ភ្នំពេញៈ ប្រទេសកម្ពុជា និងឥណ្ឌា កំពុងខិតកាន់តែជិតដល់ការបើកដំណើរការការទូទាត់ឆ្លងដែន តាមរយៈ QR ជាវិធានការមួយក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ការសម្រួលពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាភ្ញៀវទេសចរ។
ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន NPCI International Payments Limited(NIPL) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន National Payments Corporation of India(NPCI) កាលពីថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ការទូទាត់ឆ្លងព្រំដែន និងការផ្ទេរប្រាក់ផ្ញើទៅគ្រួសាររវាងប្រទេសកម្ពុជានិងឥណ្ឌា។
ការចុះហត្ថលេខាលើ MoU ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៧ ខែមីនា ក្រោមអធិបតីភាពរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) និងលោក Ritesh Shukla អគ្គនាយកប្រតិបត្តិក្រុមហ៊ុន NIPL។
គោលបំណង MoU គឺដើម្បីបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយ ដែលអាចឱ្យភាគីទាំង ២ សិក្សាបន្ថែម និងពិភាក្សាអំពីផ្នែកបច្ចេកទេស ពាណិជ្ជកម្ម ប្រតិបត្តិការ និងផ្នែកពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតការតភ្ជាប់ផ្នែកឌីជីថល និងអន្តរប្រតិបត្តិការ ដើម្បីគាំទ្រដល់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងព្រំដែនរវាងប្រទេសទាំង ២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយ NBC បន្ទាប់ពីការចុះហត្ថលេខា។
នៅក្នុងជំនួបរវាងលោកស្រី ជា សិរី ជាមួយមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន NPCI កាលពីថ្ងៃទី ១៦ ខែកុម្ភៈ លោកស្រី សិរី បានជំរុញឱ្យក្រុមហ៊ុន NIPL ជំរុញនីតិវិធីក្នុងការដាក់ឱ្យដំណើរការការទូទាត់ឆ្លងប្រទេសជាមួយប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេរបស់អាស៊ីមួយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយ NBC។
NBC បានឱ្យដឹងថា៖ «កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពន្លឿនការអនុវត្តគម្រោងដំណោះស្រាយឆ្លងព្រំដែនរវាងកម្ពុជា-ឥណ្ឌា ឱ្យមានភាពពេញលេញ និងទូលំទូលាយ ក៏ដូចជាឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរបស់ភាគីទាំង ២ ផងដែរ»។
លោកស្រី ជា សិរី ធ្លាប់បានថ្លែងនៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ «គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) សម្រាប់ឆ្នាំ ២០២៣-២៨» ដែលធ្វើឡើងកាលពីខែតុលានៅទីក្រុងភ្នំពេញ ស្របពេលការកើនឡើងបច្ចេកវិទ្យាហិរញ្ញវត្ថុធនាគារកណ្តាលមួយនេះបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងដែលមានមូលដ្ឋានលើ blockchain ដែលធ្វើឱ្យប្រតិបត្តិការមានដំណើរការរលូនរវាងស្ថាប័នហិរញ្ញវត្ថុតាមរយៈ QR Code ដែលពេលនេះបម្រើអ្នកប្រើប្រាស់ជាង ១០ លាននាក់។
លោកស្រីលើកឡើងថា៖ «បាគងបានជំរុញហេដ្ឋារចនាសម្ព័ន្ធធនាគារក្នុងស្រុករបស់យើង និងធ្វើបដិវត្តន៍ប្រតិបត្តិការអន្តរជាតិ»។
លោកស្រី សិរី បានកត់សម្គាល់ថា កម្ពុជាបានបង្កើតការតភ្ជាប់ទូទាត់ឆ្លងដែនជាមួយនឹងប្រទេសថៃ ឡាវ និងវៀតណាមរួចហើយ។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) កាលពីចុងខែមករាថា ប្រទេសឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនយោបាយល្អណាស់ ហើយវាជាឱកាសមួយក្នុងការបង្កើនទំនុកចិត្ត ដើម្បីបង្កើនអាជីវកម្ម និងការវិនិយោគ ព្រោះ ឥណ្ឌាជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សបំផុតលើពិភពលោក។
លោកស្រីថ្លែងថា៖ «យើងក៏កំពុងស្វែងរកការវិនិយោគទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផងដែរហើយថ្មីៗនេះបានផ្លាស់ប្តូរសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀងការយកពន្ធត្រួតគ្នា (DTA)។ លើសពីនេះ យើងកំពុងសហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីលើកកម្ពស់ការទូទាត់ឆ្លងព្រំដែនផងដែរ»។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាបានកើនឡើងជាលំដាប់ ដែលសម្រេចបានជិត ៤៨៥,៧០ លានដុល្លារ កាលពីឆ្នាំ ២០២៣ កើនឡើង ១០ ភាគរយបើធៀបនឹងឆ្នាំ ២០២២។
ទិន្នន័យបានពីក្រសួងទេសចរណ៍បង្ហាញថា ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌា ៦៨ ៨៣៦ នាក់កាលពីឆ្នាំមុន កើនឡើងជាង ១០២ ភាគរយពីចំនួន ៣៤ ០១៦ នាក់៕