វិស័យ​ទេសចរណ៍​កម្ពុជា​រំពឹង​នឹង​អាច​ស្រូប​​​ភ្ញៀវ​ជនជាតិ​ចិន ពិសេស​អ្នក​រស់នៅ​ក្នុង​​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ម៉ាកាវ​បាន​កាន់​តែ​ច្រើន បន្ទាប់​ពី​ភាគី​កម្ពុជា-​ចិន​បាន​ជួប​ពិភាក្សា​គ្នា និង​​សន្យា​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍​កម្ពុជា​ឱ្យ​​កាន់​តែ​ទូលំ​ទូលាយ។

ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី២១ ខែ​ធ្នូ ​នា​ជំនួប​ពិភាក្សា​រវាង​លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ជាមួយ​លោក Wang Haimin ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​ក្រុមហ៊ុន China Tourism Group Corporation Limited​(CTG) និង​សហការី​ដែល​ជា​អគ្គនាយក/​អគ្គ​នាយករង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក​ទីភា្នក់ងារ​ទេសចរណ៍ និង China Duty Free Shop។

ក្រសួង​ទេសចរណ៍ ​ឱ្យ​ដឹង​ថា ​ក្នុង​ជំនួប​នេះ​បាន​លើក​យក​បញ្ហា​ប្រឈម​ជាច្រើន​មក​ពិភាក្សា​គ្នា​ក្នុង​ន័យ​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​យុទ្ធសាស្រ្ត​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ ព្រម​ទាំង​រៀបចំ​កញ្ចប់​ទស្សនកិច្ច និងជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​រវាង​ភាគី​ទាំង ២ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​រដ្ឋបាល​ពិសេសហុងកុង តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ និង​តំបន់​ជុំវិញឱ្យ​មក​កម្ពុជា​កាន់​តែ​ច្រើន។

ក្រសួង​បញ្ជាក់​ថា៖​«​តាម​រយៈ​ជំនួប​ពិភាក្សា​កម្រិត​ខ្ពស់ និង​ប្រកប​ដោយ​ផ្លែផ្កា​នេះ កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍​ថ្មីៗ​និង​សំខាន់ៗ ត្រូវ​បាន​ឯកភាព​ផ្តួចផ្តើម​រួម​មាន​ការ​បង្កើត​ក្រុម​ការងារ​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​បាន​ចុះ​កន្លង​មក»។

ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា​(ខេត្ត​សៀមរាប)​ លោក អនហេង សុភ័ក្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ទោះបី​ពេល​នេះ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​មិន​មាន​ចំនួន​ច្រើន​ដូច​មុន​ឆ្នាំ​ ២០២០ ប៉ុន្តែ​ភ្ញៀវ​ជនជាតិ​ចិន​ត្រូវ​​បានគេ​​ចាត់​ទុក​ជា​ភ្ញៀវ​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា។ 

លោក​បន្ត​ថា ដោយ​សារ​ពេល​នេះ​មិន​សូវ​មាន​ជើង​ហោះហើរ​ត្រង់​ពី​ទីក្រុង​ធំៗ​ប្រទេស​ចិន ​មក​ព្រលាន​យន្តហោះអន្តរជាតិ​សៀមរាប​ ដូច្នេះ​ធ្វើ​ឱ្យ​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ជនជាតិ​ចិន​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​មុន ដោយ​ភ្ញៀវ​ចិន​ស្នាក់​នៅ​កម្ពុជា​ជាមធ្យម​ចន្លោះ​ពី ៥-៨​ថ្ងៃ។

លោក​និយាយ​ថា៖​«ជាទូទៅ​​ការ​ស្នាក់នៅ​កម្ពុជារបស់​​ភ្ញៀវ​ទេសចរ​ចិន​ គឺ​​​​យូរ​ជាង​មុន​សម័យ​កូវីដ​១៩​ ដោយ​សារ​ដំណើរ​ទេសចរណ៍​ភាគ​ច្រើន​ត្រូវ​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ បូក​ជា​មួយ​តំបន់​ប្រាសាទ​ក្នុង​ខេត្ត​សៀមរាប»។

លោក​លើក​ឡើង​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស រួម​ទាំង​ជនជាតិ​ចិន​នឹង​កើន​ឡើង​បន្ថែម​នៅ​ពេលមាន​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​កាន់​តែ​ច្រើន​។​ ជាទូទៅ​ភ្ញៀវ​ទេសចរ​ចិន​ចូល​ចិត្ត​ដើរ​ទស្សនា​រាជធានី​ភ្នំ​ពេញ​ សៀមរាប​ និងខេត្ត​​ព្រះ​សីហនុ​។

លោក​អះអាង​ថា៖​«​ខ្ញុំ​នាម​ជា​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ​ខ្ញុំ​ចង់​ឱ្យ​មាន​ការ​បង្កើន​ជើង​ហោះហើរ​រវាង​ទី​ក្រុង​សំខាន់​របស់​ប្រទេស​ចិន និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា​ឱ្យ​បាន​ច្រើន។ ជើងហោះហើរ​ត្រង់​កាន់​តែ​ច្រើន​នឹង​ជួយ​ឱ្យ​ភ្ញៀវ​នៃ​ប្រទេស​ទាំង ២ ធ្វើ​ទេសចរណ៍​ជាមួយ​គ្នា​ងាយ​ស្រួល និង​ច្រើន​ជាងមុន។​

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​យឺត ព្រម​ទាំង​វិបត្តិ​នៅ​ប្រទេស​មួយ​ចំនួន បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា។ 

កំណើន​ភ្ញៀវ​ទេសចរ គឺមិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មគ្គុទ្ទេសក៍​ទេសចរ​មាន​ការងារ និង​ទទួល​បាន​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ផ្សព្វផ្សាយ​មួយ​ដែល​អាច​ទាក់​ទាញ​ឱ្យ​ភ្ញៀវ​បរទេស​កាន់​តែ​ច្រើន​មក​កម្សាន្ត​នៅ​កម្ពុជា ដែល​ជា​ប្រទេស​មាន​ផលិតផល​ទេសចរណ៍​ជាច្រើន​ដូចជា ​វប្បធម៌ និង​អរិយធម៌​ដ៏ល្អ និង​មាន​វ័យ​ចំណាស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ 

លោក​បន្ត​ថា នៅ​ពេល​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​ល្អ​ឡើង​វិញ អ្នក​ទេសចរ​លើ​ពិភពលោក​នឹង​ចេញ​ដើរ​កម្សាន្ត​។លោក​បាន​ថ្លែង​ថា៖​«កំណើន​ភ្ញៀវ​ទេសចរ នឹង​នាំ​ចំណូល​យ៉ាង​ច្រើន​ចូល​សេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​ទាំង​មូល»។

ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ត្រូវ​បាន​ស្គាល់​ថា​ជា China Travel Services (Holdings) Hong Kong Limited ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩២៣។ បច្ចុប្បន្ន​ CTG គឺ​ជា​សហគ្រាស​រដ្ឋ​របស់​ចិន​ដែល​គ្រប់គ្រង និង​ចាត់ចែង​ផ្ទាល់​ដោយ​គណៈកម្មការ​មជ្ឈឹម​បក្ស មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហុងកុង។

ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួង​ទេសចរណ៍ ​បង្ហាញ​ថា រយៈពេល ១០ ខែ ដើម​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៥,៣៧ លាន​នាក់ កើន​ឡើង ២២ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៣ ក្នុង​នោះ​ភ្ញៀវ​មក​ពី​សាធារណរដ្ឋ​ចិន មាន​ចំនួន ៦៩១ ៧៣៦​នាក់ កើន​ឡើង ៥២,៥ ភាគរយ​។ ចំណែក​ភ្ញៀវមក​ពី​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង មាន​ចំនួន ១៣១ នាក់​ កើន​ឡើង ១៩៧,៧ ភាគរយ និង​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ មាន ៧នាក់​ កើន ៦០០ ភាគរយ។

ឆ្នាំ​២០១៩ គឺ​ជា​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត ដោយ​មាន​ចំនួន​សរុប ៦,៦១​លាន​នាក់ ក្នុង​នោះ​ជន​ជាតិ​ចិន មាន​ ២,៣៦ លាន​នាក់ កើន​ឡើង ១៦,៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨។ ដោយ​ឡែក​ភ្ញៀវ​មក​ពី​ហុងកុង គឺមាន​ចំនួន ២ ១៩១​នាក់ និង​មក​ពី​ម៉ាកាវ ២១៩ នាក់៕​