
ប្រភេទខ្លះនៃរូបិយវត្ថុគ្រីបតូ។ រូបថត World Economic Forum
ធនាគារជាតិនៃកម្ពុជាអនុញ្ញាតឲ្យធនាគារពាណិជ្ជ និង គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់នៅកម្ពុជា ផ្ដល់សេវាទ្រព្យសកម្មគ្រីបតូ (Crypto asset) ក្រុម១ ដែលជាប្រភេទគ្រីបតូមានការធានា ឬមានយន្តការស្ថិរភាព។ ប៉ុន្តែគ្រីបតូដែលមិនមានការធានា ដូចជា Bitcoin ដ៏ពេញនិយម មិនត្រូវបានអនុញ្ញាតនោះទេ។
ការអនុញ្ញាតនេះ ធ្វើឡើងនៅក្នុងប្រកាសស្ដីពីប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយដោយធនាគារជាតិនៅថ្ងៃទី២៧ ខែធ្នូនេះ ដែលប្រកាសនេះធ្វើឡើងដើម្បីគ្រប់គ្រងប្រតិបត្តិការនិងអាជីវកម្មពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថលនេះ។
គ្រីបតូ គឺជាតម្លៃឌីជីថល ឬជាលុយឌីជីថល ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្ដាល ប៉ុន្តែ ជាប្រតិបត្តិការនៅតាមប្រព័ន្ធកុំព្យូទ័រឈ្មោះថា blockchain និងជាការវិវត្តចុងក្រោយនៃរូបិយប័ណ្ណដែលប្រទេសជាច្រើនកំពុងប្រើប្រាស់។
ទ្រព្យសកម្មគ្រីបតូអាចត្រូវបានប្រើប្រាស់ដើម្បីជួញដូរ ផ្ទេរ និងប្រើប្រាស់សម្រាប់ការទូទាត់ វិនិយោគទំនិញ និងសេវា តាមប្រព័ន្ធឌីជីថល។ ការអនុញ្ញាតឲ្យមានប្រតិបត្តិការលុយឌីជីថលនេះ ធ្វើឡើងដើម្បីដើរឲ្យទាន់ការវិវត្តនៃប្រព័ន្ធហិរញ្ញវត្ថុនៅលើពិភពលោក។
រាល់ធនាគារពាណិជ្ជ ដែលមានបំណងធ្វើប្រតិបត្តិការ ឬ ផ្ដល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក៏ដូចជាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ត្រូវស្នើសុំធ្វើប្រតិបត្តិការ និង ផ្ដល់សេវាគ្រីបតូណាមួយ ឬច្រើន ទៅធនាគារជាតិដោយផ្អែកលើលក្ខខណ្ឌនានាដែលមានចែងនៅក្នងប្រកាសដដែល។
គ្រឹះស្ថានផ្ដល់សេវាទ្រព្យសកម្មគ្រីបតូ អាចផ្ដល់សេវានានាដូចជា ការប្ដូរទ្រព្យសកម្មគ្រីបតូទៅជារូបិយវត្ថុណាមួយ ឬប្ដូរត្រឡប់ពីរូបិយវត្ថុទៅជាទ្រព្យសកម្មគ្រីបតូ, ការផ្ទេរទ្រព្យសកម្មគ្រីបតូពីអាខោនមួយទៅអាខោនមួយទៀត និងការរក្សាទុកទ្រព្យសកម្មគ្រីបតូ។ ប៉ុន្តែ គ្រឹះស្ថានទាំងអស់មិនអាចដកទ្រព្យសកម្មរបស់អតិថិជនរបស់ខ្លួនទៅប្រើប្រាស់បានទេ។
ចាប់តាំងពីដើមរៀងមក កម្ពុជាបានហាមឃាត់ការធ្វើប្រតិបត្តិការ ឬ ចរាចររូបិយវត្ថុគ្រីបតូ ដោយមើលឃើញពីហានិភ័យខ្ពស់ក្នុងការប្រើប្រាស់រូបិយវត្ថុបែបនេះសម្រាប់សកម្មភាពខុសច្បាប់របស់ឧក្រិដ្ឋជន ដូចជាការសម្អាតប្រាក់ ការឆបោក និងសកម្មភាពក្នុងទីផ្សារងងឹតផ្សេងៗ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា រូបិយប័ណ្ណគ្រីបតូកំពុងពេញនិយមនៅប្រទេសជាច្រើននៅលើពិភពលោក។
ក្រៅពីការប្រើប្រាស់សម្រាប់ទូទាត់ គ្រីបតូក៏ត្រូវបានប្រើប្រាស់ដើម្បីជួញដូរស្រដៀងទៅនឹងការលេងភាគហ៊ុនផងដែរ ដោយសារតែតម្លៃរបស់វាមានការប្រែប្រួលលឿន ជាពិសេសប្រភេទគ្រីបតូដែលមិនមានការធានា (unbacked)។
យ៉ាងណាក៏ដោយ លោកថា រូបិយវត្ថុគ្រីបតូ មិនសូវជាមានគុណសម្បត្តិច្រើនសម្រាប់សេដ្ឋកិច្ចជាតិទេ ដោយសារតែវាជាប្រព័ន្ធឌីជីថលពិបាកគ្រប់គ្រង មិនដឹងម្ចាស់នៅទីណា ហើយការបង់ពន្ធក៏មានការពិបាក។ ប៉ុន្តែ ធនាគារពាណិជ្ជឬគ្រឹះស្ថានផ្ដល់សេវាទ្រព្យសកម្មគ្រីបតូ អាចទទួលកម្រៃពីអ្នកប្រើប្រាស់។
ខ្លឹមសារលម្អិតនៃប្រកាសស្ដីពីប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ អាចរកឃើញតាមរយៈ តំណភ្ជាប់នេះ