លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុងកោះរ៉ុង ឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់។ 
 
លោកបានលើកឡើងបែបនេះ ក្នុងពេលចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាការវិនិយោគដោយ ក្រុមហ៊ុន U Property Management CO., LTD កាលពីថ្ងៃថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។  
 
យោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ តាមបណ្តាញសង្គមហ្វេសប៊ុក នាឱកាសនោះ លោក គួច ចំរើន បានគូសបញ្ជាក់ថា ការបើកការដ្ឋានសាងសង់នេះ នឹងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជាពិសេសប្រជាពលរដ្ឋក្រុងកោះរ៉ុង ដែលចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 

លោក គួច ចំរើន ថ្លែងថា៖«ការបើកការដ្ឋាន គឺជាផ្លែផ្កាដែលកម្ពុជារបស់យើងមានសុខសន្តិភាព បានផ្តល់ឱកាសឱ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផល និងសម្រេចចិត្តធ្វើការបោះទុនវិនិយោគនៅលើកោះរ៉ុងសន្លឹមរបស់យើង។ ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញច្បាស់ពីការជឿជាក់របស់អ្នកវិនិយោគិន បានសម្រេចចិត្តបើកការដ្ឋាននៅពេលនេះ គឺដោយសារសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ»។  
 
បើតាម លោក គួច ចំរើន រាជរដ្ឋាភិបាល បានផ្តល់ការវិនិយោគឱ្យទៅក្រុមហ៊ុន អេម៉ារីយូ ធ្វើការវិនិយោគ ហើយនៅអំឡុងចុងឆ្នាំ២០២១ ក្រុមហ៊ុន U Property Management CO., LTD បានសហការជាមួយក្រុមហ៊ុន អេម៉ារីយូ ចាប់ដៃគ្នាធ្វើការអភិវឌ្ឍបន្តដំណើរឆ្ពោះទៅមុខ ដើម្បីអភិវឌ្ឍនិងដោះស្រាយបញ្ហាដែលមាននៅសេសសល់នៅលើកោះរ៉ុង ការអភិវឌ្ឍនៅលើកោះរ៉ុង។ ការតាំងទីលំនៅ ការអភិវឌ្ឍ ការវិនិយោគដាច់ដោយដុំវាជារឿងសុទ្ធតែមិនស្របច្បាប់ ប៉ុន្តែក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល បានផ្តល់សិទ្ធិកាន់កាប់ជូនបងប្អូនរស់នៅដោយស្របច្បាប់ ដែលជាបទពិសោធន៍នៃការដោះស្រាយបញ្ហាប្រឈមនានា។ 
 
បើតាមលោកអភិបាលខេត្ត ៖«ពីមុននៅទីនេះគ្មានផ្លូវថ្នល់ គ្មានការអភិវឌ្ឍនោះទេ ពេលនេះក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវបានធំទូលាយ។ ហើយថ្ងៃនេះសូមអបអរសាទរក្រុមហ៊ុនសម្រេច បើកការដ្ឋានអភិវឌ្ឍជាក់ស្តែងនៅចំណតទូក និងសាងសង់ផ្លូវបេតុង ក្រុមហ៊ុនទាំងពីរចាប់ផ្តើមកសាងសមិទ្ធផលដែលមានបណ្តាញផ្លូវបណ្តោះអាសន្នប្រទាក់ក្រឡាគ្នារួចហើយ ការបើកការដ្ឋាន សាងសង់ផែសម្រាប់ការដឹកជញ្ជូនមានភាពងាយស្រួល ដើម្បីសម្រួលដល់ការអភិវឌ្ឍនៅពេលខាងមុខ»។  
 
សូមជម្រាបថា ស្ថានភាព ចំពោះមុខក្រុមហ៊ុនកសាងផែ រួចបន្តកសាងផ្លូវបេតុងជាង ៦០ គីឡូ ម៉ែត្រ និងកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ហើយហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនត្រូវរៀបនោះ មានកំពង់ផែអន្តរជាតិ និងគម្រោងតបណ្តាញអគ្គិសនីពីកោះរ៉ុង មកកាន់កោះរ៉ុងសន្លឹម បម្រើឱ្យការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏ដូចជាការជួយបង្កើនជីវភាពប្រជាពលរដ្ឋដែលរស់នៅលើកោះកាន់តែមានជីវភាពល្អប្រសើរឡើងនៅពេលខាងមុខ។ ទន្ទឹមនោះក៏ត្រូវគិតគូរពីបញ្ហាទឹកស្អាតសម្រាប់ពេលអនាគតផងដែរ។  
 
លោក គួច ចំរើន បានបញ្ជាក់ថា នៅលើកោះរ៉ុងសន្លឹម មិនទាន់មានមណ្ឌលសុខភាព និងសាលារៀននោះទេ ប៉ុន្តែក្រុមហ៊ុន U Property Management ក៏បានយល់ព្រមជួយសាងសង់មណ្ឌលសុខភាព និងអគារសិក្សាសម្រាប់ថ្នាក់សិក្សាចំណេះទូទៅទាំងបីកម្រិតនៅទីនេះ រួមមាន សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងបន្ទប់ទឹក និងអាហារដ្ឋាននៅក្នុងបរិវេណសាលារៀន និងកន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ឱ្យមានសោភ័ណភាពក្នុងបរិវេណសាលា ដើម្បីឱ្យកូនចៅរបស់អ្នកកោះរ៉ុងទទួលបានសេវាសុខាភិបាល និងការអប់រំប្រកបដោយស្តង់ដា។
 
សូមបញ្ជាក់ថា ក្រុងកោះរ៉ុង ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ ដោយកាត់សង្កាត់ចំនួន ២ ចេញពីក្រុងព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម មានប្រជាជនសរុបជាង ៧០០ គ្រួសារ៕