ភ្នំពេញៈ ភ្ញៀវទេសចរជាតិចំនួនជិត ១៩ លាននាក់ បានចេញដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងប្រទេសកាលពីឆ្នាំ ២០២៣ កើន ១/៣ ដងបើធៀបទៅនឹងឆ្នាំ ២០២២ ខណៈភ្ញៀវទេសចរជាតិចេញទៅក្រៅប្រទេសមានចំនួនជិត ២ លាននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
សូចនាករគន្លឹះទេសចរណ៍ប្រចាំឆ្នាំ ២០២៣ របស់ក្រសួងទេសចរណ៍ ទើបចេញផ្សាយកាលពីចុងសប្តាហ៍មុន បង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣ ភ្ញៀវទេសចរជាតិដែលចេញដើរកម្សាន្តតាមរមណីយដ្ឋានានាក្នុងប្រទេសកម្ពុជាមានសរុប ១៨ ៧៤៣ ៣៧៣ នាក់ កើនឡើង ៣៤,៥ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ ជាមួយគ្នានេះទេសចរជាតិដែលចេញទៅក្រៅប្រទេសមានចំនួន ១ ៨១៩ ៥០៤ នាក់ កើនឡើង ៨៧,៥ ភាគរយ។
បើតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ ២០២៣ មូលដ្ឋានអាជីវកម្មទេសចរណ៍មានចំនួន ១៣ ៩៦៧ អាជ្ញាប័ណ្ណ។ ចំណែកមុខរបរ និងការងារទេសចរណ៍ផ្ទាល់ មានប្រមាណ ៤៥ ម៉ឺននាក់។ វិស័យទេសចរណ៍បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៧,៥ ភាគរយ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការថយចុះឥទ្ធិពលជំងឺកូវីដ ១៩ បានធ្វើឱ្យចលនានៃការដើរកម្សាន្តរបស់ប្រជាជនលើពិភពលោកងើបឡើងវិញជាបន្តបន្ទាប់ បើទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អប្រសើរក៏ដោយ។ ជាក់ស្តែងការចេញដើរកម្សាន្តរបស់ភ្ញៀវក្នុងស្រុកកាលពីឆ្នាំ ២០២៣ គឺពិតជាកើនច្រើនបើធៀបនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ដែលជាពេលមានការរីករាលខ្លាំងជំងឺកូវីដ ១៩។
លោកបន្តថា ភ្ញៀវទេសចរក្នុងស្រុកទោះពួកគាត់មិនសូវចំណាយច្រើនដូចទេសចរបរទេស ប៉ុន្តែវាជាកម្លាំងចលករក្នុងការជួយទាក់ទាញទេសចរអន្តរជាតិឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។
លោកថ្លែងថា៖ «វិស័យទេសចរណ៍មានសារៈសំខាន់ណាស់ ព្រោះវាបានរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនទាំងអ្នកធ្វើការផ្ទាល់ និងប្រយោល។ ទោះភ្ញៀវទេសចរក្នុងស្រុកមិនសូវបង្កើតចំណូលដល់អ្នកក្នុងវិស័យទេសចរណ៍ (មគ្គុទ្ទេសក៍ទេសចរ, សេវាដឹកជញ្ជូន ...និងកន្លែងស្នាក់នៅ) ប៉ុន្តែបើគ្មានទេសចរក្នុងស្រុកក៏នឹងមិនងាយមាន ភ្ញៀវទេសចរអន្តរជាតិដែរ»។
បន្ថែមលើនេះ លោក ខៀវ ធី ក៏បានស្នើឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងរដ្ឋាភិបាល និងផ្នែកឯកជនត្រូវខិតខំរួមគ្នាបន្ថែមទៀតក្នុងការកសាងនូវបរិស្ថានដែលមានភាពទាក់ទាញទាំងសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យដើរកម្សាន្តនៅកម្ពុជាកាន់តែច្រើន។
ចំនួនភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តនេះ គឺរាប់ចំនួនដងនៃការចេញដើរកម្សាន្ត។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន កាលពីពេលថ្មីៗនេះបាននិយាយថា នៅក្នុងឆ្នាំ ២០២៣ សម្ទុះនៃការចេញដើរកម្សាន្តរបស់ប្រជាជនខ្មែរ និងជនបរទេសនៅកម្ពុជាបានកើនឡើងព្រមគ្នា ហើយចរន្តនេះនឹងកាន់តែមានភាពវិជ្ជមានបន្ថែមទៀតក្នុងឆ្នាំ ២០២៤ នេះ។ ការបញ្ចេញថវិកា និងការចាប់ដៃគូវិនិយោគរបស់រដ្ឋាភិបាលទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អាកាសយានដ្ឋាន និងកំពង់ផែនាពេលកន្លងមកនឹងក្លាយជាចំណែកក្នុងការលើកកម្ពស់ មុខមាត់វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរ។
លោកស្រីប្រាប់ថា៖ «កំណើនទេសចរក្នុងស្រុក គឺជាចំណែកនៅក្នុងការបន្តនិរន្តរភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលលំបាកនាពេលកន្លងមក និងជាកម្លាំងស្រូបភ្ញៀវបរទេសឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើននាពេលខាងមុខ»។
សម្រាប់ភ្ញៀវទេសចរបរទេស ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥ លាននាក់ បានចូលមកប្រទេសកម្ពុជា ដោយចំនួននេះកើនឡើង ១៣៩,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ចំណែកប្រាក់ដែលរកបានពីវិស័យទេសចរណ៍បរទេស ក្នុងឆ្នាំ ២០២៣ គឺមានប្រមាណ ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥ភាគរយពីចំនួន ១,៤១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២៕