ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៤ នេះ នឹងមានកំណើនក្នុងអត្រា ៦,១ ភាគរយ កើនពីចំនួន ៥,៣ ភាគរយ កាលពីឆ្នាំ ២០២៣ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ជាពិសេសប្រទេសចិន និងអាមេរិក។
ការព្យាករចុងក្រោយបំផុតរបស់ IMF កាលពីខែមករា ដែលបានចេញផ្សាយនៅថ្ងៃទី ៣១ ខែមករា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងអត្រា ៦,១ ភាគរយ ខណៈអតិផរណានឹងមាន ៣ ភាគរយនៅឆ្នាំនេះ។ ការព្យាករនេះគឺស្របតាមការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ខណៈធនាគារជាតិនៃកម្ពុជាបានព្យាករក្នុងកម្រិត ៦,៤ ភាគរយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់ លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់ IMF បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកព្យាករកំណើនក្នុងកម្រិត ៣,១ ភាគរយសម្រាប់ឆ្នាំ ២០២៤ ដែលជាអត្រាកំណើនដូចគ្នានឹងការព្យាកររបស់ខ្លួនកាលពីឆ្នាំ ២០២៣។
សម្រាប់ឆ្នាំ ២០២៥ IMF រំពឹងថា នឹងមានកំណើនតិចតួចក្នុងរង្វង់ ៣,២ ភាគរយ។ អតិផរណាពិភពលោកត្រូវបានគេព្យាករថា នឹងធ្លាក់ចុះពី ៦,៨ ភាគរយក្នុងឆ្នាំ ២០២៣ មកនៅត្រឹម ៥,៨ ភាគរយនៅឆ្នាំ ២០២៤ និងមកនៅត្រឹម ៤,៤ ភាគរយនៅឆ្នាំ ២០២៥។
សម្រាប់ទ្វីបអាស៊ី IMF បានកែតម្រូវកំណើនសម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។ ការព្យាករក្នុងតំបន់សម្រាប់ឆ្នាំ ២០២៤ បានកើនដល់ ៤,៥ ភាគរយ ពីចំនួន ៤,២ ភាគរយកាលពីខែតុលា។
លោកឱ្យដឹងទៀតថា សម្រាប់កត្តាខាងក្រៅគឺមានអំណោយផលកាន់តែច្រើន ជាពិសេសកំណើនដ៏រឹងមាំនៅអាមេរិកតាមរយៈការពង្រឹងភាពធន់ក្នុងស្រុក។ ជាមួយគ្នានេះ IMF ក៏មើលឃើញអំពីតម្រូវការបច្ចេកវិទ្យា កុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក និងផលិតផលអុបទិកផ្សេងទៀតបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងទៅនេះ។ ជារួមជាថ្មីម្ដងទៀត ទ្វីបអាស៊ី កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការរួមចំណែកចំនួន ២/៣ ដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៤ នេះ។
លោកពន្យល់ថា នៅអាស៊ីក្រោយការរីករាលដាលជំងឺកូវីដ ១៩ ការកើនឡើងតម្លៃទំនិញហាក់មិនសូវខ្លាំងដូចនៅប្រទេសផ្សេងៗទៀតក្នុងពិភពលោកទេ។ ជាមួយនឹងការរីកចម្រើនឆាប់រហ័ស ជាពិសេសនៅបណ្ដាប្រទេសនៅអាស៊ីដែលកំពុងរីកចម្រើនរហ័ស ធនាគារកណ្តាលក្នុងតំបន់ជាច្រើនកំពុងស្ថិតលើផ្លូវឆ្ពោះទៅសម្រេចបានគោលដៅអតិផរណារបស់ពួកគេនៅឆ្នាំ ២០២៤។
លោកថ្លែងថា៖ «ប្រសិនបើក្រុមបង្កើតគោលនយោបាយរក្សាស្ថិរភាពអតិផរណាបាននោះ វិសាលភាពសម្រាប់ការបន្ធូរបន្ថយរូបិយវត្ថុអាចនឹងលេចរូបរាងឡើងនៅចុងឆ្នាំនេះ»។
លោកបញ្ជាក់ថា ទោះបីជាចក្ខុវិស័យមានភាពប្រសើរឡើងក៏ដោយ ក៏ហានិភ័យសំខាន់ៗនៅតែមាន។ ការកែតម្រូវកាន់តែធំ និងទាក់ទាញបន្ថែមទៀតនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនអាចកាត់បន្ថយតម្រូវការក្នុងស្រុកបន្ថែមទៀត ជាពិសេសបើសិនការណ៍នេះត្រូវបានអមដោយសម្ពាធហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់។ លោកបន្តថា វាក៏នឹងកាត់បន្ថយតម្រូវការសម្រាប់ក្រុមហ៊ុននាំចេញក្នុងតំបន់ផងដែរ។
លោកបានបន្ថែមថា បើគិតតាមបែបវិជ្ជមានការគាំទ្រគោលនយោបាយខ្លាំងជាងការរំពឹងទុកនៅប្រទេសចិនអាចជំរុញតម្រូវការ និងបង្កើតឱ្យមានផលប៉ះពាល់ជាវិជ្ជមាន។ ដូច្នេះលក្ខខណ្ឌហិរញ្ញវត្ថុនៅតែប្រែប្រួល។ លក្ខខណ្ឌតឹងតែងជាងការរំពឹងទុកនៅអាមេរិក ឬអាស៊ីក៏អាចដាក់សម្ពាធលើឧស្សាហកម្ម និងសេដ្ឋកិច្ចដែលជំពាក់បំណុលវ័ណ្ឌក។
លោកលើកឡើងថា៖ «សម្រាប់ការកើនឡើងហានិភ័យនៃការខ្វែងគំនិតគ្នាផ្នែកភូមិសាស្ត្រនយោបាយ គឺមានការលំបាកជាពិសេសសម្រាប់អាស៊ី ដោយសារតែការធ្វើ សមាហរណកម្មស៊ីជម្រៅរបស់តំបន់នេះទៅក្នុងពាណិជ្ជកម្មពិភពលោក។ យើងមើលឃើញភ័ស្តុតាងនៃផលប៉ះពាល់អវិជ្ជមានក្នុងទម្រង់នៃខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានរយៈពេលកាន់តែយូរ និងមានប្រសិទ្ធភាពកាន់តែតិចជាងមុន។ ការគំរាមកំហែង ដោយសារតែថ្លៃដឹកជញ្ជូនខ្ពស់បានបង្កើនហានិភ័យសម្រាប់ពាណិជ្ជកម្ម»។
លោកបន្តថា៖ «នៅពេលនេះតើអ្នកបង្កើតគោលនយោបាយគួរផ្តល់អាទិភាពដល់អ្វី? តាមទស្សនៈយើង នេះគឺជាពេលវេលាដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់អាស៊ី។ ការពង្រឹងសារពើពន្ធគឺជាគន្លឹះក្នុងការស្តារទ្រនាប់ការពារ និងការការពារនិរន្តរភាពបំណុល»។
លោកពន្យល់ថា កាលពីឆ្នាំ ២០២៣ សមតុល្យថវិកាបានប្រសើរឡើងខ្លះនៅអាស៊ី ប៉ុន្តែការពង្រឹងគឺយឺតជាងការរំពឹងទុករបស់ IMF។ ដូច្នេះ តម្រូវឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងបន្ថែមទៀត។ ការត្រួតពិនិត្យហិរញ្ញវត្ថុដ៏រឹងមាំ និងការត្រួតពិនិត្យហានិភ័យជាប្រព័ន្ធគឺចាំបាច់ដើម្បីការពារប្រឆាំងនឹងភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ។ នៅទីបំផុតកំណែទម្រង់រចនាសម្ព័ន្ធនៅតែជាកត្តាចាំបាច់ក្នុងការជំរុញផលិតភាព និងកាត់បន្ថយបញ្ហាប្រឈមបណ្ដាលមកពីការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុជាសកល ខណៈការពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព គឺចាំបាច់។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានលើកឡើងសប្តាហ៍មុនថា សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងកត្តាខាងក្រៅ និងភាពមិនច្បាស់លាស់ជាច្រើនរួមមាន ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ ដែលនាំទៅរកការធ្លាក់ចុះលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ទេសចរណ៍ និងភាពមិនច្បាស់លាស់លើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ ការណ៍នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយសុទិដ្ឋិនិយមថា នឹងកើនឡើងក្នុងរង្វង់ ៦,៤ ភាគរយនៅឆ្នាំ ២០២៤។
លោកស្រីថ្លែងថា៖ «ទោះជាប្រឈមនឹងបញ្ហាទាំងនេះ ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយសុទិដ្ឋិនិយមថា នឹងកើនឡើងក្នុងរង្វង់ ៦,៤ ភាគរយនៅឆ្នាំ ២០២៤ ដែលរួមចំណែកជាចម្បងដោយការបន្តកើនឡើងនៃវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ និងការងើបឡើងនៃវិស័យកម្មន្តសាល ស្របពេលវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យបន្តទទួលបានកំណើនទាប»។
លោកស្រីបានអះអាងថា ដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការពង្រឹងសម្ទុះ កំណើន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច NBC នឹងបន្តអនុវត្ត នយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន ពង្រឹងការអភិវឌ្ឍប្រព័ន្ធធនាគារ លើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងសមាហរណកម្មប្រព័ន្ធទូទាត់ ព្រមទាំងដាក់ចេញនយោបាយ និងវិធានការគាំទ្រចាំបាច់នានាប្រកបដោយភាពបុរេសកម្ម ស្របតាមស្ថានភាពសេដ្ឋកិច្ច និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕