ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់កម្ចីនិងជំនួយឥតសំណងដល់កម្ពុជាក្នុងទឹកប្រាក់សរុប ១៧៣លានដុល្លារ ដើម្បីពន្លឿនការគ្រប់គ្រងធនធានទឹកដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី៣ ខែធ្នូនេះ។
ទឹកប្រាក់ទាំងនេះត្រូវបានបែងចែកជាពីរគម្រោង ដែលក្នុងនោះ ទឹកប្រាក់ ៨៨លានដុល្លារស្ថិតនៅក្នុងគម្រោងគ្រប់គ្រងធនធានទឹករួម ដែលផ្ដោតគោលដៅលើអាងទឹកទន្លេសាប នៅខេត្តបាត់ដំបង និង ពោធិ៍សាត់។ គម្រោងនេះនឹងពង្រឹងការគ្រប់គ្រងទឹកដែលមិនប៉ះពាល់បរិស្ថាន និងបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ។
ទឹកប្រាក់នេះក៏បូករួមទាំងជំនួយឥតសំណងក្នុងទឹកប្រាក់ ៤,៣លានដុល្លារផងដែរ ដើម្បីពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងទឹកដែលធន់នឹងបម្រែបម្រួលអាកាសធាតុ។
ចំណែកកម្ចីដែលមានទឹកប្រាក់ ៨៥លានដុល្លារទៀត នឹងប្រើប្រាស់សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងដល់កសិកម្មមានប្រព័ន្ធធារាសាស្ត្រ ដែលនឹងគាំទ្រក្រសួងធនធានទឹក និងឧតុនិយមក្នុងការធ្វើប្រសើរឡើងដល់ការប្រសិទ្ធផលនៃការចែកចាយទឹកនិងភាពធន់នឹងអាកាសធាតុនៅតាមប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងតាកែវ ក៏ដូចជាគាំទ្រដល់ការងារពាក់ព័ន្ធនឹងធនធានទឹក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
អ្នកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា៖ «ធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រកម្ពុជាក្នុងការកសាងភាពធន់នឹងបញ្ហាប្រឈមបណ្ដាលមកពីអាកាសធាតុ និងធានាដល់ការគ្រប់គ្រងទឹកដោយនិរន្តរភាព។
គម្រោងទាំងពីរនេះនឹងធ្វើទំនើបកម្មទៅលើធារាសាស្ត្រសំខាន់ៗ និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ដែលជួបហានិភ័យទឹកជំនន់និងគ្រោះរាំងស្ងួត។ គម្រោងទាំងនេះក៏វិនិយោគទៅលើការការពារសហគមន៍ និងប្រព័ន្ធអេកូឡូស៊ីផងដែរ»។
អ្នកស្រីបន្តថា៖ «គម្រោងទាំងនេះនឹងជួយដល់កសិករទៅលើការអនុវត្តប្រព័ន្ធធារាសាស្ត្រស្របតាមអាកាសធាតុ ដើម្បីរក្សាជីវភាពរបស់ពួកគេ ធ្វើឲ្យប្រសើរឡើងដល់ផលិតកម្មអាហារ និងពង្រឹងសន្តិសុខស្បៀង។ ធនាគារអភិវឌ្ឍន៍អាស៊ីមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយកម្ពុជាដើម្បីដោះស្រាយតម្រូវការចាំបាច់បន្ទាន់នេះ និងបង្កើតបានជាគ្រឹះសម្រាប់អនាគតប្រកបដោយភាពធន»។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី ទឹកជំនន់ជាញឹកញាប់នារដូវវស្សាប៉ះពាល់ដល់ពលរដ្ឋ ៤លាននាក់ ដែលធ្វើឲ្យខាតបង់ថវិកាប្រចាំឆ្នាំប្រមាណ ២៥០លានដុល្លារ ពោលគឺជាង ១ភាគរយនៃផលិតផលក្នុងស្រុកសរុប៕