ភ្នំពេញៈ ការមកដល់ប្រទេសកម្ពុជាពីសំណាក់ភ្ញៀវទេសចរបរទេសចំនួនជិត ៥,៥ លាននាក់កាលពីឆ្នាំ ២០២៣ ជួយឱ្យវិស័យទេសចរណ៍កម្ពុជារកចំណូលបានជាង ៣ ពាន់លានដុល្លារ កើនលើសឆ្នាំ ២០២២ ជាង ១១០ ភាគរយ។ នេះបើតាមក្រសួងទេសចរណ៍។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ មានភ្ញៀវបរទេស ៥,៤៥ លាននាក់បានមកប្រទេសកម្ពុជា ដោយចំនួននេះកើនឡើង ១៣៩,៥ ភាគរយធៀបនឹងឆ្នាំ ២០២២ ចំណែកទឹកប្រាក់ដែលរកបានពីវិស័យទេសចរណ៍បរទេស គឺប្រមាណ ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥ ភាគរយពីចំនួន ១,៤១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។យោងតាមរបាយការណ៍ ជាមធ្យមអ្នកទេសចរបរទេសស្នាក់នៅប្រទេសកម្ពុជាចំនួនយ៉ាងតិច ៧ ថ្ងៃ។
លោក អនហេង សុភ័ក្រ ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែកុម្ភៈថា បន្ទាប់ពីឥទ្ធិពលនៃការគំរាមកំហែងពីជំងឺកូវីដ ១៩ បានថមថយចំនួនភ្ញៀវទេសចរបរទេស ធ្វើដំណើរមកកម្ពុជា កាលពីឆ្នាំ ២០២៣ បានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ ២០២២ ហើយចំនួននេះត្រូវបានព្យាករថានឹងកើនថែមទៀតនៅក្នុងឆ្នាំ ២០២៤ នេះ។ លោកបន្តថា ភ្ញៀវទេសចរបរទេស គឺពិតជាចូលរួមចំណែកច្រើនក្នុងការបង្កើតមុខរបរ និងប្រាក់ចំណូលទៅដល់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
លោកបន្តថា ទោះយ៉ាងណាសម្រាប់ភ្ញៀវជនជាតិចិន ដែលធ្លាប់មានចំនួនច្រើនជាងគេក្នុងការធ្វើដំណើរមកកម្ពុជាកាលពីអំឡុងឆ្នាំ ២០១៩ គឺពេលនេះនៅមានតិចតួចនៅឡើយ។
លោកនិយាយថា៖«ក្នុងនាមប្រតិបត្តិករទេសចរណ៍យើងមានសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរច្រើនបន្ថែមទៀត ជាពិសេសជនជាតិចិន ខណៈឆ្នាំ ២០២៤ នេះរដ្ឋាភិបាលប្រទេសទាំង ២ ក៏បានកំណត់ថាជាឆ្នាំផ្លាស់ប្ដូរវប្បធម៌ និងប្រជាជន»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា ភាពធូរស្រាលនៃវិបត្តិសកលដែលបណ្តាលពីជំងឺកូវីដ ១៩ បានធ្វើឱ្យចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទូទាំងពិភពលោកចាប់ផ្តើមកម្រើកឡើងវិញជាបន្តបន្ទាប់។ ជាមួយនេះរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទាក់ទាញភ្ញៀវបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។ លោកស្រីបន្តថា ជាក់ស្តែងថ្មីៗនេះរដ្ឋាភិបាលកម្ពុជាក៏បានកែសម្រួលអនុក្រឹត្យស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា» ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពក្នុងការស្រូបភ្ញៀវបរទេសឱ្យមកកម្ពុជាកាន់តែច្រើន។
លោកស្រីថ្លែងថា៖«នៅពេលផ្នែកពាក់ព័ន្ធទាំងអស់ចូលរួមសហការគ្នាក្នុងការផ្សព្វផ្សាយ និងធ្វើបដិសណ្ឋារកិច្ចបានល្អ ព្រមទាំងមានទីតាំងកម្សាន្ត និងផលិតផលទេសចរណ៍កាន់តែច្រើន កម្ពុជានឹងមានឱកាសក្នុងការស្រូបទាញភ្ញៀវបរទេសកាន់តែច្រើន។ ប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិក៏នឹងកើនទៅតាមនោះដែរ»។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប បានធ្វើពិធី «បើកឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនឆ្នាំ ២០២៤ ដោយសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងក្លាយជាកាតាលីករសម្រាប់កំណើនទេសចរណ៍ និងការវិនិយោគបរទេសមកកម្ពុជា ពិសេសជនជាតិចិន។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានថ្លែងនៅក្នុងពិធីខាងលើថា៖«ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមនេះនឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកម្ពុជា»។
ឆ្នាំ ២០១៩ គឺជាពេលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុត គឺមានចំនួន ៦,៦១ លាននាក់ កើន ៦,៦ ភាគរយ។ ចំណូលដែលកម្ពុជាទទួលបានពីទេសចរណ៍អន្តរជាតិនៅពេលនោះ គឺ ៤,៩២ ពាន់លានដុល្លារ។ វិស័យទេសចរណ៍ បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ១២,១ ភាគរយ។ នេះបើតាមក្រសួងទេសចរណ៍៕