រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ជំរុញ​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ដើម្បី​អាច​ធានា​បាន​ការ​ផ្គត់ផ្គង់​តម្រូវករ​ក្នុង​ស្រុក និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ ខណៈ​ស្ថាប័ន​រដ្ឋ​ចំនួន ២ បាន​ចុះ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា​(MoU)​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម និង​ជំរុញ​ការ​នាំ​ចេញ។

រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង និង​អគ្គ​នាយក​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​(ARDB) លោក កៅ ថាច កាល​ពី​ថ្ងៃទី ៣ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា។ 

ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី លោកស្រី ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ព្រម​ទាំង​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា, រោង​ម៉ាស៊ីន​កិនស្រូវ, ក្រុមហ៊ុន​នាំ​ចេញ​អង្ករ, សហព័ន្ធ​ដំឡូងមី​កម្ពុជា, ក្រុមហ៊ុន​ប្រមូល​ទិញ-​កែច្នៃ​ដំឡូងមី, ក្រុមហ៊ុន​ប្រមូល​ទិញ-​កែច្នៃ​ស្វាយចន្ទី, តំណាង​ក្រសួង-ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។

យោង​តាម ARDB អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ភាព​ជា​ដៃគូ​តាម​រយៈ​ការ​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​វិស័យ​ពាណិជ្ជកម្ម, ជំរុញ​ការ​ប្រើប្រាស់​ផលិតផល និង​សេវា​របស់​ធនាគារ ARDB ជំរុញ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែល​មាន​កិច្ច​ធានា ការ​ផ្តល់​ទិន្នន័យ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ក្នុង​ទីផ្សារ ការ​គាំទ្រ​ការ​កែច្នៃ​ផលិតផល​ក្នុង​ស្រុក និង​ការ​នាំ​ចេញ តាម​រយៈការ​ផ្តល់​ហិរញ្ញប្បទាន​ពី​ធនាគារ​ដែល​មាន​អត្រាការ​ប្រាក់​ទាប។

លោកស្រី តឹករ៉េត កំរង បាន​លើក​ឡើង​ថា ការ​ចុះ MoU រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ធនាគារ (ARDB) គឺ​ជា​សក្ខីភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​រដ្ឋ​ទាំងពីរ ដែល​មាន​តួនាទី​គាំទ្រ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​ពាណិជ្ជកម្ម។

ចំណែក​លោក កៅ ថាច និយាយ​ថា៖​«កិច្ច​សហ​ប្រតិបត្តិការ​នេះ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ប្រកប​ដោយ​ចីរភាព​ក្នុង​ការ​លើក​កម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ពាណិជ្ជកម្ម តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គ្រប់​តួអង្គ​ក្នុង​ខែ្ស​ច្រវាក់​តម្លៃ​កសិកម្ម​ពី​ធនាគារ និង​ការ​បង្កើត​តម្លៃ​បន្ថែម​លើ​ផលិតផល​កសិកម្ម​ដោយ​ការ​តភ្ជាប់​ទីផ្សារ​ក្នុង​ស្រុក និង​ជំរុញ​ការ​នាំ​ចេញ ដោយ​ក្រសួង​ពាណិជ្ជកម្ម។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី​៤ ខែ​ធ្នូ ថា ក្នុង​នាម​ជា​ប្រទេស​កសិកម្ម កម្ពុជា​ចាំបាច់​ត្រូវ​តែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​បង្កើន​ផលិតភាព​ការ​ដាំដុះ ទិន្នផល​ គុណភាព និង​ទីផ្សារ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ទាំង​សម្រាប់​បំពេញ​តម្រូវការ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

លោក​បន្ត​ថា ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ប្រាកដ​ជា​ចូល​រួម​ចំណែក​ច្រើន​ក្នុង​ការ​ជួយ​ទ្រទ្រង់ និង​លើក​កម្ពស់​វិស័យ​កសិកម្ម ព្រោះ​ក្នុង​នាម​ជា​ស្ថាប័ន​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​វិស័យ​កសិកម្ម  ARDB តែង​ជួយ​ផ្តល់​ឱ្យ​ប្រជា​កសិករ ឬអ្នក​វិនិយោគ​នូវ​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​អនុគ្រោះ​ទៅ​ដល់​អ្នក​មាន​តម្រូវការ​ដើម្បី​បង្កើន​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម។ ចំណែក​ក្រសួង​ពាណិជ្ជកម្ម គឺ​ជា​ស្ថាប័ន​តភ្ជាប់​រវាង​ទីផ្សារ​ក្នុង​ស្រុក ជាមួយ​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក​បាន​ថ្លែង​ថា៖«ខ្ញុំ​ពិត​ជា​គាំទ្រ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បែប​នេះ ព្រោះ​បញ្ហា​ទីផ្សារ និង​តម្លៃ​តែង​ធ្វើ​ឱ្យ​ប្រជា​កសិករ និង​អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ជួប​បញ្ហា​ច្រើន​នៅ​រៀង​រាល់​ឆ្នាំ ពិសេស​នៅ​ពេល​រដូវ​ប្រមូល​ផល​ម្តងៗ។ នៅ​ពេល​ដាំដុះ​ប្រជាកសិកម្ម​តែងខិតខំ​ធ្វើ​ ប៉ុន្តែ​កង្វះទីផ្សារ និង​តម្លៃ​ បាន​ធ្វើ​ឱ្យ​កសិកម្ម​មួយ​ចំនួន​ក្លាយ​ជា​កូន​បំណុល​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ​ម្ចាស់​បំណុល ដែល​ពិបាក​នឹង​រំដោះ​ខ្លួន​រួច​»។

លោក​បាន​បន្ថែម​ទៀត​ថា ទោះយ៉ាង​ណា ​ដោយ​សារ​ថវិកា​របស់​ ARDB មាន​ប្រភព​ពី​រដ្ឋាភិបាល ដូច្នេះ​ការ​ផ្តល់​ហិរញ្ញប្បទាន​ទៅ​ឱ្យ​ប្រជាកសិករ ឬ​វិនិយោគិន​ក្នុង​វិស័យ​កសិកម្ម​ក៏​មាន​កម្រិត​ផងដែរ។

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ ក្នុង​កិច្ច​ពិភាក្សា​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​មករា-​ខែ​តុលា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់​សរុប ៣,៤ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត​ ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ 

ភាគ​ច្រើន​នៃ​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា គឺ​ក្នុង​ទម្រង់​ដើម ឬ​ឆៅ(មិន​ទាន់​កែច្នៃ) ដែល​សកម្មភាព​បែប​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ប្រាក់​បន្ថែម​យ៉ាង​ច្រើន។

លោក​បាន​ឱ្យ​ដឹង​ថា៖​«​ប្រសិន​បើ​យើង​អាច​រក​វិធីកែច្នៃ​ហើយ​ចាំ​នាំ​ចេញ​កសិផល​យើង​វិញ គឺ​សក្តានុពល​នៃ​តម្លៃ​បន្ថែម​ពី​វិស័យ​កសិកម្ម​ចំពោះ​សេដ្ឋកិច្ច​ជាតិ​នៅ​មាន​ទំហំ​ធំធេង​ណាស់»។

លោក​បាន​បន្ថែម​ថា ដើម្បី​ឱ្យ​ការងារ​ទាំង​អស់​នេះ​ដំណើរការ​ទៅមុខ​បាន​ល្អ គឺ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជាកសិករ​ក្នុង​ការ​បង្កើត​សហគមន៍​កសិកម្ម។ 

ការ​ចង​ក្រង​ជា​សហគមន៍​កសិកម្ម វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​ទាំង​សម្រាប់​ប្រជា​កសិករ​ដាំដុះ​ដែល​មិន​ចាំបាច់​បារម្ភ​ពី​បញ្ហា​កង្វះ​ទីផ្សារ​ ការ​ជ្រើស​រើស​ពូជ និង​តម្លៃ ចំណែក​អ្នក​ទិញ​យក​ទៅ​កែច្នៃ ឬ​នាំចេញ​ក៏មិន​សូវ​បារម្ភ​ពី​ការ​ស្វែង​រក​ទិញ​ផងដែរ។

លោក​បាន​ថ្លែង​ថា៖«ប្រសិន​បើ​យើង​អនុវត្ត​បាន​បែប​នេះ គឺ​កសិកម្ម​នឹង​ក្លាយ​ទៅ​ជា​ចលករ​មួយ​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ»៕​