នាវា​ទេសចរណ៍​មួយគ្រឿង​ឈ្មោះ ​AIDABELLA ដែល​បាន​ដឹក​ភ្ញៀវទេសចរ​អន្តរជាតិ​ច​ម្រុះ​ជាតិ​សាសន៍ សរុប​ប្រមាណ ២​ ពាន់​នាក់ បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ នឹង​ត្រៀម​ទិសដៅ​ទៅ​ទស្សនា​គោលដៅ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ខណៈ​មន្ទីរ​ទេសចរណ៍​ខេត្ត អំពាវនាវ​ដល់​អាជីវករ​ចូលរួម​ផ្ដល់​សេវាកម្ម​ឱ្យបាន​ល្អ និង​តម្លៃ​សមរម្យ​។

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នៅ​ថ្ងៃទី ​១០ ខែកុម្ភៈ ឆ្នាំ ២០២៤ មាន​នាវា​ទេសចរណ៍​មួយគ្រឿង​ឈ្មោះ AIDABELLA សញ្ជាតិ ITALY មាន​បណ្ដោយ​ប្រវែង ២៥១,៨៩​ម៉ែត្រ និង​ទទឹង​ប្រវែង ៣៧,៦​ម៉ែត្រ ជម្រៅ​ទឹក ៧,៣​ម៉ែត្រ មកពី​ប្រទេស​វៀតណាម បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ វេលា​ម៉ោង ៧ ព្រឹក​។ នាវា​ទេសចរណ៍​នេះ មាន​ភ្ញៀវទេសចរ សរុប ១៩៧៦​នាក់ ស្រី ១០២៩​នាក់ មាន​២០​សញ្ជាតិ និង នាវិក​ចំនួន ៦២៥​នាក់​ស្រី ១៣១​នាក់ ចំនួន ២៨​សញ្ជាតិ​។

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា​៖ «​ភ្ញៀវទេសចរ​ភាគច្រើន​ជាងគេ​ជនជាតិ អាល្លឺម៉ង់ ១៨១០​នាក់  អូទ្រីស ៥១​នាក់ ។ ទន្ទឹមនេះ​គោលដៅ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​មាន​តំបន់ឆ្នេរ វត្ត​អារាម​និង​ផ្សារ​នៅ​ក្រុងព្រះសីហនុ ភ្នំពេញ សៀមរាប កំពត កែប និង​កំពង់ស្ពឺ​ជាដើម​។ នាវា​ទេសចរណ៍​នេះ​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ម៉ោង​៦​ល្ងាច នា​ថ្ងៃខែ​ឆ្នាំ​ដដែល​»​។

ជាមួយគ្នានេះ ក្នុងនាម​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ស្នើឱ្យ​អាជីវករ​ចូលរួម​ផ្ដល់​សេវាកម្ម​ឱ្យបាន​ល្អ និង​តម្លៃ​សមរម្យ ដើម្បីឱ្យ​ភ្ញៀវទេសចរ​មក​កម្សាន្ដ​ប្រកបដោយ​ភាព​រីករាយ នឹង​ត្រឡប់​មកលេង​កម្សាន្ដ​នៅពេល​ក្រោយ​ទៀត​។ ជាពិសេស ភ្ញៀវទេសចរ​ដែល​បាន​ដើរលេង​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា ចូលរួម​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។

បន្ថែម​ពីនេះ មន្ទីរ​ទេសចរណ៍​ខេត្ត បាន​លើកទឹកចិត្ត ក្នុង​ការបន្ដ​ថែរក្សា​អនាម័យ ដើម្បី​រមណីយដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យបាន​ស្អាត ដែល​នឹង​រួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​ពី​គ្រប់ទិសទី​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​មក​តាម​នាវា​នានា​ទាំងអស់ ទោះជា​នាវា​នោះ​ដឹក​ភ្ញៀវទេសចរ​ក្នុង​ចំនួន​ណាក៏ដោយ សុទ្ធតែ​នាំ​ផលប្រយោជន៍​ដល់​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ទោះ​ជាមាន​ភ្ញៀវ​មាន​ចំនួន​ប៉ុន្មាន​ក៏ដោយ ឱ្យតែ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ ឬ តំបន់​ណាក៏ដោយ​របស់​កម្ពុជា គឺ​សុទ្ធសឹងតែ​នាំចូល​ប្រទេស​កម្ពុជា​ដែល​រួមចំណែក​ដល់​ការលើកស្ទួយ​សេដ្ឋកិច្ច​នៅតាម​មូលដ្ឋាន​»៕