ្ឋាភិបាលកម្ពុជា និងចិន គឺជាកម្លាំងថាមពលដ៏ខ្លាំងក្នុងការទាក់ទាញវិនិយោគិនចិនឱ្យចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាកាន់តែច្រើន។
មានកត្តាជាច្រើនបានកំពុងលើកទឹកចិត្តវិនិយោគិនចិនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ដែលមានដូចជា ស្ថិរភាពនយោបាយ ច្បាប់វិនិយោគមានភាពអំណោយផល ពលកម្មជំនាញមានតម្លៃសមរម្យ និងជាពិសេសប្រទេសកម្ពុជាមានទីផ្សារដែលអាចនាំចេញទំនិញក្រោមរូបភាពអនុគ្រោះពន្ធទៅកាន់ប្រទេសជាច្រើន។
លោកបន្តថា កត្តាតម្លៃអចលនទ្រព្យទាបបើធៀបនឹងប្រទេសជិតខាង ក៏ជាចំណុចសំខាន់មួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគបរទេស ពិសេសជនជាតិចិន ឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកប្រាប់ទៀតថា ដោយសាររដ្ឋាភិបាលអាមេរិកថ្មី(លោក ដូណាល់ ត្រាំ) នឹងបន្ថែមសម្ពាធពន្ធគយលើទំនិញនាំចូលពីប្រទេសចិនទៅអាមេរិក កាន់តែខ្លាំងចាប់ពីដើមឆ្នាំ ២០២៥ ដូច្នេះនឹងមានក្រុមហ៊ុនចិន ឬក្រុមហ៊ុនបរទេសនៅប្រទេសចិនកាន់តែច្រើនថែមទៀតប្តូរទីតាំងចូលមកប្រទេសកម្ពុជា។
លោកបានថ្លែងថា៖«សក្តានុពលនៃទីតាំងភូមិសាស្រ្ត ព្រមទាំងកត្តាទីផ្សារនាំចេញផលិតផលទៅលក់នៅទីផ្សារអន្តរជាតិ គឺពិតជាជួយទាក់ទាញឱ្យវិនិយោគិនចិនចូលមកបើកអាជីវកម្មនៅកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ សកម្មភាពនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ក៏នឹងបន្តសញ្ញាវិជ្ជមានកាន់តែខ្លាំងផងដែរនាពេលខាងមុខ»។
លោកបន្តថា ក្រុមហ៊ុនចិនដែលចូលមកវិនិយោគនៅកម្ពុជាគឺមានស្ទើរគ្រប់វិស័យ ជាពិសេសក្នុងវិស័យវាយនភណ្ឌ អចលនទ្រព្យនិងសំណង់ កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ ចំណីអាហារ ធនធានរ៉ែ និងថាមពល ជាដើម។
តួលេខដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់សរុប ៤៩,៨៧ ពាន់លានដុល្លារ កើនឡើង ១៧,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដោយក្នុងនោះទំនិញកម្ពុជានាំទៅក្រៅប្រទេសមានចំនួន ២៣,៩៣ ពាន់លានដុល្លារ កើនឡើង ១៦,៨ ភាគរយ និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ ២៥,៩៤ ពាន់លានដុល្លារ កើនឡើង ១៧,៩ ភាគរយ។
បើផ្អែកតាម GDCE ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយមានទឹកប្រាក់សរុប ១៣,៧៦ ពាន់លានដុល្លារ កើនឡើង ២៤,២ ភាគរយ ក្នុងនោះទំនិញកម្ពុជានៅទៅប្រទេសចិន មានទឹកប្រាក់ ១,៦១ ពាន់លានដុល្លារ កើន ២២,៣ ភាគរយ ចំណែកទំនិញចិននាំចូលមកវិញ មានចំនួន ១២,១៥ ពាន់លានដុល្លារ កើនឡើង ២៤,៥ ភាគរយ។
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងជំនួបជាមួយតំណាងសមាគមលើកកម្ពស់បច្ចេកវិទ្យាគ្រប់គ្រងសេដ្ឋកិច្ចអន្តរជាតិប៉េកាំង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងអំពីការរីកលូតលាស់នៃទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលឈានដល់កម្រិតខ្ពស់បំផុត ហើយភាគីទាំងពីរបាននិងកំពុងខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។
លោក វុទ្ធី បាននិយាយថា៖«រំហូរគម្រោងវិនិយោគផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើងជាលំដាប់ក្នុងឆ្នាំខាងមុខ»។
បន្ថែមពីលើនេះ លោក ជា វុទ្ធី ក៏បានលើកឡើងអំពីសក្តានុពលដែលកម្ពុជាកំពុងមាន ដូចជា បរិយាកាស និងរបបវិនិយោគដែលមានភាពបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។
លោកអះអាងថា៖«ខ្ញុំមានសុទិដ្ឋិនិយមថា វត្តមានរបស់សហគ្រាសចិននឹងបន្តបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខសំដៅចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រីកទីផ្សារឈានឆ្ពោះសម្រេចបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភ្លឺថ្លា និងចែងចាំង»៕