ភ្នំពេញ: មន្ត្រីខេត្តត្រាតរបស់ប្រទេសថៃរំពឹងថា ពាណិជ្ជកម្មឆ្លងព្រំដែនរបស់ពួកគេជាមួយនឹងខេត្តកោះកុង របស់ប្រទេសកម្ពុជា នឹងមានការរីកចម្រើនក្នុងឆ្នាំ ២០២៤ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ ២០២៣ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចសកល។ ការរំពឹងទុកនេះបានកើតឡើងស្របពេលមេដឹកនាំនៃប្រទេសទាំង ២ កាលពីពេលថ្មីៗនេះបានសន្យានឹងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ១៥ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥។
យោងតាមកាសែត បាងកក ប៉ុស្តិ៍ ដែលបានដកស្រង់សម្តីលោក Natthawut Saradan ជំនួយការប្រធានគយច្រកទ្វារ ខ្លងយ៉ៃ នៃច្រកព្រំដែន Hat Lek ជាប់ខេត្តកោះកុងកាលពីថ្ងៃទី ១២ ខែកុម្ភៈថា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាង Hat Lek និងខេត្តកោះកុងក្នុងឆ្នាំសារពើពន្ធ ២០២៣ មានចំនួន ៣១,៨ ពាន់លានបាត ធ្លាក់ចុះពី ៣៣,៩ ពាន់លានបាតក្នុងឆ្នាំសារពើពន្ធ ២០២២។ ឆ្នាំសារពើពន្ធចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា។
ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២៣ ដែលបង្ហាញត្រីមាសទីដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ការដោះដូរទំនិញតាមរយៈច្រកទ្វារនេះ បានកើនឡើងដល់ ៦,៨ ពាន់លានបាត។ លោក Natthawut Saradan បានឱ្យដឹងថា បរិមាណនោះត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរយៈពេលណាមួយនៃឆ្នាំសារពើពន្ធឆ្នាំនេះ ជាមធ្យមយ៉ាងហោចណាស់ ២,៩ ពាន់លានបាតក្នុងមួយខែ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានទេកាលពីថ្ងៃទី ១៥ ខែកុម្ភៈ។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្មឆ្លងព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាងថៃ និងវៀតណាម នៅតែរឹងមាំ បើទោះមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។
លោកថ្លែងថា៖ «ក្នុងនាមជាប្រទេសជិតខាងអាស៊ានដូចគ្នា យើងមានយន្តការពាណិជ្ជកម្មច្រើនដើម្បីជំរុញពាណិជ្ជកម្មឆ្លងព្រំដែនរបស់យើង។ យើងមើលឃើញថា កសិផលរបស់យើងនៅតែពឹងផ្អែកលើការនាំចេញទៅកាន់ប្រទេសជិតខាង ជាពិសេសខេត្តនៅជាប់ព្រំដែនយើង។ នៅពេលនេះ យើងមិនទាន់ទាក់ទាញការវិនិយោគគ្រប់គ្រាន់ដើម្បីកែច្នៃអាហារទៅទីផ្សារផ្សេងទៀតបានទេ»។
លោក Thitidet Thongpat អនុប្រធានតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ត្រូវបានដកស្រង់ដោយកាសែត ប៉ុស្តិ៍ ដោយបានលើកឡើងថា វិស័យឧស្សាហកម្មបានដើរតនាទីយ៉ាងសំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ ទំនិញដែលផលិតនៅប្រទេសកម្ពុជា ដែលជាកម្មសិទ្ធិរបស់វិនិយោគិនថៃ ត្រូវបាននាំចេញទៅប្រទេសថៃ តាមច្រកព្រំដែនក្នុងខេត្តត្រាត ដែលជំរុញឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានច្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក បានជំរុញវិនិយោគិន និងពាណិជ្ជករថៃ ស្វែងយល់ពីវិស័យសំខាន់ៗចំនួន ៤ នៅកម្ពុជា ដូចជា ទេសចរណ៍ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម។
លោកបានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់វិនិយោគិនថៃឱ្យស្វែងរកឱកាសអាជីវកម្មនៅកម្ពុជា។ ភាពជោគជ័យរបស់ក្រុមហ៊ុនថៃដូចជា CP Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CPF [Charoen Pokphand Foods] នៅក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មម្ហូបអាហាររបស់យើងបានបង្ហាញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត»។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងវេទិកានេះថា ចាប់តាំងពីឆ្នាំ ២០០៤ ពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនពី ៧៥០ លានដុល្លារទៅដល់ជាង ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។
លោកបានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីប្រទេសថៃ នៅកម្ពុជាកាលពីខែកញ្ញាឆ្នាំ ២០២៣ រដ្ឋាភិបាលទាំង ២ បានសន្យាថា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដោយមានគោលដៅជំរុញពាណិជ្ជកម្មឆ្លងព្រំដែនឱ្យដល់ ១៥ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៥។
លោកបន្តថា៖ «ក្រុមហ៊ុនថៃជាច្រើនបានចូលក្នុងឧស្សាហកម្មនានារបស់កម្ពុជា។ នៅក្នុងវិស័យកសិកម្មពួកគេចូលរួមស៊ីជម្រៅក្នុងផលិតកម្មស្រូវ ពោត ដំឡូងមី និងកៅស៊ូ ដែលរួមចំណែកដល់ទិន្នផលកសិកម្ម និងប្រាក់ចំណូលនាំចេញរបស់កម្ពុជា។ ប្រទេសថៃក៏បានវិនិយោគលើការកែច្នៃ និងរោងចក្រវេចខ្ចប់សម្រាប់ផលិតផលទាំងនេះផងដែរ»។
បើយោងតាម GDCE ការនាំចេញរបស់ប្រទេសថៃ មកកម្ពុជាមានភាគច្រើនជា ប្រេងឥន្ធនៈភេសជ្ជៈ បសុសត្វ និងយានយន្ត ខណៈការនាំចេញរបស់កម្ពុជា ភាគច្រើនរួមមានត្បូងថ្មមានតម្លៃ ផ្លែឈើ និងបន្លែ និងផលិតផលដែក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការវិនិយោគរបស់ប្រទេសថៃនៅកម្ពុជាបានកើនឡើងដល់ប្រមាណ ១,៦ ពាន់លានដុល្លារ ដែលវាស្ថិតនៅក្នុងចំណោមវិនិយោគិនបរទេសកំពូលទាំង ១០៕