កាណាដា គឺជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ទំនិញនាំចេញពីកម្ពុជា ដោយក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ប្រទេសនៅទ្វីបអាមេរិកខាងជើងមួយនេះបានទទួលទិញទំនិញពីកម្ពុជាក្នុងទឹកប្រាក់ជាង ១ ពាន់លានដុល្លារ កើនជាង ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ កាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ចរាចរណ៍ទំនិញរវាងកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ១ ០៦៣,០៣ លានដុល្លារ កើនឡើង ២៧,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅកាណាដា មានទឹកប្រាក់ ១ ០១០,៩៧ លានដុល្លារ កើនឡើង ៣០,៧ ភាគរយ និងទំនិញកាណាដានាំចូលមកកម្ពុជា ៥២,០៧ លានដុល្លារ ថយចុះ ១៥,២ ភាគរយ។ ទឹកប្រាក់នៃទំនិញកម្ពុជានាំទៅកាណាដា គឺស្មើ ៩៥,១ ភាគរយនៃទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២។
ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា មានចំណែកប្រមាណ ២,១៣ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ដែលមានចំនួន ៤៩ ៨៧៥,៤៤ លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣១ ខែធ្នូ ថា កាណាដា គឺជាដៃគូពាណិជ្ជកម្មសំខាន់ដ៏ និងធំរបស់កម្ពុជា ខណៈប្រទេសនេះស្ថិតក្នុងក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ លើពិភពលោក (G7) ដូច្នេះកម្ពុជាចាំបាច់ត្រូវតែខិតខំធ្វើពិពិធកម្មទំនិញរបស់ខ្លួនឱ្យមានគុណភាពកាន់តែល្អបន្ថែមទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកបញ្ជាទិញឱ្យបានកាន់តែច្រើន។
ប្រសិនបើកម្ពុជាអាចមានផលិតផលថ្មីៗលើសពីអ្វីដែលកំពុងមាននាពេលនេះ គឺជាការប្រសើរណាស់។
លោកបន្តថា បច្ចុប្បន្នកម្ពុជាកំពុងខិតខំក្នុងការធ្វើពិពិធកម្មទំនិញរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈចម្រុះ និងសម្បូរបែបជាងមុនផងដែរ ដែលទង្វើនេះនឹងជួយឱ្យមុខទំនិញកម្ពុជានៅលើទីផ្សារអន្តរជាតិមានកាន់តែច្រើន។
ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ និងមានតម្លៃទាបជាមុន ដើម្បីរួមចំណែកក្នុងលើកកម្ពស់សមត្ថភាពការប្រកួតប្រជែងនៃទំនិញផលិតនៅកម្ពុជាលើទីផ្សារអន្តរជាតិ។
លោកថ្លែងថា៖«កាណាដានឹងនៅតែបន្តជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជាយូរទៅមុខទៀត ខណៈទំនាក់ទំនងរវាងរដ្ឋាភិបាលទាំង ២ ក៏ត្រូវបានរឹតតែល្អប្រសើរផងដែរមួយរយៈចុងក្រោយនេះ»។
នាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក Justin Trudeau ក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា ប្រទេសកាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកម្ពុជានាពេលឆាប់ៗខាងមុខដើម្បីពង្រឹងចំណងការទូត។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ បើទោះបីកាណាដា នៅឆ្ងាយពីប្រទេសកម្ពុជា ប៉ុន្តែកាណាដាតែងទទួលទិញទំនិញពីកម្ពុជាក្នុងចំនួនទឹកប្រាក់ជាច្រើនរយលានដុល្លារក្នុង១ឆ្នាំៗ។
ទំនិញផលិតនៅកម្ពុជាដែលមានតម្រូវការខ្ពស់នៅទីនោះ គឺជាផលិតផលសម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង និងកង់ជាដើម។
លោកបន្តថា ការនាំទំនិញពីកម្ពុជាទៅកាដាណា នឹងបន្តកើនឡើងបន្ថែមទៀតនៅពេលកំណើនសេដ្ឋកិច្ចពិភណលោកល្អប្រសើរ ព្រោះនៅពេលនោះមនុស្សនឹងបំណាយប្រាក់ច្រើនជាងមុន ហើយការធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នៅទូទាំងពិភពលោក ក៏នឹងកាន់តែសកម្មជាងមុនដែរ។
លោកបានថ្លែងថា៖«កាណាដា គឺជាអតិថិជនធំរបស់កម្ពុជាសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ដូច្នេះបើកំណើនសេដ្ឋកិច្ចសកលល្អ ហើយការធ្វើទេសចរណ៍មានភាពមមាញឹកឡើងវិញ ការបញ្ជាទិញទំនិញទាំងអស់នេះប្រាកដជាកើនឡើង។ បច្ចុប្បន្នតំណាងផ្នែកឯកជនកម្ពុជា ក៏មានការិយាល័យតំណាងនៅក្នុងប្រទេសកាដាណា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មផងដែរ»។
សភាពាណិជ្ជកម្មកម្ពុជា កាលពីពេលកន្លងមក បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងតូរ៉ុនតូ (ប្រទេសកាណាដា)។
ការិយាល័យតំណាង មានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជាទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
ក្នុងឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ៩៤០,៤៨ លានដុល្លារ ធ្លាក់ចុះ ១៨,៥ ភាគរយ បើធៀបឆ្នាំ ២០២២ ដែលមានចំនួន ១,១៥ ពាន់លានដុល្លារ។
ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា ៨៦៩,៥៤ លានដុល្លារ ធ្លាក់ចុះ ២២,៤ ភាគរយ ចំណែកកាណាដា នាំមកកម្ពុជា ៧០,៩៥ លានដុល្លារ កើនឡើងជាង ១០០ ភាគរយ៕