ភ្នំពេញៈ ប្រទេសធំៗចំនួន ៤ គឺចិន សិង្ហបុរី អាមេរិក និងកូរ៉េខាងត្បូង បានតំណាងឱ្យជាង ៩០ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងខែមករា ឆ្នាំ ២០២៤ នេះ ខណៈអ្នកវិភាគលើកឡើងថា កត្តាទីតាំងភូមិសាស្ត្រ និងភាពអំណោយផលនៃច្បាប់វិនិយោគថ្មីគឺជាកត្តាចម្បងក្នុងការទាក់ទាញការវិនិយោគទាំងនេះ។
បើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងខែមករា ឆ្នាំ ២០២៤ CDC បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣២ គម្រោងដែលមានទុនវិនិយោគសរុប ១៨៧ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៩ ពាន់កន្លែង។
ក្នុងនោះទុនវិនិយោគប្រមាណ ៧៨ ភាគរយ មានប្រភពមកពីប្រទេសចិន, ៩,៦៥ ភាគរយ មកពីសិង្ហបុរី, ៥,៣៤ ភាគរយមកពីអាមេរិក, ៣,៥៥ ភាគរយ មកពីសាធារណរដ្ឋកូរ៉េ និង ២,៧៣ ភាគរយមកពីប្រភពក្នុងស្រុក។
បើតាម CDC គម្រោងដែលមានភាពលេចធ្លោជាងគេប្រចាំខែមករា មានដូចជា គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក នៅក្នុងស្រុកសំរោង ខេត្តតាកែវ, គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ កង់ រ៉ឺម៉ក(អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ នៅខេត្តព្រះសីហនុ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានលើកឡើងថា ភាពអំណោផលនៃទីតាំងភូមិសាស្ត្រនៅចំណុចកណ្តាលតំបន់អាស៊ាន កត្តាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រួមផ្សំនឹងការដាក់ចេញច្បាប់វិនិយោគថ្មីបានផ្តល់នូវភាពទាក់ទាញសម្រាប់វិនិយោគថ្មីមកកាន់កម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «យើងទាំងអស់គ្នាមើលឃើញហើយថា កត្តាសន្តិភាព គឺរឿងមួយដ៏សំខាន់សម្រាប់រាល់ប្រទេសទាំងឡាយលើពិភពលោក។ បើយើងគ្មានសន្តិភាព ប្រាកដណាស់គឺវិនិយោគិនបរទេសនឹងមិនបោះទុនរាប់រយលានដុល្លារមកស្រុកយើងទេ។ លើសពីនេះទៀត ទោះបីសេដ្ឋកិច្ចសកលមានការធ្លាក់ចុះក្តី ក៏សេដ្ឋកិច្ចកម្ពុជាដំណើរការបានល្អ ដោយសារតែយើងរក្សាបាននូវសកម្មភាពម៉ាក្រូសេដ្ឋកិច្ចល្អ លើសពីនេះទៀតច្បាប់វិនិយោគថ្មីក៏បានផ្តល់ការលើកទឹកចិត្តពន្ធច្រើនដែរ»។
លោកបានបន្តថា ការបន្តខិតខំពង្រីកទីផ្សារនាំចេញតាមរយៈការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កូរ៉េខាងត្បូង ប្រទេសអារ៉ាប់រួម និងទាំងក្នុងតំបន់ក៏ជាកត្តាទាក់ទាញមួយផងដែរ។
អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង មូនីកា បានប្រាប់ថា បន្ទាប់ពីជួបបញ្ហាជាច្រើនតាំងពីអំឡុងចុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ លោករំពឹងថា ផលិតកម្មវាយនភណ្ឌនៅឆ្នាំ ២០២៤ នេះអាចនឹងមានភាពល្អប្រសើរវិញ។
លោកនិយាយថា៖ «ខ្ញុំរំពឹងថា វិស័យនេះនឹងងើបឡើងវិញនៅឆ្នាំ ២០២៤ ដោយសារទីផ្សារសំខាន់ៗរបស់យើងទាំងនៅអាមេរិក អឺរ៉ុប ចក្រភពអង់គ្លេស កាណាដា និងជប៉ុនកំពុងមានកំណើន ជាពិសេសការនាំចេញទៅទីផ្សារចិន និងទីផ្សារដទៃៗទៀត»។
ក្នុងឆ្នាំ ២០២៣ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៦៨ ដែលមានទុនវិនិយោគជិត ៥ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ៣០៧ ០០០ កន្លែង។ក្នុងនោះគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១។ មានគម្រោងវិនិយោគចំនួន ៧១ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែក ៩២ ភាគរយនៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ ភាគរយបានមកពីវិស័យនេះ៕