ក្រុមហ៊ុន/​សហគ្រាស​អាជីវកម្ម​ចំនួន​ជិត ១ ម៉ឺន​បាន​ទទួល​ជោគជ័យ​លើ​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម នា​រយៈ​ពេល ១១ ខែ​ឆ្នាំ ​២០២៤ ដោយ​ធ្លាក់​ចុះ​ជិត ២០ ភាគរយ​បើធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ប៉ុន្តែ​សម្រាប់​ចំនួន​ក្រុមហ៊ុន​ដែល​ស្នើ​សុំ​លុប​ឈ្មោះចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម​បែរ​ជា​កើន​ឡើង​ជាង ៣០​ ភាគរយ។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ មាន​ក្រុមហ៊ុន/​សហគ្រាស​ចំនួន ៩ ៥៣០ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ដោយ​ចំនួន​នេះ​ថយចុះ ១៧,១៧​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ១១ ៥០៦។ 

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ គឺ​ក្រុមហ៊ុន​មូលធន​(ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត) មាន​ចំនួន ៤ ៧២៥ កើន​ឡើង ៨ ភាគរយ, ក្រុមហ៊ុន​ពាណិជ្ជ​កម្មបរទេស ៥៤ ថយ​ចុះ ១៦,៩២ ភាគរយ, សហគ្រាស​ឯក​បុគ្គល ៤ ៧៥០ ថយចុះ ៣២,៧៧ ភាគរយ និង​ក្រុមហ៊ុន​សហកម្ម​សិទ្ធិ ចំនួន ១។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ក្រុមហ៊ុន/​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ថ្មី ក៏​មាន​ក្រុមហ៊ុន/​សហគ្រាស ចំនួន ១ ២៨៤ បាន​ស្នើ​សុំ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម​ផងដែរ ដោយ​កើន​ឡើង​ពី ៩៦៧ ក្រុមហ៊ុន ឬ​ស្មើ​នឹង ៣២,៧៨ ភាគរយ។

ប្រធាន​សមាគម​បច្ចេក​វិទ្យា​ឌីជីថល នៃកម្ពុជា លោក ឈិន កេន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី​២៥ ខែ​ធ្នូ ថា ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​/សហគ្រាស គឺ​ជា​ការ​បំពេញ​កាតព្វកិច្ច​របស់​ម្ចាស់​អាជីវកម្ម​គ្រប់​រូប។ 

ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​ គឺ​ដោយ​សារ​តែ​ម្ចាស់​អាជីវកម្ម​បាន​ប្រមើល​មើល​ឃើញ​អាជីវកម្ម​របស់​ខ្លួន​នឹង​បោះ​ជំហាន​ទៅ​មុខ​កាន់តែ​ល្អ និង​ចង់​ឱ្យ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់។

ទាក់​ទង​នឹង​ការ​លុប​ឈ្មោះ​ក្រុមហ៊ុន​ លោក ឈិន កេន បាន​អះអាង​ថា អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ក្រុមហ៊ុន ជម្លោះ​រវាង​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន ឬ​ការ​ផ្លាស់​ប្តូរ​ប្រភេទ​អាជីវកម្ម។

លោក​និយាយ​ថា៖​«​នេះ​ជា​និន្នាការ​សកល​ដែល​កើត​មាន​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក។ នៅ​ពេល​តម្រូវការ​ទីផ្សារ​មាន​និន្នាការ​ទៅ​រក​វិស័យ​/ផ្នែក​ណាមួយ ម្ចាស់​អាជីវកម្ម​អាច​បិទអាជីវកម្ម​ដែល​ជួប​បញ្ហា ហើយ​ទៅ​បើក​អាជីវកម្ម​ថ្មី​ដែល​ស្រប​តាម​តម្រូវការ​ទីផ្សារ»។

លោក​លើក​ឡើង​ទៀត​ថា ស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​តែង​មាន​ទំនាក់​ទំនង​ជា​មួយ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ដូច្នេះ​នៅ​ពេល​​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​ល្អប្រសើរ​ ចំនួន​ក្រុមហ៊ុន/​សហគ្រាស​អាជីវកម្ម​ថ្មី ក៏​នឹង​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ 

ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​សម្រប​សម្រួល​បង្កើត​ឱ្យ​មាន​នីតិវិធីចុះ​បញ្ជី​ក្រុមហ៊ុន/​សហគ្រាស​ តាម​ប្រព័ន្ធ​អនឡាញ កំពុង​ក្លាយ​ជា​ចំណែក​​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​បើក​អាជីវកម្ម​នៅ​កម្ពុជា​កាន់​តែ​ច្រើន។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​និយាយ​ថា ចំនួន​នៃ​ក្រុមហ៊ុន​ចុះ​បញ្ជី​អាជីវកម្ម​ថយចុះ ស្រប​ពេល​ការ​សុំ​លុប​ឈ្មោះ​កើន​ឡើង គឺ​អាច​ដោយសារ​តែ​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ជិត ១ឆ្នាំ​មក​នេះ មាន​ជួប​បញ្ហា​ច្រើន។ 

បច្ចុប្បន្ន​អាជីវកម្ម​ស្រប​ច្បាប់​នៅ​កម្ពុជា​ជា​ច្រើន បាន​ជួប​បញ្ហា​ដោយ​សារ​តែ​អាជីវកម្ម​ដែល​មិន​បាន​ចុះ​បញ្ជី។ លោក​បន្ត​ថា យោង​តាម​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​ពិភពលោក កាល​ពី​ឆ្នាំ ២០២៣ បាន​រក​ឃើញ​ថា បញ្ហា​ចម្បង​សម្រាប់​ការ​បើក​អាជីវកម្ម​នៅ​កម្ពុជា​ គឺ​ការ​ប្រឈម​នឹង​អាជីវកម្ម​ជា​ច្រើន​ដែល​មិន​មាន​ចុះ​បញ្ជី​តាម​ផ្លូវ​ច្បាប់។ ៧៨​ភាគរយ​ គឺ​ជា​អាជីវកម្ម​ដែល​មិន​មាន​ចុះ​បញ្ជី។​

លោក​អះអាង​ថា៖​«​បញ្ហា​ប្រឈម​មួយ​សម្រាប់​សេដ្ឋកិច្ច​នៅ​កម្ពុជា​ គឺ​មាន​អាជីវកម្ម​មិន​ផ្លូវការ​(មិន​បាន​ចុះ​បញ្ជី) ជា​ច្រើន​ ដែល​នេះ​មាន​ន័យ​ថា​អាជីវកម្ម​មិន​ផ្លូវការ អាច​ផ្តល់​ផលិតផល និង​សេវាកម្ម​នៅ​ក្នុង​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី និង​គោរព​ច្បាប់។ អាជីវកម្ម​មិន​បាន​ចុះ​បញ្ជី បាន​បង្កើត​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ដែល​មិន​ស្មើភាព»។