លក្ខខណ្ឌ​អាកាស​ធាតុ​ក្តៅ​ខ្លាំង និង​អូសបន្លាយ​យូរ បាន​ធ្វើ​ឱ្យ​ការ​ប្រមូល​ផល​ម្រេច​កំពត​ក្នុង​ឆ្នាំ​២០២៤ សម្រេចបាន​ចន្លោះ​ពី ៣០-​៤០ តោន ​​ធ្លាក់ចុះ​ក្នុង​រង្វង់ ៦០​-៧០​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣។ នេះ​បើ​តាម​ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត។

«ម្រេចកំពត»​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​ចុះ​បញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្រ្ត​(GI) កាល​ពី​ខែ​មេសា ឆ្នាំ​២០១០។ ការ​ចុះ​បញ្ជី​ជា​ផលិត​ផល​ GI បាន​ជួយ​ឱ្យ​ម្រេច​កំពត ​មាន​ទីផ្សារ​កាន់​តែ​ធំ និង​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង​ផលិតផល​ម្រេច​ធម្មតា។ 

ជា​ទូទៅ​ការ​ប្រមូល​ផល​ម្រេច​កំពត​ ធ្វើ​ឡើង​ចន្លោះ​ពី​ខែមករា ដល់​ខែ​កក្កដា នៃ​ឆ្នាំ​នីមួយ​ៗ ដោយ​អាស្រ័យលើ​អាកាស​ធាតុ។

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ថា អាកាសធាតុ​ក្តៅ និង​ការ​រាំង​ភ្លៀង​រយៈ​ពេល​យូរ បាន​ធ្វើ​ឱ្យ​ដើម​ម្រេច​មួយ​ចំនួន​ត្រូវ​ងាប់ និង​មួយ​ចំនួន​ទៀត​ផ្តល់​ទិន្នផល​តិច​តួច​។ 

ការណ៍​នេះ​ធ្វើ​ឱ្យ​ការ​ប្រមូល​ផល​ ក្នុង​ឆ្នាំ ២០២៤ ​នេះ​សម្រេច​បាន​ក្នុង​រង្វង់​ប្រហែល​ពី ៣០-៤០​ តោន​ ដែល​ខុស​ឆ្ងាយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ ដែល​មាន​ប្រហែលពី ១២០-១៣០ តោន។

លោក​និយាយ​ថា៖​«កត្តា​អាកាស​ធាតុ​បាន​ធ្វើ​ឱ្យ​ទិន្នផល​ម្រេច​កំពត​ក្នុង​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ច្រើន ប៉ុន្តែ​សម្រាប់​ការ​បញ្ជា​ទិញ​គឺ​មាន​ច្រើន​ជា​ប្រចាំ គ្រាន់តែ​យើង​មិន​មាន​ទំនិញ​សម្រាប់​ផ្គត់​ផ្គង់​ឱ្យ​គេ»។

លោក​ប្រាប់​ទៀត​ថា ក្រៅ​ពី​កត្តា​អាកាស​ធាតុ ការ​ធ្លាក់​ចុះ​ទិន្នផល​នេះ​ក៏​ដោយសារ​ទំហំ​ផ្ទៃដី​ដាំដុះ និង​កម្លាំង​ពលកម្ម​ធ្លាក់​ចុះ។ កាល​ពី​មុន​នៅ​ខេត្ត​កំពត​មាន​ផ្ទៃដី​ដាំម្រេច​ប្រហែល​ ២៩០ ​ហិកតា និង​មាន​កសិករ​ប្រមាណ ៤៦០គ្រួសារ ប៉ុន្តែ​ពេល​នេះ​ដី​ដាំម្រេច នៅ​សល់​ប្រហែល​ ២៤០ ហិកតា និង​មាន​ប្រជាកសិករ​​ប្រហែល​ ២០០ គ្រួសារ​។ ជា​មធ្យមដី ១ ​ហិកតា​គេ​អាច​ដាំ​ម្រេច​បាន​ប្រហែល ២ ៥០០ ​គុម្ព​។

លោក​បន្ថែម​ថា​៖​«ដី​ដាំ​ម្រេច​នៅ​ខេត្ត​កំពត គឺ​មិន​មាន​ការ​អភិរក្ស​ដូចដី​ស្រែអំបិល​ឡើយ ដោយ​ម្ចាស់​ដី​នីមួយៗ​អាច​ធ្វើការ​ទិញ​លក់ និង​ប្រែក្លាយ​យក​ធ្វើ​អ្វីក៏បាន​»។

ទាក់​ទង​នឹង​តម្លៃ​ លោក ងួន ឡាយ​ បាន​ប្រាប់​ថា រយៈ​ពេល​ជិត​ ១០​ឆ្នាំមក​ហើយ​ដែល​តម្លៃ​​ម្រេច​កំពត​​(GI) ​មិន​មាន​ការ​ប្រែប្រួល​ ដោយ​ម្រេចខ្មៅ​មាន​តម្លៃ ១៥ ​ដុល្លារ​ក្នុង​ ១​ គីឡូក្រាម​, ម្រេច​ក្រហម ២៥ ​ដុល្លារ និង​ម្រេចស តម្លៃ ២៨ ​ដុល្លារ។ 

ប៉ុន្តែ​សម្រាប់​ឆ្នាំ ​២០២៤ នេះ​តម្លៃបាន​កើន​ឡើង​បន្តិច ដោយ​ម្រេចខ្មៅ​ មាន​តម្លៃ ១៨ ​ដុល្លារ, ម្រេច​ក្រហម ២៨ ​ដុល្លារ និង​ម្រេចស តម្លៃ ៣១ ​ដុល្លារ។

ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត លើក​ឡើង​ទៀត​ថា ទន្ទឹមនឹង​ការ​កើន​ឡើង​តម្លៃ​​ ផលិតផល​ម្រេច GI នេះ​ក៏​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​បរិមាណ​កាន់​តែ​ច្រើន​ផងដែរ ព្រោះ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​ការ​បោះ​បង់​មុខរបរ​នេះ​កាន់​តែ​ច្រើន។ ​

ដើមម្រេច​ដែល​ងាប់​ មាន​មួយ​ចំនួន​មិន​ត្រូវបាន​ដាំដុះ​ឡើង​វិញ​ឡើយ​។

លោក​និយាយ​ថា៖​«​កត្តា​អាកាស​ធាតុ​បាន​ធ្វើ​ម្ចាស់​ចម្ការ​មួយ​ចំនួន​ងាក​ទៅ​ចាប់​យក​មុខ​របរផ្សេង​វិញ ព្រោះ​ពួក​គេ​មិន​ចង់​ប្រថុយ​យក​ប្រាក់​ទៅ​វិនិយោគ​លើ​ការ​ដាំកូន​ម្រេច​ឡើង​វិញ»។

លោក​ពន្យល់​ថា ដើម​ម្រេច​ចាប់​ពី​ដាំរហូត​ដល់​ផ្តល់​ផល គឺ​ត្រូវ​ការ​ពេល​ ៣ ឆ្នាំ ហើយ​បើ​គិត​ពី​ការ​ចំណាយ​ក្នុង​ការ​ទិញ​កូន​ម្រេច ជន្លង(បង្គោល) និង​ការ​ថែទាំ​រហូត​ទទួលផល គឺ​ប្រហែល ៥០​ដុល្លារ ក្នុង ១​ដើម។

កសិករ​ដាំម្រេច​នៅ​ខេត្ត​កំពត ប្រមាណ​ជាង ៣០០ គុម្ភ លោក​ ពៅ ភត បាន​និយាយ​ថា អាកាស​ធាតុ​ក្តៅ​ក្នុង​ឆ្នាំ ២០២៤ ​បាន​ធ្វើ​ឱ្យ​ការ​ប្រមូល​ផល​ម្រេច​ធ្លាក់​ចុះ​យ៉ាង​ច្រើន ហើយ​ក៏​មាន​ដើម​ម្រេច​ជា​ច្រើន​ត្រូវ​ងាប់​ផងដែរ។

លោក​បាន​ថ្លែ​ង​ថា៖​«​ទិន្នផល​ម្រេច​កំពត​ ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ​២០២៤ ​​បាន​ធ្លាក់​ចុះ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​២០២៣​ ហើយ​នៅ​ឆ្នាំ​២០២៥ ខាង​មុខ​អាច​នឹង​ធ្លាក់​ចុះ​ទៀត​ ព្រោះមិនសូវ​មាន​អ្នក​ដាំ​ច្រើន​ដូច​ពេល​មុន»។