ភ្នំពេញៈ កម្ពុជាប្រមូលបានប្រាក់ជិត ៩៦៧ លានដុល្លារ ពីការនាំចេញផលិតផលវាយនភណ្ឌទៅទីផ្សារអន្តរជាតិក្នុងខែមករា ឆ្នាំ ២០២៤ កើនជាង ២០ ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៣ ដោយចំនួននេះគឺស្មើនឹងជិត ៥០ ភាគរយនៃទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជា។ នេះបើយោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិពាណិជ្ជកម្មទំនិញតាមជំពូករបស់ GDCE ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ ការនាំចេញទំនិញក្នុងវិស័យវាយនភណ្ឌលេខកូដ (HS ២ខ្ទង់) ៦១, ៦២, ៦៣, ៦៤ និង ៤២ ដែលរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ ស្បែកជើង ស្រោមជើង វត្ថុធ្វើពីស្បែក បរិក្ខារធ្វើពីរោមសត្វ និងវត្ថុវាយនភណ្ឌកែច្នៃមួយចំនួន មានទឹកប្រាក់សរុប ៩៦៦,៩៨ លានដុល្លារ កើនឡើង ២១,៦៤ ភាគរយបើធៀបខែមករា ឆ្នាំ ២០២៣ ដែលមាន ៧៩៤,៩៥ លានដុល្លារ។ ទឹកប្រាក់សរុបនៃការនាំចេញផលិតផលទាំងអស់ខាងលើ គឺស្មើនឹង ៤៩,១៦ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងខែមករា ឆ្នាំ ២០២៤ ដែលមាន ១ ៩៦៧,០២ លានដុល្លារ។
អនុប្រធានពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បន្ទាប់ពីធ្លាក់ចុះជាច្រើនខែជាប់ៗគ្នានៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិ បានកើនឡើងស្ទើរគ្រប់មុខទំនិញ ជាពិសេសផលិតផលវាយនភណ្ឌ។
កំណើនទឹកប្រាក់នាំចេញនេះបានចាប់ផ្តើមលេចឡើងតាំងពីចុងឆ្នាំ ២០២៣ មក ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកល្អប្រសើរជាងមុន ហើយចំនួនផលិតផលវាយនភណ្ឌក្នុងស្តុករបស់ក្រុមហ៊ុនបញ្ជាទិញនានានៅក្រៅប្រទេសក៏ធ្លាក់ចុដែរ។ ការងើបឡើងនៃវិស័យទេសចរណ៍ពិភពលោក ក៏ជាចំណែកដែលជួយឱ្យតម្រូវការផលិតផលទាំងអស់នេះកើនឡើងផងដែរ។ លោកបន្តថា ទឹកប្រាក់នាំចេញផលិតផលទាំងអស់នេះត្រូវបានរំពឹងថានឹងកើនឡើងថែមទៀត។
លោកបញ្ជាក់ថា៖ «ការធ្លាក់ចុះយ៉ាងគំហុកកាលពីដើមឆ្នាំ ២០២៣ និងការថយចុះនៃបរិមាណទំនិញនៅក្នុងឃ្លាំងស្តុករបស់ក្រុមហ៊ុនបញ្ជាទិញលើទីផ្សារអន្តរជាតិ បានធ្វើឱ្យការនាំចេញនាដើមឆ្នាំ ២០២៤ នេះស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់។ ផលិតផលទាំងអស់នេះសុទ្ធតែមានជាប់ទាក់ទងទៅនឹងវិស័យទេសចរណ៍ ដូច្នេះបើវិស័យទេសចរណ៍មានសកម្មភាពខ្លាំងឡើងវិញ តម្រូវការប្រើប្រាស់ផលិតផលទាំងអស់នេះក៏កើនឡើងទៅតាមនោះដែរ»។
លោក លី ឃុនថៃ ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា កាលពីពេលថ្មីៗនេះបានលើកឡើងថា នៅក្នុងឆមាសទី២ ឆ្នាំ ២០២២ និងឆមាសទី១ ឆ្នាំ ២០២៣ ការបញ្ជាទិញផលិតផលវាយនភណ្ឌបានធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែស្ថានភាពនេះបានបង្ហាញភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយចាប់តាំងពីចុងឆ្នាំ ២០២៣ មក។
មូលហេតុដែលទឹកប្រាក់នាំចេញរបស់កម្ពុជាកើនឡើង គឺដោយសារស្ថានភាពនៃជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗហាក់មានភាពធូរស្រាលជាងមុន ហើយនិន្នាការនៃការចេញដើរកម្សាន្តរបស់ប្រជាជនលើពិភពលោកក៏កម្រើកឡើងវិញដែរ ក្រោយពីស្ងប់ស្ងាត់ជាង ៣ ឆ្នាំដោយសារវិបត្តិជំងឺកូវីដ ១៩។
លោកបានប្រាប់ទៀតថា នៅក្នុងឆ្នាំ ២០២៤ នេះ ចំនួនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌកម្ពុជានឹងមានច្រើនលើសឆ្នាំ ២០២៣។លោកអះអាងថា៖ «យើងជឿជាក់ថា ចាប់ពីពេលនេះតទៅការបញ្ជាទិញនឹងកើនឡើងវិញ»។
បើតាមលោក ឃុនថៃ ទីផ្សារសំខាន់ៗនៃផលិតផលសម្លៀកបំពាក់កម្ពុជា គឺអាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា និងចក្រភពអង់គ្លេស ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន នៅក្នុងសប្តាហ៍នេះបានប្រាប់សារព័ត៌មានក្នុងស្រុកថា ការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌកើនឡើងនាដើមឆ្នាំ ២០២៤ គឺដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរជាងមុន ជាពិសេសបណ្តាប្រទេសដែលជាទីផ្សារធំនៃផលិតផលវាយនភណ្ឌកាត់ដេរ។
ទិន្នន័យរបស់ GDCE ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំចេញផលិតផលទាំងអស់ខាងលើមានទឹកប្រាក់សរុប ១១,១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៣,៣១ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ដែលមានចំនួន ១២,៨ ពាន់លានដុល្លារ៕