គម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបជាង ៤០ ដែលមានទុនវិនិយោគជាង ៩០០ លានដុល្លារ និងអាចបង្កើតការងារបាន៣៩ ពាន់កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កើនឡើងជាង ១០ គម្រោងបើធៀបនឹងខែតុលា ឆ្នាំដដែល។
សេចក្តីប្រកាសព័ត៌មានរបស់(CDC) ចេញផ្សាយក្នុងថ្ងៃទី៦ ខែធ្នូ ឱ្យដឹងថា ក្នុងរយៈពេល ៣០ ថ្ងៃនៃខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជាតាមរយៈ CDC បានអនុម័តឱ្យគម្រោងវិនិយោគថ្មីចំនួន ៤០ និងគម្រោងពង្រីកផលិតកម្មចំនួន ៣ ដែលមានទុនវិនិយោគសរុប ៩៤០ លានដុល្លារ និងអាចបង្កើតការងារបាន ៣៩ ពាន់កន្លែង។
គម្រោងទាំងនោះមាននៅក្នុងវិស័យវាយនភណ្ឌ, សម្ភារដេគ័រ, គ្រឿងសង្ហារឹម, សម្ភារក្មេងលេង, ស្បែកជើង, ផលិតផលគីមី, សណ្ឋាគារ, កាបូប, តំបន់សេដ្ឋកិច្ចពិសេស, កែច្នៃអាលុយមីញ៉ូម និងភេសជ្ជៈ ជាដើម។
CDC បានឱ្យដឹងទៀតថា គម្រោងវិនិយោគទាំងនោះ គឺនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣២ គម្រោង និងគម្រោងវិនិយោគដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ គម្រោង។ ការវិនិយោគមកពីប្រទេសវៀតណាម មានទុនវិនិយោគច្រើនជាងគេ គឺប្រមាណ ៥១,០៨ ភាគរយនៃចំនួនទុនវិនិយោគសរុប, ប្រទេសចិនស្ថិតនៅលេខ ២ មានចំណែក ២៤,២៦ ភាគរយ, កម្ពុជា លេខ ៣ មានចំណែក ១៤,៤៩ ភាគរយ និងតាមពីក្រោយដោយប្រទេសសិង្ហបុរី ថៃ កាណាដា អង់គ្លេស និងអាមេរិក។
បើតាម CDC ចំនួនទុនវិនិយោគដែលមានចំនួនច្រើនជាងគេ គឺស្ថិតក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
អ្នកសេដ្ឋកិច្ច លោកបណ្ឌិត ឌុច ដារិន្ទ (Economist Dr. Duch Darin) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលប្រទេសមួយមានតាំងភូមិសាស្ត្រអំណោយផល នយោបាយមានស្ថិរភាព កំណើនសេដ្ឋកិច្ចរឹងមាំ ច្បាប់វិនិយោគអំណោយផល សម្បូរកម្លាំងពលកម្មជំនាញនិងមានតម្លៃសមរម្យ គឺប្រាកដជាមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនផ្ទាល់ ដើម្បីផលិតទំនិញសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។ បន្ថែមពីលើនេះ កម្ពុជាក៏ជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនលើពិភពលោក។
លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលក៏បានខិតខំធ្វើកំណែទម្រង់ជាច្រើនដើម្បីកែលម្អបរិយាកាសធុរកិច្ចក្នុងន័យទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យបានកាន់តែច្រើន។
លោកបានថ្លែងថា៖«ការបណ្តាក់ទុនពីសំណាក់វិនិយោគិនបរទេស និងក្នុងស្រុកនៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ច និងនយោបាយពិភពលោកមិនទាន់រឹងមាំនេះ គឺបញ្ជាក់ពីទំនុកចិត្តរបស់ក្រុមវិនិយោគិនចំពោះស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងភាពរឹងមាំនៃទីផ្សារនាំចេញរបស់កម្ពុជា។ កំណើននៃការវិនិយោគនៅកម្ពុជានឹងរឹតតែមានច្រើនបន្ថែមទៀតនៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែល្អប្រសើរ»។
បើតាមលោក ដារិន្ទ នៅឆ្នាំ២០២៥ ខាងមុខកម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុន/វិនិយោគិនអន្តរជាតិកាន់តែច្រើនបន្ថែមទៀតឱ្យមកបើករោងចក្រនៅកម្ពុជា ខណៈគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump នឹងមានការរឹតបណ្តឹងចំពោះទំនិញនាំចូលពីប្រទេសមួយចំនួន(ពិសេសប្រទេសចិន) ទៅកាន់ទីផ្សារអាមេរិក។
កាលពីខែតុលា ឆ្នាំ ២០២៤ CDC បានអនុម័តឱ្យគម្រោងវិនិយោគថ្មីចំនួន ៣០ និងគម្រោងពង្រីកផលិតកម្មចំនួន ១ ដែលមានទុនវិនិយោគសរុបជាង ២២៦ លានដុល្លារ និងអាចបង្កើតការងារបាន ១៦ ពាន់កន្លែង។
ការវិនិយោគរបស់វិនិយោគិនចិន មានចំនួនច្រើនជាងគេ ដោយមានទុនវិនិយោគប្រមាណ ៥៣,៣៩ ភាគរយនៃចំនួនទុនវិនិយោគសរុប ខណៈ´វិនិយោគិនក្នុងស្រុកស្ថិតនៅលេខ ២ ជាមួយនឹងទុន ២៩,៤៧ ភាគរយ ក្រៅពីនោះជាការវិនិយោគមកពីប្រទេសសិង្ហបុរី និងវៀតណាម ជាដើម៕