ភ្នំពេញៈ ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាតាមរយៈការជំរុញកិច្ចសហការស្អិតល្មួត និងស៊ីចង្វាក់ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
ភាគីទាំង ២ បានប្តេជ្ញាចិត្តបែបនេះ ក្នុងជំនួបវាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែកុម្ភៈបានឱ្យដឹងថា លោក សុខ សូកេន បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមទាំងវិស័យទេសចរណ៍។
ប្រភពដដែលបន្ថែមថា លោករដ្ឋមន្ត្រី បានចែករំលែកគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ «បង្កើន៥ អភិវឌ្ឍន៍៣ (BUILD+3Ds) ដែលជាយុទ្ធសាស្រ្តគន្លឹះ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងឈានមុខ»។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើកំណែទម្រង់តួនាទី និងដំណើរការរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodian Tourism Marketing and Promotion Board-CTB) ដែលនឹងជំរុញភាពជាតំណាងគ្រប់ជ្រុងជ្រោយរបស់វិស័យឯកជន ក៏ដូចជាធានាប្រសិទ្ធភាពនៃកិច្ចសហការរវាងរដ្ឋ និងឯកជន ដើម្បីរួមគ្នាជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ។
ជាការឆ្លើយតប លោក TassiloBrinzer បានលើកឡើងពីកិច្ចការចម្បងៗរបស់សភាពាណិជ្ជកម្មនៅក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុន និងអ្នកវិនិយោគ ពីបណ្តាប្រទេសអឺរ៉ុប និងសកលលោក ឱ្យមកវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍។
លោក TassiloBrinzer និងគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងសម្ដែងការគាំទ្រក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំង២ បានសម្តែងការប្តេជ្ញាចិត្តរួមគ្នា តាមរយៈការជំរុញកិច្ចសហការស្អិតល្មួត និងស៊ីចង្វាក់ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានថ្លែងនៅថ្ងៃទី១៤ ខែកុម្ភៈថា សភាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ ប្រជាជនរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជាក៏មានចំនួនច្រើនដែរ ព្រមទាំងមានបណ្តាញទំនាក់ទំនងនៅតាមបណ្តាប្រទេសជាច្រើនទៀត។
លោក ធួន ស៊ីណាន បានថ្លែងថា៖«សម្រាប់ខ្ញុំគិតថា ការចូលរួមរបស់សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប នៅក្នុងវិស័យទេសចរណ៍កម្ពុជា វាជាចរន្តថ្មីមួយ ក្នុងការជួយជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាឱ្យដើរទៅមុខ កាន់តែលឿនឡើង»៕