​ភ្នំពេញៈ ការនាំ​ទំនិញ​ផលិត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ខែ​ដំបូង​នៃ​ឆ្នាំ​​ ២០២៤ បាន​ហក់​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​ដោយមាន​ទឹកប្រាក់​ជិត ២​ ពាន់​លាន​ដុល្លារ កើន​ជិត ៣០ ភាគ​​រយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ខណៈ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​មាន​ចំនួន​សរុប​ជាង ៤ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​ទំនិញ​ដែល​កត់ត្រា​ដោយ GDCE ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អន្តរជាតិ​មាន​ទឹកប្រាក់ ១,៩៧​ ពាន់​លាន​ដុល្លារ​ កើនឡើង ២៧ ​ភាគរយ​ បើ​ធៀប​នឹង​ខែមករា ឆ្នាំ​ ២០២៣ ដែលមាន ១,៥៥ ពាន់​លាន​ដុល្លារ ចំណែក​ទំនិញ​នាំចូល​ពី​ក្រៅប្រទេស​មាន​ចំនួន ២,០៩​ ពាន់​លាន​ដុល្លារ កើន​ឡើង ៨,៧​ ភាគរយ​ពី ១,៩២ ​ពាន់​លាន​ដុល្លារ​។ បើ​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ក្នុង​ខែមករា ឆ្នាំ ​២០២៤ មាន​ទឹកប្រាក់​សរុប ៤,០៦​ ពាន់​លាន​ដុល្លារ កើន​ ១៦,៩ ពី ៣,៤៧​ ពាន់​លាន​ដុ​ល្លារ​ក្នុង​ខែមករា ឆ្នាំ​ ២០២៣​។​

​សម្រាប់​តុល្យភាព​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​ខែមករា ឆ្នាំ​ ២០២៤ កម្ពុ​ជាមាន​ឱនភាព ១២៣,០៩​ លាន​ដុល្លារ ខណៈ​ក្នុង​ខែមករា ឆ្នាំ​ ២០២៣ មាន​ចំនួន ៣៧៣,៨៩ ​លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ​ថា ការ​ងើប​ឡើងវិញ​ជា​បណ្តើរៗ​កំណើនសេដ្ឋកិច្ច​សកល ស្របពេល​សមត្ថភាព​ផលិត​​កម្ម​នៅ​កម្ពុជា​កំពុង​កើនឡើង បានធ្វើឱ្យ​ទឹកប្រាក់​ការផ្លាស់ប្តូរ​ទំនិញ​ជាមួយ​ប្រទេស​ដៃគូ​នានា ពិសេស​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នា​ខែ​ទី​១ ឆ្នាំ​ ២០២៤​។ តាមរយៈ​អ្វីដែល​កម្ពុជា​កំពុងមាន គឺ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​នឹង​បន្ត​កើនឡើង​ថែមទៀត​នាពេលខាងមុខ​។​

​លោក​បាន​បន្តថា សម្រាប់​កំណើន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា គឺ​ដោយ​​សារ​កត្តា​ចម្បង​ចំនួន ២ គឺ​ទី​១ ការ​​កើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​ដែល​បាន​ពី​កំណើន​រោងចក្រ​/​សហគ្រាស និង​កំណើន​ទិន្នផល​ក្នុង​វិស័យ​កសិកម្ម និង​ទី​២ កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​ធំៗ​ដែល​ទទួលបាន​ពី​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​នាំ​ទំនិញ​ទៅ​ប្រទេស​មួយចំនួន ព្រមទាំង​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មានជំនឿថា ទឹក​ប្រាក់​នៃ​ការនាំចេញ​ទំនិញ​កម្ពុជា​នឹង​បន្ត​កើនឡើង​ទៀត​ក្នុងឆ្នាំនេះ ព្រោះ​បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ផលិតផល​ជាច្រើន​មុខ​សម្រាប់​នាំចេញ ខណៈ​កេរ្តិ៍​ឈ្មោះ គុណភាព និង​តម្លៃ​ទំនិញ​កម្ពុជា​ក៏មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​ផងដែរ​»​។​​

បើតាម​លោក លឹម ហេង ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ បច្ចុប្បន្ន​កម្ពុជា​ក៏​ជា​ប្រទេស​នាំចេញ​ផលិតផល​ក​សិ​កម្ម គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី និង​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បាន​ប្រាប់ថា ស្ទើរ​ពេញ ១​ ឆ្នាំ​ ២០២៣ ការនាំចេញ​ផលិត​​ផល​វាយ​ន​ភណ្ឌ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​បាន​ធ្លាក់ចុះ ប៉ុន្តែ​ស្ថានភាព​នេះ​បានចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បណ្តើរៗ​ហើយ​តាំងពី​ចុងឆ្នាំ​ ២០២៣ មក​។ ក្នុងនាម​ជា​ប្រទេស​ផលិត និង​នាំចេញ គឺ​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការផលិត​ទំនិញ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​។​

​លោក​ប្រាប់ថា​៖ «​ភាព​ធូរស្រាល​នៃ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល​បានធ្វើឱ្យ​កម្លាំង​ការបញ្ជាទិញ​កម្រើក​ឡើង​វិញ​ជា​បណ្តើរៗ​។ ដោយសារតែ​កម្ពុ​ជាមាន​ធនធាន​គ្រាន់​គ្រាន់​សម្រាប់​ផលិត​ទំនិញ​តាម​ការចង់បាន​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ ដូច្នេះ​ខ្ញុំ​ជឿថា​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ក្នុងឆ្នាំនេះ​នឹងមាន​ចំនួន​លើស​ឆ្នាំ ​២០២៣»​។​

​បើតាម​លោក ឃុន​ថៃ អំឡុង​ពេលដែល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​មិនសូវ​ល្អ​ប៉ុន្មាន​ឆ្នាំនេះ គឺ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន​ឱ្យមក​បើក​អាជីវកម្ម ឬ​រោងចក្រ​។​

​ឯកសារ​ថវិកា​សង្ខេប ឆ្នាំ​ ២០២៤ (Budget in Brief Fiscal year 2024) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦ ​ភាគរយ ដែល​នឹង​ធ្វើឱ្យ​ផលិត​ផល​ក្នុងស្រុក​សរុប ​(​ផសស​)​ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១៤ ២៩៥៧​ ពាន់​លាន​រៀល​ (​សមមូល​នឹង ៣៥ ១៦៨ ​លាន​ដុល្លារ​)​។​

​ក្នុងនោះ​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករណ៍​នឹងមាន​ចំនួន ២១,២៨​ ពាន់​លាន​ដុល្លារ​ពី​ចំនួន​ប៉ាន់ស្មាន ១៩,៤៤​ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ​២០២៣ និង​ចំនួន ១៧,៨ ​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២២៕