ក្នុង​នាម​ជា​ប្រទេស​មាន​ព្រំប្រទល់​ជាប់​គ្នា កម្ពុជា​បាន​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​វៀតណាម​ឱ្យ​បន្ត​មក​បណ្តាក់​ទុន​វិនិយោគ ឬ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន ពិសេស​លើ​ចង្វាក់​ផលិតកម្ម​ណា​ដែល​អាច​តភ្ជាប់​ជាមួយ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​ប្រទេស​វៀតណាម ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បាន​ឈាន​ដល់​ជាង ៧ ពាន់​លាន​ដុល្លារ។

នេះ​ជា​ថ្លែង​របស់​លោក ​ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-​វៀតណាម ស្តីពី​«ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ឆ្លងដែន និង​សេដ្ឋកិច្ច​ឌីជីថល» ដែល​រៀបចំ​នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម, ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​កម្ពុជា និង​សមាគម​សហព័ន្ធ​ធុរកិច្ច​វៀតណាម​-កម្ពុជា កាល​ពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ ២០២៤។

វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្ក​លក្ខណៈ​សម្រាប់​វិនិយោគិន និង​ធុរជន​កម្ពុជា និង​វៀតណាម​ក្នុង​ការ​បង្កើត​ទំនាក់ទំនង និង​បណ្តាញ ព្រមទាំង​ពិភាក្សា​ស្វែង​យល់ និង​ផ្លាស់ប្តូរ​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​សក្តានុពល និង​កាលានុវត្តភាព​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ពិសេស​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ឆ្លងដែន និង​សេដ្ឋកិច្ច​ឌីជីថល។

លោក ជា វុទ្ធី បាន​លើក​ឡើង​ថា នេះ​ជា​វេទិកា​ដែល​បើក​ឱកាស​ឱ្យមាន​ជំនួប​ផ្ទាល់​រវាង​វិនិយោគិន និង​ធុរជន​កម្ពុជា ជាមួយ​វៀតណាម ក្នុង​ន័យ​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​ឱកាស​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​មួយ​ចំនួន​ដែល​អាច​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ផលិតកម្ម​នៅ​ប្រទេស​វៀតណាម ដូចជា កសិកម្ម និង​កសិ-​ឧស្សាហកម្ម, កម្មន្ត​សាល​គ្រឿង​បង្គុំ​យានយន្ត និង​អេឡិចត្រូនិក, បច្ចេកវិទ្យា​ឌីជីថល បច្ចេកវិទ្យា​ហិរញ្ញវត្ថុ, និង​ឧស្សាហកម្ម​កម្មន្តសាល​ដទៃ​ទៀត។

លោក​បាន​ថ្លែង​ថា៖​«ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​វៀតណាម​បន្ត​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ឬ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន ជា​ពិសេស​លើ​វិស័យ​ដែល​មាន​សក្ដានុពល​ខ្ពស់​អាច​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ផលិតកម្ម​នៅ​ប្រទេស​វៀតណាម​បាន​»។​ 

លោក​បន្ត​ថា៖​«សម្រាប់​វិនិយោគិន និង​ធុរជន​ដែល​មិនទាន់​បាន​មក​វិនិយោគ​នៅ​កម្ពុជា សូម​អញ្ជើញ​មក​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​សក្តានុពល​ដ៏​សម្បូរបែប និង​កាលានុវត្តភាព​ជាច្រើន និង​រួសរាន់​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​វិនិយោគ​នៅ​កម្ពុជា»។

បន្ថែម​ពី​លើ​នេះ លោក ជា វុទ្ធី ក៏​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេទ្បិច​ត្រូនិក​ដែល​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​បរិបទ​សង្គម​នាពេល​បច្ចុប្បន្ន ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​បច្ចេកវិទ្យា​ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​ថ្លៃដើម និង​ពេលវេលា, បង្កើន​ការ​លក់ និង​ផលិតភាព ព្រម​ទាំង​លទ្ធភាព​ក្នុង​ការ​ពង្រីក​វិសាលភាព​ទីផ្សារ​បាន​លឿន​រហ័ស​ផងដែរ។

បើ​យោង​តាម CDC ក្នុង​រយៈពេល ១១ ខែ​ឆ្នាំ ២០២៤ ទំហំ​ទឹកប្រាក់​វិនិយោគ​របស់​វៀតណាម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ដោយ​មាន​ទឹកប្រាក់​សរុប ៥៥៧ លាន​ដុល្លារ។

អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម សម្រេច​បាន​ទឹកប្រាក់ ៧ ០៨៨,៣៨ ​លាន​ដុល្លារ កើន​ឡើង ២០,៦ ​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ 

ក្នុង​ចំនួន​ខាង​លើ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​វៀតណាម មាន​ចំនួន ៣ ២៩៨,០២ លាន​ដុល្លារ កើន​ឡើង ២៦,៣ ភាគរយ ចំណែក​ទំនិញ​វៀតណាម​នាំ​មក​កម្ពុជា ៣ ៧៩០,៣៦ ​លាន​ដុល្លារ កើន​ ១៦ ភាគរយ។ 

ផ្អែក​តាម​ទិន្នន័យ​នេះ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព ៤៩២,៣៤ ​លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣ មាន​ចំនួន ៦៥៥,០៥ លាន​ដុល្លារ។ វៀតណាម​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ជាង​គេ​ទី ៣ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ក្នុង​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ថា ទឹកប្រាក់​ពីការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ បានកើន​ឡើង​ជា​បន្ត​បន្ទាប់ ពិសេស​ការ​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា​ ដែល​ខុស​ប្លែក​ច្រើន​កាល​ពី​ជាង​ ១​ ទសវត្សរ៍មុន ដោយ​នៅ​ពេល​នោះ​ទឹក​ប្រាក់​ពី​ការ​នាំ​ទំនិញ​កម្ពុជា​ទៅ​វៀតណាម គឺ​មាន​តិចតួច​បំផុត​បើ​ធៀប​នឹង​ការ​នាំចូល​ដ៏ច្រើន​ពី​វៀតណាម​។ 

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​កើន​ឡើង​ខ្ពស់​ថែម​ទៀត​នៅ​ពេល​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត(ព្រំដែន​វៀតណាម)បើក​ឱ្យ​ដំណើរការ។

លោក​បាន​ពន្យល់​ថា មូលហេតុ​ដែល​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​របស់​កម្ពុជា មាន​ចំនួន​កាន់​តែ​កៀកនឹង​ទឹកប្រាក់​នាំចូល​ទំនិញ​ពី​វៀតណាម គឺភាគ​ច្រើន​បាន​មក​ពីការ​នាំ​ចេញ​ផលិតផល​កសិកម្ម​។​ 

ដោយសារ​ប្រទេស​ទាំង ២ មាន​ព្រំដែន​ជាប់គ្នា ដូច្នេះ​ទំហំ​ពាណិជ្ជកម្ម​ពិតប្រាកដ គឺ​អាច​ធំ​ជាង​តួលេខ​ផ្លូវការ​ច្រើន។

លោក​បាន​បញ្ជាក់​ថា៖​«​ក្រៅ​ពី​ពាណិជ្ជកម្ម​ទំនិញ បច្ចុប្បន្ន​ក៏​មាន​ក្រុមហ៊ុន​វៀតណាម​ជា​ច្រើន​កំពុង​បណ្តាក់​ទុន​នៅ​កម្ពុជារ ពិសេស​គម្រោង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ធនធាន​រ៉ែមួយ​ និង​ធនធាន​ធម្មជាតិ​ចំនួន»។

បើ​តាម លោក លឹម ហេង ថា ផលិត​ផល​សំខាន់ៗ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំ​ជក់ និង​ចំណែក​វៀតណាម​នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបករណ៍​អេឡិចត្រូនិក​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម។

ក្រៅ​ពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម កម្ពុជា​ក៏​ទទួល​បាន​ភ្ញៀវ​ជនជាតិ​វៀតណាម​ជាច្រើន​ផងដែរ។ ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា ចន្លោះ​ពី​ខែមករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ជនជាតិ​វៀតណាម​ចំនួន ១,២ លាន​នាក់ កើន​ឡើង ៣០,៨ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣។ វៀតណាម ស្ថិត​នៅ​លេខ២ បន្ទាប់​ពី​ប្រទេស​ថៃ ដែល​មាន​ចំនួន ១,៩១ លាន​នាក់៕