កម្ពុជា​ប្រមូល​ប្រាក់​បាន​ជិត ៨០០ លាន​ដុល្លារ​​​ពី​ការ​នាំ​ចេញ​សំបក​កង់​រថយន្ត​ទៅ​ទីផ្សារ​អន្តរជាតិ នា​រយៈពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ ដោយ​កើន​ឡើង​ជាង ១៣០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម។

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២៤ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២៥ របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ការ​នាំ​ចេញ​សំបក​កង់​រថយន្ត​​​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ទឹក​ប្រាក់​សរុប ៧៧២,៥៥ លាន​ដុល្លារ កើន​ឡើង ១៣៥,៣៤ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ ៣២៨,២៧ លាន​ដុល្លារ។ 

ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​សំបកកង់​រថយន្ត គឺ​ស្មើ​នឹង ៣,១៧ ភាគរយ​នៃ​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ២០២៤ ដែល​មាន​ចំនួន ២៤ ៣៤៨,៩៤ លាន​ដុល្លារ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី ២៣ ខែ​ធ្នូ ថា កំណើន​ទឹក​ប្រាក់​នាំ​ចេញ​សំបក​កង់​រថយន្ត​ផលិត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​ដោយ​សារ​វត្តមាន​របស់​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ម៉ាក់ល្បី​ៗ​កម្រិត​អន្តរជាតិ​កាន់​តែ​ច្រើន​ចូល​មក​បើក​រោងចក្រ​ផលិត​​នៅ​កម្ពុជា។ 

លោក​បន្ត​ថា មូលហេតុ​ដែល​ជំរុញ​​ឱ្យ​ក្រុមហ៊ុន​ទាំង​​នោះ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ការ​វិនិយោគ​នៅ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន ទាំង​កត្តា​ក្នុង​ស្រុក និង​ទីផ្សារ​នាំ​ចេញ។

លោក​ពន្យល់​ថា កត្តា​ខាង​ក្នុង គឺ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ល្អ មាន​ច្បាប់​វិនិយោគ​អំណោយផល សម្បូរ​ពលកម្ម​វ័យ​ក្មេង​និង​មាន​តម្លៃ​សមរម្យ មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ និង​ជា​ពិសេស​បរិមាណ​ជ័រកៅស៊ូ​ដែល​កម្ពុជា​ប្រមូល​បាន​គឺ​មាន​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​តម្លៃ​សមរម្យ​ទៀតផង។​ 

ចំណែក​កត្តា​ខាង​ក្រៅ គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត ឬ​ចូល​ជា​សមាជិក​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជា​ច្រើន បន្ថែម​ពី​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ទទួល​បាន​ពី​ប្រទេស​មួយ​ចំនួន។

លោក​បញ្ជាក់​ថា៖​«ទឹក​ប្រាក់​ដែល​កម្ពុជា​ប្រមូល​បាន​ពី​ការ​នាំ​ចេញ​សំបកកង់​រថយន្ត​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​​កើន​ឡើង​ច្រើន​ថែម​ទៀត​។ ចំណែក​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ក៏​កំពុង​បន្ត​ឈាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ដែរ»។

បើ​តាម​លោក លឹម ហេង ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​​ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន។​ រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង​(បាវិត) តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ និង​ក្រចេះ ជាដើម។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ បាន​និយាយ​ថា កំណើន​ទឹក​ប្រាក់​នាំ​ចេញ​សំបក​កង់​រថយន្ត ឆ្លុះបញ្ចាំង​ពី​ការ​ធ្វើ​ពិពិធកម្ម​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​ចំនួន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត​ក៏​កំពុង​កើន​ឡើង។ 

កំណើន​ទឹក​ប្រាក់​នាំ​ចេញ​សំបក​កង់​រថយន្ត គឺ​ជា​វឌ្ឍនភាព​នៃ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើកំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ និង​ការ​ចរចា​បើក​ទីផ្សារ​ជាមួយ​ប្រទេស​កាន់​តែ​ច្រើន។

លោក​​ថ្លែង​ថា៖​«ការ​នាំ​ចេញ​ផលិត​ផល​សំបក​កង់​រថយន្ត​ គឺ​ជា​ភាព​ជោគ​ជ័យ​ថ្មី​មួយ​ទៀត​ដែល​កម្ពុជា​អាច​យក​ផលិតផល​របស់​ខ្លួន​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ។ ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​ឧស្សាហកម្ម​​​មាន​កាន់​តែ​ច្រើន»។

កាល​ពី​ខែ​កញ្ញា ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ចំនួន ២ ដោយ​ ១ មាន​ទីតាំង​ស្ថិត​នៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស​ យូ ប៊ី អី ស្នួល(UBE Snuol Special Economic Zone) នៅស្រុក​ស្នួល​ ខេត្ត​ក្រចេះ និង ១ ទៀត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ក្នុង​ក្រុងបាវិត​ ខេត្ត​ស្វាយរៀង។

នៅ​ក្នុង​ពិធី​បើក​សម្ពោធ​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​របស់​ក្រុមហ៊ុន Newbustar Group នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​យូ ប៊ី អ៊ី (UBE Snuol Special Economic Zone) ក្នុង​ស្រុកស្នួល ខេត្ត​ក្រចេះ កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២៤ លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​លើ​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​នៅ​កម្ពុជា គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏ត្រឹម​ត្រូវ។

លោក​បញ្ជាក់​ថា ការ​បោះ​ទុនវិនិយោគ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នេះ គឺ​ជាការ​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូចជា​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ផ្ទាល់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​ម៉ាណែត កាលពី​ខែ​ឧសភា ធ្លាប់​បាន​ស្នើ​ឱ្យ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ទាំង​អស់ ចូល​រួម​ប្រើប្រាស់​ជ័រកៅស៊ូ​ក្នុង​ស្រុក​ធ្វើ​ជា​វត្ថុធាតុ​ដើម ដើម្បី​ចូលរួម​ជួយ​លើក​កម្ពស់​ទីផ្សារ​ផលិតផល​ក្នុង​ស្រុក។

យោង​តាម​អគ្គ​នាយកដ្ឋាន​កៅស៊ូ ក្នុង​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ កម្ពុជា​បាន​នាំចេញ​ជ័រ​កៅស៊ូ ចំនួន​ជាង ៣៤ ម៉ឺន​តោន កើន​ឡើង​ជិត ៨ ពាន់​តោន ឬស្មើនឹង ៣,១២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ ជ័រ​កៅស៊ូ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និង​ចិន។

នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ផ្ទៃដី​ដាំកៅស៊ូ​ ប្រមាណ ​៤០៧ ១៧២ ហិកតា ក្នុង​នោះ​ផ្ទៃដី​កៅស៊ូ​ចៀរជ័រ មាន​ចំនួន ៣២០ ១៨៤ ហិកតា ក្រៅ​ពី​នោះ​ជា​ដី​ទើប​ដាំ​ថ្មី មិន​ទាន់​ប្រមូល​ផល)៕