ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ និងអាជ្ញាធរមូលដ្ឋាន បានអះអាងថា ការដាក់ចេញវិធានការបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនឹងជួយធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុរីកលូតលាស់ខ្លាំងឡើងវិញពេលឆាប់ៗ ខណៈវិស័យសំណង់ អចលនទ្រព្យ និងការវិនិយោគនឹងបោះជំហានទៅមុខកាន់តែលឿន។
បន្ថែមពីលើសេចក្តីជូនដំណឹង និងអនុសាសន៍របស់ថ្នាក់ដឹកនាំរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកទាក់ទងនឹងផែនការជំរុញការអភិវឌ្ឍ និងការវិនិយោគនៅខេត្តព្រះសីហនុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ១២ ខែកុម្ភៈ បានចេញនូវសេចក្តីជូនដំណឹងមួយ ដោយលើកឡើងថា អនុលោមតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ក្រសួងនឹងធ្វើការសម្រួលនីតិវិធី និងបែបបទ និងកាត់បន្ថយរយៈពេលនៃការស្នើសុំ និងផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនម្ចាស់សំណង់។
លិខិតបន្តថា៖ «ដើម្បីចូលរួមអនុវត្តកម្មវិធីពិសេសខាងលើឱ្យមានប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីជំនាញឱ្យចុះធ្វើការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម គម្រោងប្លង់គ្រឿងសំណង់ ការងារសាងសង់ និងការងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ក្នុងករណីម្ចាស់សំណង់មិនមានលិខិត ឬរបាយការណ៍បញ្ជាក់ពីក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីប្រចាំការ រៀបចំដែនដីនៅមន្ទីរនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ និងនៅច្រកចេញចូលតែមួយក្រសួងរៀបចំដែនដី សម្រាប់ផ្តល់ព័ត៌មាន និងសេវាតាមការចាំបាច់»។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកុម្ភៈ ថារាល់ផែនការយុទ្ធសាស្ត្រ និងសេចក្តីជូនដំណឹងរបស់អាជ្ញាធរដែលមានដាក់ចេញ គឺសុទ្ធតែមានបំណងដើម្បីបង្កើតភាពងាយស្រួលសម្រាប់អ្នកវិនិយោគ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើន ខណៈវិបត្តិសេដ្ឋកិច្ចសេដ្ឋកិច្ចសកល រយៈពេលជាង ៤ ឆ្នាំមកនេះបានធ្វើឱ្យគម្រោងវិនិយោគវិស័យសំណង់ក្នុងខេត្តព្រះសីហនុរាប់រយអគារត្រូវជាប់គាំង។
លោកបន្តថា ការសម្រួលនីតិវិធីរបស់ក្រសួងទាក់ទងនឹងច្បាប់សាងសង់ និងការបើកបិទការដ្ឋានសំណង់ គឺពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការជួយជំរុញឱ្យសកម្មភាពការសាងសង់អគារដែលត្រូវគេទុកចោល ៤-៥ ឆ្នាំបន្តដំណើរការ និងឈានទៅបញ្ចប់ការសាងសង់នាពេលខាងមុខ។
លោកថ្លែងថា៖ «ដោយសារវិធានការរបស់អាជ្ញាធរទើបត្រូវបានធ្វើឡើង ដូច្នេះស្ថានភាពសាងសង់នៅការដ្ឋាននានាក្នុងខេត្តព្រះសីហនុ នាដើមឆ្នាំ ២០២៤ នេះនៅមិនទាន់មានអ្វីប្រែប្រួលច្រើនទេធៀបចុងឆ្នាំ ២០២៣។ ទោះយ៉ាងណា ខ្ញុំមានសុទិដ្ឋិនិយមថាគឺជាចំណុចចាប់ផ្តើមដ៏ល្អ។ ខ្ញុំសង្ឃឹមថា វិស័យអចលនទ្រព្យ និងសំណង់នៅទីនោះនឹងល្អប្រសើរជាងឆ្នាំមុន ប៉ុន្តែល្អប្រសើរកម្រិតណានោះ គឺត្រូវរង់ចាំមើលបន្តិចសិន»។
ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ លោក អ៊ឹម សេងហួ បាននិយាយថា វិបត្តិសេដ្ឋកិច្ចសកលដែលផ្តើមចេញពីវត្តមានជំងឺកូវីដ ១៩ កាលពីដើមឆ្នាំ ២០២០ ធ្វើឱ្យគម្រោងសាងសង់អគារខ្ពស់ៗជាង ១ ០០០ នៅខេត្តព្រះសីហនុជួបបញ្ហាក្នុងការសាងសង់ ឬសាងសង់រួចហើយ ប៉ុន្តែមិនបានបើកដំណើរការ។ លោកបន្តថា វិធានការរបស់រាជរដ្ឋាភិបាលក្នុងការត្រួតពិនិត្យសំណង់ និងការជួយសម្រួលនីតិវិធីនៃការបន្តដំណើរការសាងសង់ និងការបើកបិទការដ្ឋាន គឺពិតជាចំណែកសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគវិស័យសំណង់ឱ្យចូលមកវិនិយោគនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាវិស័យសំណង់នៅខេត្តព្រះសីហនុ នឹងមានការប្រែប្រួលជាវិជ្ជមានខ្លាំងក្នុងឆ្នាំ ២០២៤ នេះ ខណៈរដ្ឋាភិបាលក៏បានដាក់ចេញវិធានការគាំទ្រ ជំរុញ និងសម្រួលលើផ្លូវច្បាប់ជាច្រើនសម្រាប់អ្នកចង់វិនិយោគលើវិស័យនេះ»។
លោកបន្ថែមថា នៅពេលគម្រោងជាប់គាំងកន្លងមកបញ្ចប់ការសាងសង់ វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុងខេត្តនឹងរីកចម្រើនផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។
កម្មវិធីនេះបានកំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដែលមានសារៈសំខាន់សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពការវិនិយោគ និងធុរកិច្ច នៅខេត្តព្រះសីហនុ មានដូចជា ការសម្រួលនីតិវិធី និងការបំពេញបែបបទពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬការអនុគ្រោះផ្សេងៗពាក់ព័ន្ធការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិសង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពលសម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានប្រាប់ថា អ្វីដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដីដាក់ឱ្យអនុវត្តនាពេលនេះ គឺសុទ្ធតែក្នុងន័យដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់ខេត្ត ខណៈខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។ ឆ្នាំ ២០២៤ នេះអាចចាត់ទុកថាជាឱកាសសម្រាប់អ្នកវិនិយោគ ព្រោះការវិនិយោគក្នុងពេលនេះនឹងទទួលបានការអនុគ្រោះមួយចំនួន។ អាជ្ញាធរខេត្តក៏បានរៀបចំក្រុមការងារដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកវិនិយោគផងដែរ។
លោកថ្លែងថា៖ «ស្ថានភាពអាជីវកម្ម និងវិស័យសំណង់ បានចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរហើយ។ យើងរំពឹងថា ខេត្តនឹងទទួលបានភាពវិជ្ជមានច្រើនចាប់ពីឆ្នាំនេះតទៅ»។
ចន្លោះឆ្នាំ ២០១៦-២០១៩ លំហូរវិនិយោគិនបរទេសបានសម្រុកទៅវិនិយោគក្នុងខេត្តព្រះសីហនុយ៉ាងច្រើន ពិសេសអគារសម្រាប់ប្រើប្រាស់ជាសណ្ឋាគារ និងកាស៊ីណូ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យក្នុងខេត្តកើនឡើងយ៉ាងខ្ពស់។ ប៉ុន្តែចាប់តាំងពីចុងឆ្នាំ ២០១៩ ដោយសារបញ្ហាបិទហ្គេមអនឡាញ ការរីករាលដាលជំងឺកូវីដ ១៩ និងបញ្ហាសកលមួយចំនួននោះ មានសំណង់អគារជាច្រើនត្រូវបានជាប់គាំងរហូតដល់ពេលនេះ៕