ភ្នំពេញៈ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិ ក្នុងឆ្នាំ ២០២៣ កន្លងមកសម្រេចបានប្រមាណជិត ៦,២ ពាន់លានដុល្លារ ដែលស្មើជាង ៩៦ ភាគរយនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងការចំណាយមានទឹកប្រាក់ជិត ៧,៤ ពាន់លានដុល្លារ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ខែធ្នូ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចេញផ្សាយក្នុងដើមសប្តាហ៍នេះឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិសម្រេចបាន ២៥ ២១១ ពាន់លានរៀល (ប្រហែល ៦,១៩ ពាន់លានដុល្លារ) ស្មើនឹង ៩៦,០៥ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ក្នុងនោះចំណូលពន្ធ ២១ ២១៩ ពាន់លានរៀល (៥,២១ ពាន់លានដុល្លារ) ស្មើនឹង ៨៤,១៧ ភាគរយនៃចំណូលសរុប, អំណោយ ១ ៤៥៦ ពាន់លានរៀល (៣៥៨,៤៥ លានដុល្លារ) ស្មើនឹង ៥,៧៨ ភាគរយ, និងចំណូលផ្សេងៗ ២ ៥៣៥ ពាន់លានរៀល (៦២២,៣៥លានដុល្លារ) ស្មើ ១០,០៦ ភាគរយ។ បើធៀបនឹងឆ្នាំ ២០២២ គឺការអនុវត្តចំណូលបានថយចុះ ៤,៦៩ ភាគរយ ក្នុងនោះចំណូលពន្ធ ថយចុះ ៤,៤៣ ភាគរយ, អំណោយថយចុះ ២៤,០៨ ភាគរយ និងចំណូលផ្សេងៗ កើនឡើង ៧,៦៩ ភាគរយ។
របាយការណ៍ឱ្យដឹងទៀតថា សម្រាប់ការចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ ២០២៣ គឺ ៣០ ០៧៦ ពាន់លានរៀល(ប្រហែល ៧,៣៨ ពាន់លានដុល្លារ) ស្មើ ៩១,៤៥ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ក្នុងនោះចំណាយ ២១ ២៥៩ ពាន់លានរៀល (៥,២២ ពានលានដុល្លារ) ស្មើ ៧០,៦៨ ភាគរយនៃចំណាយសរុប, និងចំណាយវិនិយោគលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ៨ ៨១៧ ពាន់លានរៀល (២,១៦ ពាន់លានដុល្លារ) ស្មើនឹង ២៩,៣២ ភាគរយនៃចំណាយសរុប។ បើធៀបនឹងរយៈពេល ១២ ខែដូចគ្នាឆ្នាំ ២០២២ ចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិ កើនឡើង ១១,១៨ ភាគរយ ក្នុងនោះចំណាយកើនឡើង ១០,០៤ ភាគរយ, និងចំណាយវិនិយោគលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ កើនឡើង ១៤,០២ ភាគរយ។
ក្រសួងបញ្ជាក់ថា៖ «ក្នុងឆ្នាំ ២០២៣ ការអនុវត្តចំណូលយឺត គួបផ្សំនឹងការអនុវត្តចំណាយលឿន បានធ្វើឱ្យថវិកាមានឱនភាព ប៉ុន្តែឱនភាពនេះស្ថិតក្នុងកម្រិតមួយទាប ពោលគឺស្មើនឹង ៧៣,២៤ ភាគរយនៃឱនភាពថវិកាឆ្នាំដែលបានគ្រោង។ ឱនភាពថវិការរយៈពេល ១២ ខែ ឆ្នាំ ២០២៣ បានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងបំណុល ៥ ២៥៩ ពាន់លានរៀល(១,២៩ ពាន់លានដុល្លារ) និងការធ្លាក់ចុះទ្រព្យសកម្មហិរញ្ញវត្ថុប្រមាណ ៣៩៤ ពាន់លានរៀល (៩៦,៦៩ លានដុល្លារ)»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកុម្ភៈថា ការប្រមូលចំណូលរបស់រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ ២០២៣ ដែលធ្លាក់ចុះតិចតួចធៀបនឹងច្បាប់ថវិកាប្រចាំឆ្នាំ គឺដោយសារកម្ពុជាទទួលរងផលប៉ះពាល់ពីភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល។ ឥទ្ធិពលអវិជ្ជមានសេដ្ឋកិច្ចសកលបានធ្វើឱ្យការនាំចេញទំនិញទៅទីផ្សារអន្តរជាតិធ្លាក់ចុះ ហេតុនេះប្រាក់ដែលរដ្ឋាភិបាលអាចទទួលបានពីការប្រមូលពន្ធទំនិញក៏ធ្លាក់ចុះដែរ។ លោកបន្ថែមថា សម្រាប់ការចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ គឺអាចមានការកើនឡើងតាមរយៈការបញ្ចេញប្រាក់ទៅលើការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន ការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយឧបត្ថម្ភជនងាយរងគ្រោះ ជាដើម។
លោកថ្លែងថា៖ «ទោះបីការប្រមូលចំណូលធ្លាក់ចុះ ហើយការចំណាយកើនឡើងធៀបនឹងច្បាប់ថវិកាប្រចាំឆ្នាំ ប៉ុន្តែវាមិនធ្វើឱ្យរដ្ឋាភិបាលជួបបញ្ហាកង្វះថវិកា ឬធ្វើឱ្យគម្រោងវិនិយោគណាមួយជាប់គាំងទេ ដូច្នេះមានន័យថា រាជរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងចំណូល និងចំណាយប្រចាំឆ្នាំ»។
លោកបន្តថា៖ «សម្រាប់ឆ្នាំ ២០២៤ នេះខ្ញុំមានជំនឿថា ការអនុវត្តចំណូលចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ នឹងមានភាពប្រសើរជាងឆ្នាំ ២០២៣ ជាក់ស្តែងយើងសង្កេតឃើញថា សកម្មភាពពាណិជ្ជកម្មអន្តរជាតិនារយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺចាប់ផ្តើមបង្ហាញភាពលេចធ្លោជាបន្តបន្ទាប់»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ៣១ ខែមករា បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើង ៥,៣ ភាគរយនៅឆ្នាំ ២០២៣ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំណើរការដ៏រឹងមាំក្នុងការនាំចេញមិនមែនកាត់ដេរ។ IMF បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា ៦,១ ភាគរយនៅឆ្នាំ ២០២៤ ដែលគាំទ្រដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងផលិតកម្ម ខណៈអតិផរណាមានកម្រិត ៣ ភាគរយ៕