ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) បានអះអាងថា នឹងពង្រីកការបង្កើតការិយាល័យតំណាងរបស់ខ្លួននៅតាមបណ្តាខេត្តក្រុង ២៥ រាជធានីខេត្ត និងតាមបណ្តាប្រទេសនានាបន្ថែមទៀត នៅលើពិភពលោក ដើម្បីចូលរួមចំណែកក្នុងការផ្តល់ព័ត៌មាននិងទាក់ទាញវិនិយោគពីបរទេសមកកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃ CCC ថ្លែងមកកាន់ភ្នំពេញប៉ុស្តិ៍។
លោក លឹម ហេង អនុប្រធាន CCC បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៣ ខែកុម្ភៈថា ក្នុងជំនួបរវាងប្រធានសភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយលោក គិត ម៉េង ទៅកាន់ក្រសួងពាណិជ្ជកម្ម ដោយជួបជាមួយលោកស្រី ចម និម្មលកាលពីថ្ងៃទី១២ កន្លងមកដើម្បីបង្ហាញជំនួបនេះ គឺជាភាពជាដៃគូរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មដែលជាអាណាព្យាបាល ដោយខាងសភាបានដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤នេះ ដើម្បីពង្រីកកិច្ចប្រតិបត្តិការទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកបានថ្លែងថា ៖«សម្រាប់ទិសដៅរបស់យើងក្នុងឆ្នាំ២០២៤ នេះ យើងនឹងពង្រីកការិយាល័យតំណាងសភាពាណិជ្ជកម្មឱ្យបាន ២៥ ខេត្ត រាជធានីខេត្ត។ ជាមួយគ្នានេះដែរ យើងក៏នឹងពង្រីកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេសនានាផងដែរ។ លើសពីនោះយើងក៏នឹងរៀបចំវេទិកាធុរកិច្ចផ្សេងៗ ជាពិសេសក្នុងពេលអមដំណើរលោកនាយករដ្ឋមន្ត្រីទៅក្រៅប្រទេសនានា ដើម្បីឱ្យមានជំនួបធុរកិច្ច និងកិច្ចប្រជុំធុរកិច្ចផ្សេងៗ»។
ជាមួយគ្នានោះដែរ យើងនឹងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតច្បាប់ពាណិជ្ជកម្មផ្សេងៗ ជាដើម។ យើងដឹងស្រាប់ហើយថា សភាពាណិជ្ជកម្មកម្ពុជាគឺជាគ្រឹះស្ថានសាធារណរបស់រដ្ឋ ដែលតំណាងឱ្យវិស័យឯកជនតែមួយគត់នៅកម្ពុជា ដោយយើងមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន យើងមានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងអាស៊ានបូកអាមេរិក ជប៉ុន កាណាដា ចិន និងអូស្ត្រាលីជាដើម»។
កាលពីខែឧសភា ឆ្នាំ២០២៣ CCC បានបើកការិយាល័យតំណាងចំនួន២ នៅប្រទេសអូស្ត្រាលី គឺនៅទីក្រុង មែលប៊ន និងនៅស៊ីដនី។ លើសពីនេះ នាពេលកន្លងមក CCC ក៏បានបើកការិយាល័យ តំណាង របស់ខ្លួន នៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងប្រទេសជប៉ុនផងដែរ៕