សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ក្នុង​រយៈពេល​មួយខែ​ដំបូង​ឆ្នាំ ២០២៤ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៦ ពាន់​តោន គិត​ជា​ទឹកប្រាក់​បាន​ចំនួន ៣២,៦២ លាន​ដុល្លារ ខណៈដែល​ការនាំចេញ​ស្រូវ សម្រេចបាន​ជិត ​៦០ ​ម៉ឺន​តោន មានតម្លៃ​ទឹកប្រាក់​ ១៨៤​លាន​ដុល្លារ​។

យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ បាន​បង្ហាញថា ក្នុង​ខែមករា​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន ៤៦ ២២១ តោន តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៣២ ក្រុមហ៊ុន ទៅកាន់​គោលដៅ​ចំនួន ៤២​។

សហព័ន្ធ​បាន​បញ្ជាក់ថា​ការនាំចេញ​អង្ករ​រួមមាន ៖«​នាំចេញ​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប​ចំនួន ២២ បាន​បរិមាណ​អង្ករ​ចំនួន ២៥ ០០៥ តោន គិត​ជា​ទឹកប្រាក់​ចំនួន ១៨,៨៥ ​លាន​ដុល្លារ​, នាំចេញ​ទៅកាន់​ប្រទេស​ក្នុង​អាស៊ាន រួមទាំង​ទី​ម័​រ​ខាងកើត ចំនួន ៥​ប្រទេស បាន​បរិមាណ ចំនួន ១១ ៩៩៩​ តោន គិត​ជា​ទឹកប្រាក់ ៨,៣០​ លាន​ដុល្លារ​, ទៅកាន់​ប្រទេស​ចិន​ រួមទាំង​ហុងកុង និង​ម៉ា​កាវ​ចំនួន ៥ ១៧១ តោន គិត​ជា​ទឹកប្រាក់ ២,៩៣​ លាន​ដុល្លារ​, និង​ទៅកាន់​គោលដៅ ១៣​ ផ្សេងទៀត​អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូ​ហ្សេ​ឡេ​ន បាន​ចំនួន ៤ ០៤៦ តោន គិត​ជា​ទឹកប្រាក់​ចំនួន ២,៥៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​»​។

ដោយឡែក​ការនាំចេញ​ស្រូវ​ទៅ​ប្រទេសជិតខាង​វិញ សម្រេចបាន ជិត ​៦០​ ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​សរុប​ជាង ​១៨៤​ លាន​ដុល្លារ​។

លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ការរីកចម្រើន​នៃ​ទីផ្សារ​នៅ​បណ្តា​ប្រទេស​ក្នុង​ហគ​មន៍​អឺរ៉ុប គឺ​កើតចេញ​មួយផ្នែក​ពី​កិច្ច​គាំទ្រ​របស់​ក្រសួងពាណិជ្ជកម្ម និង សហគ្រិន​ខ្មែរ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុងការ​រៀបចំ​ពន្លា​តាំង​ផលិតផល​ស្រូវ​អង្ករ​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូបអាហារ​អន្តរជាតិ (ANUGA FOOD FAIR 2023) នា​ថ្ងៃទី ​៧ ដល់ ១១ ខែតុលា ឆ្នាំ​ ២០២៣ នាទី​ក្រុង​កូ​ឡូញ ប្រទេស​អាល្លឺម៉ង់​។

ទោះជា​យ៉ាងណាក៏ដោយ លោក​បាន​បន្ថែមថា ចាប់តាំងពី​ចូល​ខែមករា ឆ្នាំ ​២០២៤ តម្លៃ​ដឹកជញ្ជូន​បាន​ឡើងថ្លៃ​ដល់​ទៅ ​៧០​ភាគរយ នៃ​តម្លៃ​ខ្ពស់បំផុត ខណៈ​ស្ថានភាព​នៃ​បញ្ហា​នេះ មិនទាន់​អាច​ព្យាករណ៍​បាន​នៅឡើយ​។  

​លោក​បាន​បញ្ជាក់ថា​៖ «​ការឡើង​ថ្លៃ​ដ៏​ខ្លាំង​នៃ​តម្លៃ​ដឹកជញ្ជូន​នេះ បានធ្វើឱ្យ​ក្រុមហ៊ុននាំចេញ​អង្ករ​ជួប​ការលំបាក​ខ្លះ ប៉ុន្តែ​ការនាំចេញ​នៅតែ​បន្ត​ជាធម្មតា គ្រាន់​បរិមាណ​នៃ​ការនាំចេញ​អាច​នឹង​តិចជាង​មុន​។​ប៉ុន្តែ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅតែមាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​នៅតែ​បន្ត​មាន​កំណើន ក្នុង​ឆ្នាំ ​២០២៤ នេះ​»៕