ថៃ និងវៀតណាម បានបន្តឈរលើគេក្នុងនាមជាភ្ញៀវបរទេសចូលមកប្រទេសកម្ពុជាច្រើនជាងគេ ដោយមានចំនួនជាង ៣ លាននាក់ ដែលចំនួននេះស្មើនឹងជាង ៥០ ភាគរយនៃចំនួនភ្ញៀវបរទេសសរុបចូលមកកម្ពុជាក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤។
ទិន្នន័យរបស់ក្រសួងទេសចរណ៍ដែលទើបចេញផ្សាយ បានបង្ហាញថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវបរទេសដែលចូលមកប្រទេសកម្ពុជា មានចំនួនសរុប ៦ លាននាក់ កើនឡើង ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ៤, ៩២ លាននាក់។
ក្នុងចំនួនខាងលើ គឺភ្ញៀវមកពីប្រទេសថៃ និងវៀតណាម បានគ្របដណ្តប់ ៥២ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប ដោយជនជាតិថៃ មានចំនួន ១,៩១ លាននាក់(កើន ១៥,៤ ភាគរយ) ស្មើនឹងចំណែកទីផ្សារ ៣១,៩ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប, និងវៀតណាម ១,២ លាននាក់(កើន ៣០,៨ ភាគរយ) ស្មើនឹងចំណែកទីផ្សារ ២០,១ភាគរយ។
បើតាមក្រសួងទេសចរណ៍ បន្ទាប់ពីជនជាតិថៃ និងវៀតណាម គឺជនជាតិចិន មានចំនួន ៧៦៩ ៧៧៥ នាក់ ស្មើ ១២,៨ ភាគរយ, ឡាវ ៣០៦ ៩៤៨ នាក់ ស្មើ ៥,១ ភាគរយ, អាមេរិក ១៩០ ៨៥៦ នាក់ ស្មើ ៣,៣ ភាគរយ តាមពីក្រោយដោយជនជាតិកូរ៉េ ឥណ្ឌូនេស៊ី, បារាំង ចក្រភពអង់គ្លេស និងជប៉ុន។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍នាដើមសប្តាហ៍នេះថា មូលហេតុដែលចំនួនភ្ញៀវជនជាតិថៃ និងវៀតណាម មានច្រើនជាងគេ គឺដោយសារតែប្រទេសទាំង ២ មានព្រំដែនគោក និងទឹកជាប់ជាមួយកម្ពុជា។ ទោះយ៉ាងណា បើតាមការសង្កេតរបស់លោក គឺភាគច្រើននៃភ្ញៀវជនជាតិថៃ និងវៀតណាម មិនបានធ្វើដំណើរមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋានប្រាសាទបុរាណឡើយ ដោយពួកគេចូលមកកម្ពុជាដើម្បីកិច្ចការពាណិជ្ជកម្ម ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។
លោកនិយាយថា៖«សម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរមកកម្សាន្តតាមរមណីយដ្ឋាន ពិសេសប្រាសាទបុរាណក្នុងខេត្តសៀមរាប គឺភាគច្រើនជាភ្ញៀវមកពីតំបន់អឺរ៉ុប អាមេរិក ចិន និងជប៉ុន ជាដើម ប៉ុន្តែសម្រាប់ភ្ញៀវទេសចរវៀតណាម និងថៃ គឺមិនសូវមានទេ»។
លោកប្រាប់ទៀតថា សម្រាប់មួយរយៈចុងក្រោយនេះ គឺចំនួនភ្ញៀវជនជាតិចិនដែលមកកម្សាន្តនៅខេត្តសៀមរាបហាក់មានកំណើនគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅមិនទាន់អាចធៀបនឹងចំនួនដ៏ច្រើនមុនឆ្នាំ ២០២០ ឡើយ។
លោកបានថ្លែងថា៖«ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរ យើងពិតជាចង់ឃើញភ្ញៀវទេសចរបរទេសមកដើរកម្សាន្តនៅតាមប្រាសាទបុរាណឱ្យបានច្រើន។ វិស័យទេសចរណ៍ គឺជាមុខព្រួញចំណូលដ៏សំខាន់សម្រាប់ខេត្តសៀមរាប»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) លោក ធួន ស៊ីណាន ធ្លាប់អះអាងថា ការផ្លាស់ប្តូររបៀបកត់ត្រា បានធ្វើឱ្យចំនួនភ្ញៀវមកពីប្រទេសជាប់ព្រំដែនទាំង ២ (ថៃ និងវៀតណាម) កើនឡើងយ៉ាងច្រើន ខុសពីពេលមុនដែលគេកត់តែភ្ញៀវដែលមានគោលបំណងចូលមកដើរលេងកម្សាន្ត។
លោកបន្តថា បើតាមលោកដឹង ពេលនេះគេកត់ទាំងអស់ឱ្យតែភ្ញៀវបរទេសឆ្លងចូលមកក្នុងទឹកដីកម្ពុជា ទោះពួកគេមកលេងល្បែងតាមទីតាំងជាប់ព្រំដែនក៏ដោយ។
យ៉ាងណាលោក ស៊ីណាន នៅតែបង្ហាញការស្វាគមន៍ចំពោះតួលេខនៃកំណើនភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចន្លោះពីខែមករា-ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ មានភ្ញៀវបរទេស ៨៩៨ ៣៣៩ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះគឺកើនឡើង ២៨,៣៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ចំណែកទឹកប្រាក់ដែលទទួលបាន គឺ ៤១,៩១ លានដុល្លារ កើនឡើង ២៨,៧៦ ភាគរយ៕