ភ្នំពេញៈ កម្ពុជារកប្រាក់បានជិត ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៣ ពីការនាំចេញគ្រឿងសង្ហារិម សម្ភារគ្រែ និងផលិតផលប្រហាក់ប្រហែល ដោយចំនួនទឹកប្រាក់នេះធ្លាក់ចុះតិច-តួចធៀបទៅឆ្នាំ ២០២២ ប៉ុន្តែសម្រាប់ខែចុងក្រោយ ឆ្នាំ ២០២៣ ចំនួនទឹកប្រាក់នេះបានដល់ជិត ៣៥ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិ GDCE ឱ្យដឹងថា ទឹកប្រាក់ដែលកម្ពុជារកបានពីការនាំចេញជំពូកទំនិញ (HS ២ ខ្ពង់) លេខកូដ ៩៤ ដែលរួមមានគ្រឿងសង្ហារិម, សម្ភារគ្រែ ពូក ខ្នើយកល់ និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ៨៨៩,៦២ លានដុល្លារ ធ្លាក់ចុះ ៦,២ ភាគរយធៀបឆ្នាំ ២០២២ ដែលមាន ៩៤៨,២៦ លានដុល្លារ។ ទឹកប្រាក់នៃការនាំចេញទំនិញលេខកូដ ៩៤ គឺស្មើនឹង ៣,៩ ភាគរយនៃចំនួនទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជាទៅទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៣ ដែលមាន ២២,៦៤ ពាន់លានដុល្លារ។
សម្រាប់ខែធ្នូ ឆ្នាំ ២០២៣ ទឹកប្រាក់នាំចេញទំនិញក្នុងជំពូកលេខកូដ ៩៤ គឺ ៥៩,៩៣ លានដុល្លារ កើន ៣៤,៧ ភាគរយ បើធៀបខែធ្នូ ឆ្នាំ ២០២២ ដែលមាន ៤៤,៤៩ លានដុល្លារ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកុម្ភៈ ថា នៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលជួបបញ្ហាជាបន្តបន្ទាប់រយៈពេល ៣-៤ ឆ្នាំកន្លងមកនេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិបានធ្លាក់ចុះស្ទើរគ្រប់គោលដៅ និងគ្រប់វិស័យ។ ស្ថានភាពនេះនឹងល្អប្រសើរនៅពេលវិបត្តិដែលបង្កឡើងដោយបញ្ហាផ្សេងៗដូចជា ជម្លោះភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធរវាងប្រទេសមួយចំនួនត្រូវបញ្ចប់។
លោកបន្តថា សម្រាប់សមត្ថភាពនៃចង្វាក់ផលិតកម្មកម្ពុជា គឺនៅតែបោះជំហានទៅមុខជាធម្មតា ខណៈកម្ពុជាកំពុងវិវឌ្ឍន៍ខ្លួនក្លាយជាទីតាំងផលិតទំនិញចម្រុះកាន់តែច្រើន។
លោកនិយាយថា៖ «តាមពិតទឹកប្រាក់នាំចេញទំនិញទៅទីផ្សារអន្តរជាតិបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆមាសទី២ ឆ្នាំ ២០២២ មក ប៉ុន្តែវាចាប់ផ្តើមល្អជាបណ្តើរៗហើយកាលពីចុងឆ្នាំ ២០២៣។ តាមរយៈការងើបឡើងវិញនាពេលចុងក្រោយនេះ ខ្ញុំមានជំនឿថា ការនាំចេញផលិតផលទាំងនេះនឹងមានភាពវិជ្ជមានក្នុងឆ្នាំ ២០២៤ នេះ ខណៈបរិមាណទំនិញនៅក្នុងឃ្លាំងស្តុករបស់ក្រុមហ៊ុនបញ្ជាទិញក៏ធ្លាក់ចុះដែរ»។
លោកបន្ថែមថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជាបានធ្វើជាមួយប្រទេសជាច្រើន ក៏នឹងឱ្យកម្ពុជាមានទីផ្សារនាំចេញកាន់តែធំ នៅពេលសេដ្ឋកិច្ចពិភពលោកល្អឡើងវិញ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ការធ្លាក់ចុះទឹកប្រាក់នាំចេញកាលពីឆ្នាំ ២០២៣ គឺដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកមិនល្អ។ ទោះយ៉ាងណា មួយរយៈចុងក្រោយនេះសកម្មភាពការនាំចេញ-នាំចូលទំនិញអន្តរជាតិបានចាប់ផ្តើមងើបឡើងវិញហើយ។
លោកបន្តថា ជាមួយគ្នានេះក៏មានក្រុមហ៊ុនថ្មីៗជាច្រើនបានចូលមកបើកដំណើរការអាជីវកម្ម និងរោងចក្រនៅកម្ពុជាដែរ។
លោកអះអាងថា៖ «នៅពេលសេដ្ឋកិច្ចពិភពលោកដំណើរការល្អ តម្រូវការផលិតផលទាំងនេះនឹងហក់ឡើងវិញ ដូច្នេះការបញ្ជាទិញនឹងកើនឡើង»៕