រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​សក្តានុពល​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ និង​បញ្ជា​ទិញ​ទំនិញ​ផលិត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ និង​ការ​ដាក់​ចេញ​យុទ្ធសាស្រ្ត​ថ្មីៗ ខណៈ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​ក្រីក្រ​នៅ​ត្រឹម​ចុង​ឆ្នាំ ​២០២៩ ខាងមុខ។

នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្លូវការ​លើកទី ១ ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃទី​២០ ខែ​ធ្នូ បាន​លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​ដែល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​កំពុង​មាន​ការ​វិវឌ្ឍ​ប្រែប្រួល​លឿន​បែប​នេះ គឺ​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ត្រៀម និង​រៀបចំ​ខ្លួន​ឱ្យ​បាន​រួចរាល់​ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក។

លោក​អះអាង​ថា ការ​ធ្វើ​កំណែ​ទម្រង់​គឺ​ជា​ភាព​ចាំបាច់ ដោយ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​ឯកជន ដែល​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ 

លោក​បន្ត​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​នាម​ជា​តួអង្គ​ជួរមុខ​ជួប​ផ្ទាល់​ជាមួយ​វិនិយោគិន និង​ដៃគូ​អភិវឌ្ឍន៍ គឺ​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ខិតខំ​ផ្សព្វផ្សាយ​អំពី​កាលានុវត្ត​ភាព និង​ភាព​រីកចម្រើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ទៅ​កាន់​ឆាក​អន្តរជាតិ ដែល​កំពុង​មាន​ការ​ប្រែប្រួល​ដ៏​ឆាប់​រហ័ស។

លោក​បាន​ថ្លែង​ថា៖​«ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៃ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ពិភព​លោក និង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់ ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ដែល​មាន​ភាព​ឆ្លើយតប និង​ភាព​ធន់​ខ្ពស់ ទៅ​នឹង​ការ​ផ្លាស់ប្តូរ​និម្មាបនកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ នា​ពេលអនាគត»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CDC នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​លើ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ណែនាំ​ជា​ទិសដៅ​ទៅ​ដល់ CDC ដែល​មាន​ដូចជាៈ ការ​បន្ត​អនុវត្ត​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​សហភាគី រួមមាន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋ​អាម៉េរិក និង​សហភាព​អឺរ៉ុប ក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឱ្យ​បាន ២ ដង​ក្នុង ១ ឆ្នាំ បន្ថែម​លើ​យន្តការ​វេទិកា​រាជ​រដ្ឋាភិបាល-​ផ្នែក​ឯកជន ដែល​ប្រព្រឹត្ត​ឡើង​ ១ ឆ្នាំម្តង​, សិក្សា​វាយ​តម្លៃ និង​ធ្វើ​អាទិភាវូបនីយកម្ម​សម្រាប់​លើក​ទឹក​ចិត្ត​វិនិយោគ​តាម​វិស័យ និង​ទីតាំង​ភូមិសាស្រ្ត, ការ​រៀបចំ​យន្តការ​តាម​ដានត្រួត​ពិនិត្យ​ការ​អនុវត្ត​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្រោយ​ទទួល​បាន​វិញ្ញាបនបត្រ, ការ​រៀបចំ​យន្តការ​ប្រទាក់​ក្រឡា​ធ្វើឱ្យ​មាន​សង្គតិភាព​នៃ​លំហូរ​ការងារ​វិនិយោគ​រវាង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ, ការ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា​(ប្រព័ន្ធ cdcIPM), ជំរុញ​ការ​រៀបចំ​ការ​ផ្តល់​ព័ត៌មាន​វិនិយោគ​សម្បូរ​បែប ចំគោលដៅ និង​មាន​ភាព​ទាក់ទាញ, និង​ពង្រឹង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស​សម្រាប់​ការ​ផ្តល់​សេវាជូន​វិនិយោគិន​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធភាព។

អ្នក​សេដ្ឋកិច្ច​ លោក ឌុច ដារិន្ទ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ ព្រម​ទាំង​ការ​ដាក់​ចេញ​នូវ​វិធានការណ៍​ថ្មីៗ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ទទួល​បាន​អត្រា​កំណើន​គួរ​ឱ្យ​កត់​សម្គាល់ បើទោះ​បី​សេដ្ឋកិច្ច​សកល​មិន​ទាន់​មាន​ភាព​រឹងមាំ​ក៏ដោយ​។ 

លោក​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយសារ​កំណើន​ការ​នាំចេញ​ដ៏​រឹងមាំ កំណើន​ភ្ញៀវ​ទេសចរ កំណើន​ការ​វិនិយោគ​សាធារណៈ និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ផ្នែក​ឯកជន។ កម្ពុជា​បាន​និង​កំពុង​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ព្រម​ទាំង​ពង្រឹង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន។

លោក​បន្ថែម​ថា នៅ​ឆ្នាំ​២០២៥ ខាង​មុខ​ចំនួន​ក្រុមហ៊ុន/​សហគ្រាស​ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត។

លោក​និយាយ​ថា៖​«វត្តមាន​របស់​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដូចជា មូលធន​បណ្តាក់​ទន់​ច្រើន ការ​បង្កើត​ការងារ​ច្រើន​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ និង​ជួយ​ពង្រឹង​ជំនាញ​កម្លាំង​ពលកម្ម និង​ជួញ​លើក​កម្ពស់​ស្តង់ដារ​អាជីវកម្ម​ក្នុង​ស្រុក។ លើស​ពី​នេះ ក្រុមហ៊ុន​ទាំង​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​លើក​ទឹកចិត្ត​ឱ្យ​មាន​គំនិត​ច្នៃប្រឌិត ព្រមទាំង​ជួយ​ពង្រឺង​សមត្ថភាព​ប្រកួត​ប្រជែង​ជា​សកល»។

យោង​តាម​ CDC ក្នុង​ឆ្នាំ ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ ចំនួន ៤១៤គម្រោង កើន​ឡើង ១៤៦ គម្រោង ឬស្មើ​នឹង ៥៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣។ 

ចំណែក​ទុន​វិនិយោគ មាន​ចំនួន ៦ ៩០០ លាន ដុល្លារ កើន​ឡើង ១ ៩៧៣ លាន​ដុល្លារ ឬស្មើ ៤០ ភាគ​រយ។ ៦៩ ភាគរយ​នៃ​គម្រោង​ដែល CDC បាន​អនុម័ត គឺ​ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម។

មហា​សន្និបាត​នៃ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤​ នេះ​បានអនុម័ត​សេចក្តី​សម្រេច A/៧៩/L.៤៩ សម្រាប់​ការចាកចេញ​របស់​ប្រទេស​កម្ពុជា​ពី​ក្រុមប្រទេសអភិវឌ្ឍតិចតួច ឬ LDC។ 

កម្ពុជា​នឹង​ចាក​ចេញពី​ប្រទេស​ក្រីក្រ ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០២៩ បន្ទាប់​ពី​រយៈ​ពេល​៥​ឆ្នាំ​ដែល​ផ្ដល់​ឱ្យ​សម្រាប់​ការ​ត្រៀម​ចាក​ចេញ​ដោយ​រលូន។

ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចូល​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​ប្រទេស​ក្រីក្រ​នៅ​ឆ្នាំ​១៩៩១។ ប្រទេស​ដែល​ត្រូវ​ចាក​ចេញ​ពី​ក្រុមប្រទេសអភិវឌ្ឍតិចតួច ឬ ប្រទេស​ក្រីក្រ​ជាមួយ​និង​កម្ពុជា គឺ​ប្រទេស​សេណេហ្គាល់៕