ភ្នំពេញៈ ស្របពេលសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងបន្ត ជាពិសេសការកើនឡើងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាច ប្រព័ន្ធធនាគារនៅកម្ពុជាបានកត់ត្រាកំណើនឥណទានក្នុងអត្រាដ៏ទាប គឺ ៤,៨ ភាគរយ កាលពីឆ្នាំមុន ដែលជាកំណើនទាបមិនធ្លាប់មានក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។
វិស័យមួយនេះនៅតែរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ប្រព័ន្ធធនាគាររបស់កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៨ ធនាគារឯកទេស ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨៧។ កំណើនឥណទានក្នុងប្រព័ន្ធធនាគារបានកើនដល់ ៥៧,៦ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៣ កើន ៤,៨ ភាគរយធៀបនឹងឆ្នាំ ២០២២។
របាយការណ៍ឱ្យដឹងទៀតថា ការបែងចែកប្រាក់កម្ចីតាមវិស័យរួមមានសណ្ឋាគារ និងភោជនីយដ្ឋាន បានកើនឡើង ០,៦ ភាគរយប៉ុណ្ណោះ, ការលក់ដុំ កើនឡើង ៤,៨ ភាគរយ, ការទិញលំនៅឋាន កើនឡើង ៦,៤ ភាគរយ, អចលនទ្រព្យ កើនឡើង ១៦,៩ ភាគរយ, និងសំណង់ កើន ១៣,៩ ភាគរយ។ ប្រាក់កម្ចីមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារទាំងមូលមានចំនួន ៥,៤ ភាគរយ និងវិស័យមីក្រូហិរញ្ញវត្ថុមានចំនួន ៦,៧ ភាគរយកាលពីឆ្នាំមុន។
របាយការណ៍ឱ្យដឹងទៀតថា ប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារបានកើនឡើង ១៣,១ ភាគរយដល់ ៤៧,៩ ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣។
របាយការណ៍បន្ថែមថា ទ្រព្យសកម្មបច្ចុប្បន្នក្នុងប្រព័ន្ធធនាគារកម្ពុជាបានកើនឡើងដល់ ៨៤,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៨,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំកាលពីចុងខែមករាថា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ NPL មានការកើនឡើងតិចតួច ដោយសារការរីករាលដាលជំងឺកូវីដ ១៩ និងការធ្លាក់ចុះកំណើនប្រាក់កម្ចី។
លោកស្រីអះអាងថា៖ «តាមពិតទៅ ប្រាក់កម្ចីមិនដំណើរការ គឺស្ថិតនៅក្រោមកម្រិតដែលអាចគ្រប់គ្រងបាន ប៉ុន្តែការកើនឡើងប្រាក់កម្ចីមិនដំណើរការនាំឱ្យមានការធ្លាក់ចុះប្រាក់ចំណេញ ដូច្នេះវាធ្វើឱ្យការបង្កើនល្បឿនកំណើនប្រាក់កម្ចីដើម្បីគាំទ្រទៅដល់សកម្មភាពសេដ្ឋកិច្ច»។
ប្រតិបត្តិការរបស់ធនាគារមួយចំនួននៅតែរឹងមាំ
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី បានឱ្យដឹងថា ប្រតិបត្តិការធនាគាររបស់លោកនៅតែដំណើរការល្អកាលពីឆ្នាំមុន បើធៀបនឹងឧស្សាហកម្មទាំងមូល។
លោកថ្លែងថា៖ «កាលពីឆ្នាំមុនយើងទទួលបានប្រតិបត្តិការល្អខ្លាំងធៀបនឹងវិស័យផ្សេងៗទៀត។ ទ្រព្យសកម្មសរុបរបស់យើងបានកើនឡើងជាង ១៤ ភាគរយ ខណៈប្រាក់កម្ចីរបស់យើងកើនឡើងជាង ៨ ភាគរយ ហើយប្រាក់បញ្ញើបានកើន ១៥ ភាគរយ។ ជាពិសេសប្រតិបត្តិការរបស់យើងដំណើរការល្អកាលពីឆ្នាំមុនបើធៀបទៅនឹងវិស័យទាំងមូល»។
យោងតាមលោក ចៅចេក ប្រាក់កម្ចីភាគច្រើនត្រូវបានផ្តល់ទៅឱ្យពាណិជ្ជកម្មលក់រាយ (ប្រហែល ៣៨ ភាគរយ) លំនៅឋាន (ប្រហែល ២៤ ភាគរយ) ការដឹកជញ្ជូន (ប្រហែល ១១ ភាគរយ) កម្ចីផ្ទាល់ខ្លួន (ប្រហែល ៨ ភាគរយ) សំណង់ និងអចលនទ្រព្យ (៥ ភាគរយ) និងកសិកម្ម (៥ ភាគរយ)។ លោកបញ្ជាក់ថា៖ «ឆ្នាំនេះយើងសង្ឃឹមថានឹងមានកំណើនល្អជាងឆ្នាំ ២០២៣»។
លោក ឃឹម សំបូររតនា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃធនាគារ ABA បានឱ្យដឹងថា ទ្រព្យសកម្មសរុបរបស់ធនាគារលោក បានកើនដល់ ១១,៣ ពាន់លានដុល្លារ គិតត្រឹមខែធ្នូឆ្នាំមុន កើនពី ៩ ពាន់លានដុល្លារ កាលពីចុងខែធ្នូ ឆ្នាំ ២០២២។ ប្រាក់កម្ចីរបស់ធនាគារបានកើនឡើងដល់ ៧,៧ ពាន់លានដុល្លារពី ៦,៥ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ ខណៈដែលប្រាក់បញ្ញើបានកើនឡើងដល់ ៩ ពាន់លានដុល្លារកាលពីឆ្នាំមុនពី ៧,៤ ពាន់លានដុល្លារ។
លោកថ្លែងថា៖ «ធនាគារ ABA តែងតែមានគោលបំណងគាំទ្រអតិថិជនមកពីគ្រប់វិស័យ ចាប់ពីកម្ចីអាជីវកម្មខ្នាតតូច រហូតដល់កម្ចីពាណិជ្ជកម្ម និងសាជីវកម្ម។ តាមរយៈកម្ចីនេះគឺមានការរួមចំណែកដ៏សំខាន់ចំពោះកំណើនរបស់យើងបានមកពីមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម (MSME) ដែលយើងជឿថា ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
លោកបានពន្យល់ថា ធនាគារ ABA មិនដែលដាក់កំហិត ឬយន្តការណាមួយទាក់ទងនឹងសំណើកម្ចីក្នុងអំឡុងពេលដ៏លំបាកនេះទេ។ អត្រា NPL របស់ធនាគារនៅតែមានកម្រិតទាបនៅក្រោម ៤ ភាគរយ ដែលបង្ហាញពីការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការដាក់ចេញយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។
សេដ្ឋកិច្ចកម្ពុជា មានភាពវិជ្ជមានកាន់តែខ្លាំងនៅឆ្នាំនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ៣១ ខែមករា បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើង ៥,៣ ភាគរយនៅឆ្នាំ ២០២៣ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំណើរការដ៏រឹងមាំនៅក្នុងការនាំចេញមិនមែនកាត់ដេរ។
ទាំងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារជាតិនៃកម្ពុជាបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនអត្រា ៦,១ ភាគរយ និង ៦,៤ ភាគរយរៀងៗគ្នានៅឆ្នាំ ២០២៤ នេះ ដែលគាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យផលិតកម្ម ខណៈអតិផរណាមានកម្រិត ៣ ភាគរយ និង ២,៥ ភាគរយរៀងៗគ្នា៕