ចំនួន​គណនី​ដែល​បាន​រៀបចំ​ឥណទាន​ឡើង​វិញ គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ មាន​ប្រមាណ​ជាង ៥៧ ពាន់​គណនី ដែល​ស្មើនឹង​ទឹក​ប្រាក់​ប្រមាណ ៨៥០​ លាន​ដុល្លារ។​ ចំនួន​ទឹក​ប្រាក់​នេះ​ គឺ​ស្មើ​​នឹង​ ១,៥ ភាគ​រយ​នៃ​ទំហំឥណទាន​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅកម្ពុជា។ នេះ​បើ​យោង​តាម​មន្ត្រី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា(NBC)។

អគ្គ​នាយករង​បទប្បញ្ញត្តិ និង​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​នាយកដ្ឋាន​បទ​ប្បញ្ញត្តិ ធនាគារ​ជាតិ​នៃ​កម្ពុជា លោកស្រី ម៉ក់ រស្ម៊ី បាន​ឱ្យ​ដឹង​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​តុមូល​ស្តីពី​«ស្ថានភាព​បំណុល​នៅ​កម្ពុជា»​ដែលរៀបចំ​ដោយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា កាល​ពី​ថ្ងៃទី៤ ខែធ្នូ ថា នៅ​ត្រឹម​ដំណាច់​ខែវិច្ឆិកា ឆ្នាំ ២០២៤ ការរៀបចំ​ឥណទាន​ឡើង​វិញ​ពី​សំណាក់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជូន​ទៅ​ដល់​អតិថិជន​របស់​ខ្លួន​ គឺ​មាន​ប្រមាណ​ ៥៧​ពាន់​គណនី ប៉ុន្តែ​បើ​គេ​រាប់​ចំនួន​អតិថិជន ​គឺ​មានត្រឹម​តែ​ជាង ៥៣ ​ពាន់​អតិថិជន​ប៉ុណ្ណោះ​។ ​សម្រាប់​ចំនួន​ទឹកប្រាក់ ៨៥០ លាន​ដុល្លារ គឺ​ស្មើប្រមាណ ១,៥​ ភាគរយ​នៃ​ទំហំ​ឥណទាន​សរុប​ក្នុង​ប្រព័ន្ធធនាគារ​នៅ​កម្ពុជា។

ការ​រៀបចំ​ឥណទាន​ឡើង​វិញ គឺ​ជា​វិធី​សាស្រ្ត​ក្នុង​ការ​ជួយ​​សម្រាល​បន្ទុក​ចំណាយ​ដល់អ្នក​ជាប់​កម្ចី​ដែល​ជួប​បញ្ហា​ដោយ​សារ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល។

លោកស្រី​ពន្យល់​ថា មូល​ហេតុដែល​ចំនួន​គណនី​ច្រើន​ជាង​ចំនួន​អតិថិជន គឺ​ដោយ​សារ​អតិថិជន​ខ្លះ​មាន​ឥណទាន​(ខ្ចី​ប្រាក់​)​នៅច្រើន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដូច្នេះ​នៅ​ពេល​គាត់​មាន​បញ្ហា​ប្រាក់​សម្រាប់​បង់​សង​ត្រឡប់ គឺ​ពួក​គាត់​អាច​ឱ្យ​គ្រឹះស្ថានដែល​គាត់​ជំពាក់​ទាំង​អស់​រៀបចំ​ឥណទាន​ឡើង​វិញ។

លោកស្រី​បន្ត​ថា តាម​រយៈ​ទិន្នន័យ​ខាងលើ​នេះ​បង្ហាញ​ថា ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ក្នុង​អំឡុង​ពេល​នេះ គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​បើ​ធៀប​នឹង​វិធានការ​ដែល​ធនាគារជាតិ​បាន​ដាក់​ចេញ​កាល​ពី​អំឡុង​ពេល​ការ​រីករាលដាល​ជំងឺ​កូវីដ១៩ ដែល​មានប្រមាណ​ជាង ១០​ភាគរយ។

លោកស្រី​បាន​ថ្លែង​ថា៖​«​យោង​តាម​របាយការណ៍​គឺ​ចំនួន​ឥណទាន​ពិត​ជាបាន​ថយចុះ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ យើង​ក៏​បាន​សង្កេត​ឃើញ​ថា ប្រាក់​ចំណេញ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​គឺ​នៅ​មាន​នៅ​ឡើយ។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា​ទោះបី​ជា​ឥណទាន​នៅ​មាន​ត្រឹម​ប៉ុណ្ណឹង ក៏​ធនាគារ​នៅ​អាច​រស់​បាន តាម​រយៈ​ប្រាក់​ចំណេញ​បច្ចុ​របស់​គាត់​។ អ៊ីចឹង​មាន​​ន័យថា វិស័យ​ធនាគារ​ទាំង​មូល​នៅ​មានភា​ពធន់»។

លោកស្រី​លើក​ឡើង​ទៀត​ថា កន្លង​មក​មាន​បុគ្គល​មួយ​ចំនួន​គិត​ថា​ការ​រៀបចំឥណទាន​ឡើង​វិញ​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​ផល​ចំណេញ ប៉ុន្តែ​ធាតុ​ពិត​គឺ​វា​ធ្វើ​ឱ្យ​អតិថិជន​(អ្នក​ជាប់​បំណុល)​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ត្រូវ​បង់​ការ​ប្រាក់​កាន់​តែ​ច្រើន ដោយ​សារ​តែ​ការ​ពន្យា​ពេល​សង់​ត្រឡប់។

សមាជិក​ក្រុមប្រឹក្សា​ភិបាល​សមាគម​ធនាគារ​កម្ពុជា ​ លោក តូច ចៅចេក បាន​ឱ្យ​ដឹង​ថា សម្រាប់​គ្រឹះស្ថាន​ធនាគារ គិត​ត្រឹ​មខែតុលា ឆ្នាំ​២០២៤ ទំហំ​នៃ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​មានទឹក​ប្រាក់​ជាង ៥០០ លាន​ដុល្លារ។

លោក​កត់​សម្គាល់​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ បាន​ជួយ​សម្រួល​ឱ្យ​ស្ថានភាព​របស់​អតិថិជន​វិល​ត្រឡប់​មក​ធម្មតា​វិញ ក្នុង​នោះ​អ្នក​ដែល​ទទួល​បាន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ពី​ខាង​ធនាគារ​មាន​ប្រមាណ​ជាង ៧០​-​៨០​ភាគ​រយ​ អាច​សង​មក​ធនាគារ​បាន​ទៀងទាត់​ឡើងវិញ។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ និយាយ​ថា ស្ថានភាព​បំណុល​នៅ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​នៅ​អាច​គ្រប់គ្រង​បាន ដោយ​វា​ពុំ​បង្ក​ឱ្យ​មាន​ការព្រួយ​បារម្ភ​នៅ​ឡើយ​ទេ។ 

ចំពោះ​ការ​ដាក់​ចេញ​វិធានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ពី​សំណាក់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គឺ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់​ទេ ព្រោះ​មាន​បុគ្គល​មួយ​ចំនួន​ គឺ​មិន​បាន​ប្រើ​ប្រាស់​សេវាកម្ម​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ​ឡើយ ពោល​គឺ​ពួកគេ​ជំពាក់​បំណុល​ក្រៅ​ប្រព័ន្ធ។

ទោះ​យ៉ាងណា លោក​បញ្ជាក់​ថា បញ្ហា​បំណុល​នេះ គឺ​ជា​រឿង​ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ពហុភាគី ហើយគោល​នយោបាយ​នីមួយៗ​ត្រូវ​ការ​ពេល​វេលា​នៅ​ក្នុង​ការ​អនុវត្ត​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ និង​ក៏​ត្រូវ​ការ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់។

ធនាគារ​ជាតិ​នៃ​កម្ពុជា ​កាល​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៤​ បាន​ចេញ​សារាចរ​ណែនាំ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ ធ្វើការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដល់​អតិថិជន ក្នុង​គោល​បំណង​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​អតិថិជន។ ការ​អនុវត្ត​កិច្ច​ការងារ​នេះ ចាប់​ពី​ត្រីមាស​ទី៤ ឆ្នាំ ២០២៤ រហូត​ដល់​ដំណាច់​ឆ្នាំ ២០២៥។ 

សារាចរ​ណែនាំ​នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ ដោយ​វា​ត្រូវ​បាន​ដាក់​ចេញ​ខ្លះ​មក​ហើយ​ចាប់​តាំង​ពីមាន​ការ​លេច​ឡើង​នៃ​វត្តមាន​របស់​ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រាក់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ៕