កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន ជា​ពិសេស​ពី​តំបន់​រដ្ឋបាលពិសេស​ហុងកុង និង​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ឱ្យ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន ​បន្ទាប់​ពី​ក្រុមគណៈ​ប្រតិភូ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជា​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​«GX Foundation Khmer Cuisine Charity Dinner»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា «GX Foundation Khmer Cuisine Charity Dinner» គឺ​ជា​កម្មវិធី​នេះ​ដែល​រៀបចំ​ឡើង​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់​ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ ២០២៤។

កម្មវិធី​នេះ​មាន​គោល​បំណង​ដើម្បី​ផ្សព្វផ្សាយ និង​លើក​កម្ពស់​ម្ហូប​អាហារ​ខ្មែរ ព្រម​ទាំង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិស័យ​ទេសចរណ៍​របស់​កម្ពុជា សំដៅ​កៀរគរ​ស្វែង​រក​មូលនិធិ​មនុស្សធម៌​សម្រាប់​គាំទ្រ​ដល់​គម្រោង «Project for Health Protection Against Dengue Fever” នៅ​ខេត្ត​កំពង់ស្ពឺ និង​សម្រាប់​សកម្មភាព​មនុស្សធម៌​ដទៃ​ទៀត​នៅ​កម្ពុជា។

ក្នុង​កម្មវិធី GX Foundation Khmer Cuisine Charity Dinner មាន​ការ​ចូល​រួម​ពី លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍, លោក LEUNG Chun-ying ប្រធាន​ក្រុម​ប្រឹក្សាភិបាល​មូលនិធិ GX លោក LI Yongsheng ស្នងការ​រង​នៃ​ការិយាល័យ​ស្នងការ​របស់​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង, អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង, តំណាង​មូលនិធិ GX នៅ​កម្ពុជា, តំណាង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង, តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ, ក្រុម​ប្រឹក្សា​ភិបាល​ទេសចរណ៍​ហុងកុង, ធុរជន​ចិន​និង​អន្តរជាតិ ព្រមទាំង​មាន​តំណាង​ប្រតិបត្តិករ​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​នាវាចរ​ទេសចរណ៍ មក​ពី​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ម៉ាកាវ ព្រមទាំង​តំបន់​នៅ​ជុំវិញ​សរុ​បជាង ៣០០ នាក់។

នៅ​អំឡុង​ចូល​រួម​កម្មវិធី GX Foundation Khmer Cuisine Charity Dinner លោក ហួត ហាក់ បាន​លើក​ឡើង​អំពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​បរិយាកាស​អនុគ្រោះ​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា និង​បាន​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​របស់​ខ្លួន​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន។

លោក​និយាយ​ថា៖​«​ខ្ញុំ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ ភាគី​ពាក់ព័ន្ធ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ទាំង​អស់​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរបែប​របស់​កម្ពុជា និង​ជួយ​កៀរគរ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ឱ្យ​បាន​ច្រើន​ទៅ​កម្ពុជា ដោយ​ក្រសួង​ទេសចរណ៍ នឹង​ផ្តល់​ការ​សម្របសម្រួល​ឱ្យ​អស់​ពី​លទ្ធភាព»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​កម្ពុជា ក៏​មាន​ជំនួប​ពិភាក្សា​ជាមួយ​អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​ទេសចរណ៍ និង​វប្បធម៌​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង, ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ទេសចរណ៍​ហុងកុង, តំណាង​ការិយាល័យ​ទេសចរណ៍​តំបន់​រដ្ឋបាល​ពិសេសម៉ាកាវ តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines, ក្រុមហ៊ុន Hong Kong Airlines ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន/​ទីភ្នាក់ងារទេសចរណ៍​ធំៗ និង​ល្បីៗ​ក្នុង​ទីផ្សារ​ហុងកុង និង​ម៉ាកាវ ដូចជា ក្រុមហ៊ុន Goldjoy Travel Limited, Hong Kong Wing On Travel Service Limited ព្រមទាំង​ក្រុមហ៊ុន​នាវាចរ​ទេសចរណ៍ Royal Caribbean Cruises HK Ltd. និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ក្នុង​គម្រោង Disneyland Hong Kong សរុប ជាង ៣០ ទីភ្នាក់ងារ​/ក្រុមហ៊ុន។

បើ​តាម​ក្រសួង​ទេសចរណ៍ តាម​រយៈ​ជំនួប​នេះ​បណ្តា​ទីភ្នាក់ងារ/​ក្រុមហ៊ុន សុទ្ធ​តែ​បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍ សំណូមពរ និង​គម្រោង​ស្នើសុំ​ធ្វើ​ដំណើរ​មក​ស្វែង​យល់​ពី​កាលានុវត្តភាព​វិនិយោគ ជា​ពិសេស​ស្វែង​យល់​ពី​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា ដើម្បី​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ថ្មី​បន្ថែម​ជូន​អតិថិជន​របស់ខ្លួន នា​ពេល​ឆាប់ៗ​ខាងមុខ។

លោក អនហេង សុភ័ក្ត្រ ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​កាល​ពី​ដើម​ឆ្នាំ ​២០២០ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្សាន្ត​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​នៅ​មិនទាន់​អាច​ប្រៀបធៀប​នឹង​មុន​ឆ្នាំ ២០២០ បាន​ឡើយ​។ លោក​បន្ត​ថា ​រយៈ​ពេល​ស្នាក់នៅ​របស់​ភ្ញៀវ​​​ចិន ​ភាគច្រើនគឺ​យូរ​ជាងមុន ​ដោយ​សារ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​នានា​របស់​ប្រទេស​ចិន​មក​​​ប្រទេស​កម្ពុជា​​មិន​មាន​ច្រើន​ដូច​មុន​វិបត្តិ​កូវីដ​១៩។

លោក​បាន​ថ្លែង​ថា៖​«ភ្ញៀវ​ជនជាតិ​​ចិន អាច​ចាត់​ទុក​ថា​ជា​ភ្ញៀវ​មាន​សក្ដានុពល​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​។ ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ ការ​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ និង​ការ​បង្កើន​ចំនួន​ជើង​ហោះហើរត្រង់​ពី​ទីក្រុង​សំខាន់​របស់​ចិន​មក​កម្ពុជា ប្រាកដ​ជា​អាច​ជួយ​ទាក់​ទាញ​ភ្ញៀវ​ជនជាតិ​ចិន​ឱ្យ​ធ្វើ​ដំណើរ​មក​កកម្ពុជា​កាន់​តែ​ច្រើន។

បើ​តាម​លោក សុភ័ក្រ កន្លង​មក​ភ្ញៀវ​ទេសចរ​ចិន​ស្នាក់នៅ​កម្ពុជាមាន​​ចន្លោះ​ ៥-​៨ថ្ងៃ​ ហើយ​តំបន់​ទេសចរណ៍​ដែល​ជា​គោលដៅ​សំខាន់​សម្រាប់​ពួក​គេ​ គឺ​​រាជធានី​ភ្នំ​ពេញ​ ខេត្ត​សៀមរាប​ និង​ខេត្ត​ព្រះ​សីហនុ។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា ចាប់ពីខែ​ ដល់​ខែ​តុលា​ ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៥,៣៧ លាន​នាក់ កើន​ឡើង ២២​ ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ៤,៤១ លាន​នាក់។​ ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​ចិន រួមទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ម៉ាកាវ មាន​ចំនួន ៦៩១ ៨៧៤ នាក់ កើន​ឡើងជិត ៥៣ ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣។

ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ ២០១៩ មាន​ចំនួន​សរុប ៦,៦១ លាន​នាក់ កើន​ឡើង ៦,៦ ភាគរយ​ បើធៀបនឹងឆ្នាំ២០១៨ ក្នុង​នោះ​ភ្ញៀវ​ជនជាតិ​ចិន ​ចំនួន​ ២,៣៦ លាននាក់​ កើនឡើង១៦,៧ ភាគរយ៕