ភ្នំពេញៈ គម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្មកម្ពុជាកំពុងហក់ឡើងជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ ២០២៣ កន្លងមកក្នុងចំណោមគម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគ គឺមានជាង ៩០ ភាគរយស្ថិតក្នុងវិស័យឧស្សាហកម្ម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅក្នុងឆ្នាំ ២០២៣ CDC បានអនុម័តឱ្យគម្រោងវិនិយោគសរុប ២៦៨ (គម្រោងថ្មី ២៤៧ និងគម្រោងពង្រីកផលិតកម្ម ២១) ដោយគម្រោងទាំងអស់មានទុនវិនិយោគសរុប ៤,៩ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ៣០ ម៉ឺនកន្លែង។
CDC ឱ្យដឹងទៀតថា ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ប្រមាណ ៩២,៥៤ ភាគរយ (២៤៨គម្រោង) នៃគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ ភាគរយបានពីវិស័យនេះ។ គម្រោងក្នុងវិស័យឧស្សាហកម្មធំៗមានដូចជា គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍, គម្រោងពង្រីកផលិតកម្មដំឡើងម៉ូតូ, និងរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែកុម្ភៈ ថា លក្ខខណ្ឌអំណោយ ផលនៃទីតាំងភូមិសាស្ត្រ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ច្បាប់វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពលកម្ម ទីផ្សារ និងប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសធំៗ បានជួយឱ្យកម្ពុជា ទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបើករោងចក្រ/សហគ្រាសកាន់តែច្រើន។ លោកបន្ថែមថា បន្ថែមលើនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខា និងចូលជាធរមានជាបន្តបន្ទាប់ជាមួយប្រទេសចិន កូរ៉េខាងត្បូង កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏ជាចំណែកជួយទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកថ្លែងថា៖«កម្ពុជាកំពុងបង្កើនសក្តានុពលក្នុងការទាក់ទាញឱ្យវិនិយោគិនមកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសមួយរយៈចុងក្រោយនេះគេសង្កេតឃើញមានរោងចក្រធំៗជាច្រើនដូចជា ឧស្សាហកម្មផលិត និងដំឡើងយានយន្ត ផលិតសម្បកកង់យានយន្ត គ្រឿងបង្គុំម៉ាស៊ីន សម្ភារអគ្គិសនី និងរោងចក្រធុនធ្ងន់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀត»។
លោកលើកឡើងថា ដើម្បីចូលរួម និងត្រៀមចាប់យកឱកាសពីការមកដល់របស់រោងចក្រ/ឧស្សាហកម្មធំៗ បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញយុទ្ធសាស្ត្របណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួនផងដែរ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកតែ តាំងប៉ បាននិយាយថា ឱកាសក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននឹងមានកាន់តែច្រើនបន្ថែមទៀត បើតម្លៃអគ្គិសនីនៅកម្ពុជាអាចធ្លាក់ចុះទាបជាងពេលនេះ ឬប្រហាក់ប្រហែលប្រទេសជិតខាង។ គ្រប់ចង្វាក់ផលិតកម្ម គឺត្រូវការប្រើប្រាស់ថាមពល ដូច្នេះបើតម្លៃអគ្គិសនីទាប ថ្លៃដើមផលិតក៏ទាប ដែលនឹងធ្វើឱ្យសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិកើនឡើង។ លោកបន្តថា ឧស្សាហកម្មធំៗបានចូលមកវិនិយោគផ្ទាល់នៅកម្ពុជាជាបន្តបន្ទាប់នាពេលនេះ។
លោកថ្លែងថា៖«តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគគិន ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ ពេលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាបវិនិយោគិននឹងមើលឃើញពីឱកាសចេញពីកត្តាទាំងអស់នោះ»។
ឯកសារថវិកាសង្ខេបឆ្នាំ ២០២៤ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងងើបឡើងវិញហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ។ តាមការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ ត្រូវបានទ្រទ្រង់សំខាន់ជាងគេដោយវិស័យឧស្សាហកម្ម។
ឯកសារបញ្ជាក់ថា៖«វិស័យឧស្សាហកម្មត្រូវបានព្យាករនឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥ ភាគរយក្នុងឆ្នាំ ២០២៤ គឺប្រមាណ ៥,០ ភាគរយក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាប»៕