ភ្នំពេញៈ ក្នុងនាមជាប្រទេសមានព្រំដែនជាប់គ្នា និងមានទំនាក់ទំនងការទូតល្អ វៀតណាមបានឡើងមកលេខ ២ ក្នុងនាមជាប្រទេសដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា ដោយក្នុងខែដំបូងនៃឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុបជាង ៦៧៧ លានដុល្លារ កើនជិតពាក់កណ្តាលធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យពី GDCE ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦៧៧,៦២ លានដុល្លារ កើនឡើង ៤១,៥ ភាគរយ ធៀបខែមករា ឆ្នាំ ២០២៣។ វៀតណាមបានឡើងមកលេខ ២ បន្ទាប់ពីប្រទេសចិន និងនៅពីលើអាមេរិក ក្នុងតារាងប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា។
GDCE ឱ្យដឹងទៀតថា ក្នុងចំនួននេះទំនិញកម្ពុជានាំទៅវៀតណាម មាន ៣៧៣,០៦ លានដុល្លារ កើន ១១៦,៦ ភាគរយពីចំនួន ១៧២,២៣ លានដុល្លារ និងទំនិញវៀតណាមនាំមកកម្ពុជា ៣០៤,៥៧ លានដុល្លារ ថយចុះ ០,៦ ភាគរយពីចំនួន ៣០៦,៥៣ លានដុល្លារ។ កំណើនទឹកប្រាក់នាំចេញនេះ ធ្វើឱ្យជញ្ជីងពាណិជ្ជកម្មកម្ពុជាក្នុងខែមករា ឆ្នាំ ២០២៤ មានឧត្តមភាព ៦៨,៤៩ លានដុល្លារ ខណៈខែមករា ឆ្នាំ ២០២៣ ពាណិជ្ជកម្មកម្ពុជាមានឱនភាព ១៣៤,៣ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកុម្ភៈ ថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត បានជួយឱ្យសម្ទុះការនាំចេញនាំចូលទំនិញប្រទេសទាំង ២ ជាពិសេសទឹកប្រាក់នាំចេញទំនិញកម្ពុជាទៅវៀតណាម កើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កសិផល គឺជាចំណែកសំខាន់នៃការនាំចេញពីកម្ពុជា ដោយនៅរដូវប្រមូលផលម្តងៗមានក្រុមឈ្មួញក្នុងស្រុក និងវៀតណាមជាច្រើនបានមកប្រមូលទិញពីកសិករខ្មែរយកទៅកែច្នៃបន្តនៅប្រទេសវៀតណាម។
លោកបន្តថា ពាណិជ្ជកម្មរវាងប្រទេសជាប់ព្រំដែនទាំង ២ នឹងកើនឡើងថែមទៀត ខណៈរដ្ឋាភិបាលទាំង ២ ក៏មានកិច្ចព្រមព្រៀងស្តីពីចរាចរណ៍ទំនិញឆ្លងដែនផងដែរ។
លោកថ្លែងថា៖ «កំណើនទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា គឺបញ្ជាក់ពីភាពរីកចម្រើននៃកម្លាំងផលិតក្នុងស្រុក ដោយបច្ចុប្បន្ននេះទឹកប្រាក់នាំចេញ នាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់កាន់តែខិតជិតគ្នា»។
យោងតាមលោក លឹម ហេង ដោយសារប្រទេសទាំង ២ មានព្រំដែនគោក និងទឹកជាប់គ្នាច្រើន ដូច្នេះទំហំពាណិជ្ជកម្មគឺមានលើសពីទិន្នន័យដែលបានកត់ត្រាជាផ្លូវការ។ទំនិញសំខាន់ៗដែលកម្ពុជានាំទៅវៀតណាម រួមមានដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី ពោត កៅស៊ូ ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ ចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។ នេះបើតាមលោក លឹម ហេង។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បាននិយាយថា ការបើកច្រកព្រំដែនបន្ថែម និងការសម្រួលនីតិវិធីនៅតាមព្រំដែនបានជួយជំរុញឱ្យមានលំហូរទំនិញ និងមនុស្សរវាងប្រទេសទាំង ២ កាន់តែច្រើន។
ទំនិញប្រទេសទាំង ២ គឺកំពុងឆ្លើយតបឱ្យគ្នាទៅវិញទៅមក ដោយវៀតណាមនាំមកកម្ពុជាភាគច្រើនជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងសំណង់ និងគ្រឿងម៉ាស៊ីនមួយចំនួន ចំណែកកម្ពុជានាំទៅវៀតណាម ភាគច្រើនជាផលិតផល។
លោកបន្តថា នៅពេលការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត (ព្រំដែនវៀតណាម) រួចរាល់ ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍នៃប្រទេសទាំង ២ នឹងកើន ១ កម្រិតទៀត។
លោកបន្តថា៖ «ទំនាក់ទំនងផ្នែកពាណិជ្ជកម្មប្រទេសទាំង ២ នឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខ ខណៈរដ្ឋាភិបាលទាំង ២ កំពុងខំកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើននៅតាមតំបន់ព្រំដែន»។
ក្នុងឆ្នាំ ២០២៣ ការនាំចេញនាំចូលទំនិញរវាងប្រទេសកម្ពុជាវៀតណាម មានទឹកប្រាក់សរុប ៦,៥៨ ពាន់លានដុល្លារ កើន ៧,៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ក្នុងចំនួនខាងលើ គឺការនាំចេញរបស់កម្ពុជាចំនួន ២,៩៧ ពាន់លានដុល្លារ កើន ៣៧,១ ភាគរយ និងវៀតណាមនាំចូល ៣,៦១ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩ ភាគរយ។ យោងតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា បន្តមានឱនភាពប្រមាណ ៦៣៩,៦២ លានដុល្លារ ខណៈកាលពីឆ្នាំ ២០២២ មានរហូតដល់ ១,៨ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕