ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៥ តទៅជាអាទិភាព គឺរោងចក្រផលិតសម្រាប់ការនាំចេញទំនិញទៅទីផ្សារអន្តរជាតិអាចស្នើសុំវិញ្ញាបនបត្រថាមពលស្អាត(Renewable Energy Certificate) ពីអគ្គិសនីកម្ពុជា (EDC) ដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនទៅទីផ្សារពិភពលោក ជាពិសេសទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
តាមរយៈវីដូអូ ឃ្លីប ដែលបង្ហោះនៅលើបណ្តាញសង្គម«ហ្វេសបុក»ផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល កាលពីចុងសប្តាហ៍មុន លោក កែវ រតន រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ប្រសិនបើគិតពីអនុភាពដំឡើងនៃប្រភពថាមពលអគ្គិសនី បច្ចុប្បន្នប្រទេសកម្ពុជាមានប្រភពថាមពលកកើតឡើងវិញប្រមាណជាង ៦០ ភាគរយរួចហើយ។
ចំនួននេះបើក្រឡេកមើលទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន គឺកម្ពុជា ឈរនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសឡាវ ក្នុងការផលិតថាមពលស្អាត ហើយថាមពលភាគច្រើនលើសលប់នៅក្នុងប្រព័ន្ធបណ្តាញជាតិ គឺជាថាមពលស្អាត និងជាថាមពលកកើតឡើងវិញ។ លោកបន្តថា នេះពិតជាមោទនភាពចំពោះសមិទ្ធិផលនេះដែលសម្រេចបាន ហើយនេះជាហេតុផលដែលយើងចង់ពង្រីកអត្ថប្រយោជន៍នេះជូនដល់អ្នកអ្នកប្រើប្រាស់គ្រប់រូប។
លោកបានថ្លែងថា៖«យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ឬ ហៅថា Renewable Energy Certificate -RECs ដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តរបស់កម្ពុជា ដើម្បីបំពេញតាមស្តង់ដាបរិស្ថានអន្តរជាតិ និងជួយឧស្សាហកម្មបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលបញ្ចេញកាបូនទាប និងអាចតាមដានបាននូវការផ្គត់ផ្គង់អគ្គិសនីដែលស្អាតដែលជាលក្ខខណ្ឌតម្រូវនៃទីផ្សារពិភពលោក»។
លោកបន្ថែមថា វិញ្ញាបនបត្រថាមពលកកើតឡើងវិញដែលក្រសួងបាននិងកំពុងរៀបចំនេះ នឹងផ្តល់ជូនអ្នកប្រើប្រាស់អគ្គិសនីនូវមធ្យោបាយជាក់ស្តែង ដើម្បីរួមចំណែកដល់ដំណើរការនៃអន្តរកាលថាមពលកកើតឡើងវិញនៅកម្ពុជា។ រាល់វិញ្ញាបនបត្រថាមពលកកើតឡើងវិញនឹងបញ្ជាក់ថា អគ្គិសនីមួយមេហ្គាវ៉ាត់ម៉ោងត្រូវបានផលិតចេញពីប្រភពថាមពលកកើតឡើងវិញ ហើយបានបញ្ជូនទៅក្នុងប្រព័ន្ធបណ្តាញអគ្គិសនីជាតិ។
ឈរលើមូលដ្ឋាននៃការរៀបចំប្រកបដោយតម្លាភាព និងគណនេយ្យភាព។ វិញ្ញាបនបត្រថាមពលកកើតឡើងវិញនេះ នឹងផ្តល់នូវយន្តការដែលអាចទុកចិត្តបានសម្រាប់គ្រប់អាជីវកម្មទាំងអស់ ដើម្បីបង្ហាញពីការគាំទ្រ និងឆន្ទៈរបស់ពួកគេក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ។
លោកបានបញ្ជាក់ថា៖«ដើម្បីអនុវត្តយន្តការនេះបានអគ្គិសនីកម្ពុជា(EDC) នឹងដើរតួនាទីជាអ្នកទិញតែមួយគត់សម្រាប់យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ដែលសមស្របនឹងលក្ខខណ្ឌទីផ្សាររបស់កម្ពុជានាពេលបច្ចុប្បន្ន។ តាមរយៈយន្តការនេះ អ្នកប្រើប្រាស់អគ្គិសនីអាចទិញវិញ្ញាបនបត្រថាមពលកកើតឡើងវិញ រួមជាមួយនឹងការប្រើប្រាស់អគ្គិសនីរបស់ពួកគេ ដែលផ្តល់ឱ្យគ្រប់អាជីវកម្មទាំងអស់នូវវិធីសាស្ត្រមួយ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ សម្រាប់ការផលិតថាមពលកកើតឡើងវិញ និងបន្ស៊ីនឹងការប្រើប្រាស់ថាមពលរបស់ពួកគេឱ្យស្របនឹងគោលដៅបរិស្ថាន»។
ទាក់ទងនឹងការកំណត់ថ្លៃ លោករដ្ឋមន្ត្រី បានអះអាងថា នឹងត្រូវរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ខណៈក្រសួងរ៉ែ និងថាមពល នឹងពិនិត្យមើលជារួម ទាំងភាពអនុលោម និងទាំងលើការកំណត់យន្តការអនុវត្តវិញ្ញាបនបត្រថាមពលកកើតឡើងវិញទាំងមូល។
លោកប្រាប់ទៀតថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាចុះកិច្ចព្រមព្រៀងទិញ-លក់ថាមពល ជាមួយអ្នកផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ យើងបានកំណត់យ៉ាងច្បាស់អំពីការផលិតថាមពល និងអត្ថប្រយោជន៍បរិស្ថានដែលពាក់ព័ន្ធ ជាពិសេសវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ក៏ជាផ្នែកនៃកិច្ចព្រមព្រៀងនេះផងដែរ។
ការណ៍នេះ មានន័យថា ថាមពលកកើតឡើងវិញដែលបានផលិតនឹងត្រូវបានផ្តល់តម្លៃយ៉ាងពេញលេញដែលបានបង្កើតទាំងការទទួលខុសត្រូវ និងការលើកទឹកចិត្តមួយ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍថាមពលស្អាតបន្ថែមទៀតក្នុងប្រព័ន្ធបណ្តាញជាតិ។ វាគឺជាវិធីសាស្ត្រជាក់ស្តែង មានតម្លាភាពដែលនឹងជួយពង្រឹងផលបត្រថាមពលកកើតឡើងវិញរបស់កម្ពុជា។
លោកបានថ្លែងថា៖«សម្រាប់វិស័យឧស្សាហកម្មវិញ យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញនេះ គឺជាឱកាសដ៏ល្អប្រសើរមួយ ដែលស្របតាមការចង់បានរបស់អ្នកបញ្ជាទិញពីបរទេស ទីផ្សារអន្តរជាតិ មានដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្កើនតម្រូវការឱ្យបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងលើការងារចីរភាពបណ្តាញរោងចក្រ ឧស្សាហកម្ម ហើយវិញ្ញាបនបត្រថាមពលកកើតឡើងវិញនេះ នឹងផ្តល់នូវការគាំទ្រដល់អន្តរកាលថាមពលកកើតឡើងវិញសម្រាប់ការផលិតថាមពលអគ្គិសនី និងស្របតាមស្តង់ដានៃការរាយការណ៍បរិស្ថាន ផងដែរ»។
លោក កែវ រតនៈ បានបញ្ជាក់ថា៖«យន្តការនេះ ក៏នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនីអាចបំពេញតម្រូវការ អាចរក្សាភាពបត់បែន នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបាន។ មិនថាអ្នកបានដំឡើងប្រព័ន្ធថាមពលកកើតឡើងវិញនៅទីតាំងរបស់អ្នកផ្ទាល់ ឬទេ គឺវិញ្ញាបនបត្រថាមពលកកើតឡើងវិញនឹងផ្តល់នូវយន្តការមួយ ដើម្បីគាំទ្រដល់ថាមពលស្អាតភ្លាមៗ ដោយមិនចាំបាច់ធ្វើការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធចម្បងៗនោះទេ»។
លោកបន្ថែមថា៖«រាល់ការទិញវិញ្ញាបនបត្រថាមពលកកើតឡើងវិញនីមួយៗ នឹងជួយគាំទ្រវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា តាមរយៈការបង្កើនការវិនិយោគធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា និងលើកកម្ពស់ជំនាញក្នុងប្រទេសផងដែរ។
លោកបានពន្យល់ថា លើសពីនេះទៀត តម្លាភាពនៃយន្តការវិញ្ញាបនបត្រនេះ នឹងធានាជូនអ្នកប្រើប្រាស់នូវក្របខណ្ឌការងារមួយដែលអាចធ្វើការតាមដាន និងរាយការណ៍អំពីការប្រើប្រាស់ថាមពលបានដែលនឹងជួយបង្កើនការទុកចិត្តពីសំណាក់អតិថិជន ដៃគូសហការ និងអ្នកពាក់ព័ន្ធ ដូច្នេះការងារអាទិភាពរបស់យើងគឺត្រូវកំណត់ទិសដៅការងារឱ្យបានច្បាស់លាស់ និងអាចជឿទុកចិត្តបានសម្រាប់អ្នកដែលពឹងផ្អែកលើប្រព័ន្ធវិញ្ញាបនបត្រថាមពលកកើតឡើងវិញនេះ។
លោកបានអះអាងថា ផ្អែកលើការទាមទារឱ្យមានដំណើរការប្រកបដោយតម្លាភាព និងការធានាបាននូវអត្ថប្រយោជន៍ដោយស្មើភាព និងយុត្តិធម៌ យើងអាចបង្កើតលទ្ធផលឈ្នះ ឈ្នះ ពិតប្រាកដបាន ហើយវិនិយោគិននឹងទទួលបាននូវទំនុកចិត្តអាជីវកម្ម និងឃើញនូវផលចំណេញជាក់ស្តែង។
ម្យ៉ាងទៀត ប្រជាជនរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធថាមពលដែលមានសន្តិសុខ និងត្រៀមរួចជាស្រេចសម្រាប់អនាគត។ ប្រព័ន្ធនេះអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និតជាមួយភាគីពាក់ព័ន្ធទាំងអស់។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែលបច្ចុប្បន្នមានដៃគូវិនិយោគជាច្រើន និងកំពុងសិក្សាពីទីតាំង និងលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣០ ខែធ្នូ ថា ថាមពលអគ្គិសនី គឺមានភាពចាំបាច់ណាស់សម្រាប់គ្រប់សកម្មភាពក្នុងសង្គមនាពេលប្ចុប្បន្ន ព្រោះប្រទេសដែលមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃទាបនោះ គឺប្រាកដជាមានឱកាសច្រើនដើម្បីជំរុញល្បឿនកំណើនសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការទាក់ទាញវិនិយោគិនគ្រប់ជាតិសាសន៍ឱ្យចូលមកបណ្តាក់ទុន។
លោកបន្តថា វានឹងកាន់តែពិសេសបន្ថែមទៀតប្រសិនបើថាមពលទាំងអស់នោះមានប្រភពពីថាមពលស្អាត ឬកកើតឡើងវិញ ព្រោះថាមពលទាំងអស់នេះមិនត្រឹមតែជួយកាត់បន្ថយការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែនៅតាមប្រទេសរីកចម្រើនគឺគេឱ្យគុណតម្លៃខ្ពស់ផងដែរទៅលើការប្រើប្រាស់ថាមពលស្អាត តាមរយៈការអនុញ្ញាតឱ្យនាំចូលក្រោមអត្រាពន្ធគយពិសេស ជាដើម។
លោកនិយាយថា៖«ការប្រកាសរបស់អាជ្ញាធរក្នុងការផ្តល់សិទ្ធិឱ្យរោងចក្រ/សហគ្រាសអាចស្នើសុំវិញ្ញាបនបត្រថាមពលស្អាត(Renewable Energy Certificate) ពីអគ្គិសនីកម្ពុជា (EDC) នឹងជួយបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជាលើទីផ្សារពិភពលោក។ ជាមួយគ្នានេះវានឹងជួយឱ្យការនាំចេញទំនិញរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណកាន់តែច្រើន ជាពិសេសបណ្តាប្រទេសដែលរឹតត្បឹតលើការបំពុលបរិស្ថាន»។
លោកបានលើកឡើងទៀតថា ជាទូទៅមុននឹងសម្រេចចិត្តទៅបើកអាជីវកម្មនៅកន្លែងណាមួយ អ្នកវិនិយោគតែងគិតទៅលើបញ្ហាថាមពលមុនគេ ព្រោះតម្លៃថាមពលទាប នឹងធ្វើឱ្យថ្លៃដើមផលិតទាប ហើយពេលនោះសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិក៏នឹងកើនឡើងខ្ពស់ជាងមុនផងដែរ៕