​ភ្នំពេញៈ ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន នៅ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២៤ មាន​ចំនួន​ជិត ១២០ ​លាន​ដុល្លារ កើន​លើស ​១០ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៅ​កម្ពុជា​កំពុង​ខិតខំ​កៀរគរ​វិនិយោគិន​ជប៉ុន​ឱ្យមក​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​នៅក្នុង​ទឹកដី​ព្រះ​​រាជាណាចក្រ​កម្ពុជា​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន ក្នុង​ទឹកប្រាក់ ១១៦,៨៨ ​លាន​ដុល្លារ កើនឡើង ១១,៨ ​ភាគរយ ​បើ​ធៀប​នឹង​ខែមករា ឆ្នាំ​ ២០២៣ ចំណែក​ទំនិញ​ជប៉ុន​នាំមក​កម្ពុជា ៤២,៤៧​ លាន​ដុ​ល្លារ កើន ​១,៦ ​ភាគរយ​។​

​បើ​ផ្អែក​តាម​តួលេខ​ខាងលើ​ គឺ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន​សរុប ១៥៩,៣៥​ លាន​ដុល្លារ កើន ៨,៩ ​ភាគរយ​។ ជប៉ុនជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ធំ​ទី​៥ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន វៀតណាម អា​មេ​​រិ​ក និង​ថៃ​។

ចំណែក​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម ក្នុង​ខែមករា ឆ្នាំ​ ២០២៤ គឺ​កម្ពុ​ជាមាន​ឧត្តមភាព ៧៤,៤១ ​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន ស្មើនឹង ៣,៩៣ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​-​កម្ពុជា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ដែលមាន​ចំនួន ៤ ០៥៧,១៣ ​លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៨ ខែកុម្ភៈ​ថា បន្ទាប់ពី​ចំនួន​ទឹក​ប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​​ចុះ​មួយរយៈ​ដោយសារ​ឥទ្ធិពល​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល នាពេល​នេះ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​បានចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ហើយ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​។

បច្ចុប្បន្ន​កម្ពុជាបាន​នាំ​ទំនិញ​ជាច្រើន​ទៅកាន់​ប្រទេស​ជប៉ុន ដែល​ភាគច្រើន ជា​ផលិតផល​វាយ​ន​ភណ្ឌ គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​កសិកម្ម​។ លោក​បន្តថា កន្លងមក​ផ្នែក​ឯក​ជនកម្ពុជា​ដែល​តំណាង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​ក្នុង​តំបន់​សេន​ដាយ ប្រទេស​ជប៉ុន ដើម្បី​ជា​កន្លែង​ផ្តល់ និង​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​ទាក់ទាញ​ឱ្យ​វិនិយោគិន​ជប៉ុន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​ការ​កើនឡើង​នៃ​កម្លាំង​ផលិត និង​គុណភាព​ទំនិញ​កម្ពុជា យើង​រំពឹង​ការនាំ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន​នឹង​កើន​ថែមទៀត​។ ជាមួយគ្នានេះ​យើង​ក៏​សង្ឃឹម​អាច​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​កាន់តែច្រើន​»​។​

​លោក​ប្រាប់ទៀតថា កំណើន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា ក៏​ដោយសារ​ប្រទេស​ទាំង​ ២ គឺជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​ ផងដែរ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី​ ៥០​ នៃ​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​វិនិយោគ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​ក្នុងឱកាស​នោះ​លោក​ស្នើឱ្យ​វិនិយោគិន​ជប៉ុន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​ច្រើន ជាមួយគ្នា​នោះ​លោក​ក៏​ជំរុញ​ឱ្យ​ផ្នែក​ឯកជន​ប្រទេស​ទាំង​ ២ ធ្វើការ​សិក្សា​រួមគ្នា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន នៅ​កម្ពុជា​ផងដែរ​។​

​ប្រធាន​សមាគម​អចលនទ្រព្យ​​សកល លោក សំ សុខ​នឿន ដែល​កំពុង​សិក្សា​លទ្ធភាព​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ជប៉ុន​លើ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន បានឱ្យដឹងថា នៅពេល​មានការ​វិ​និ​យោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពី​សំណាក់​វិនិយោគិន​ជប៉ុន គឺ​ពិតណាស់​វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ ជាក់​ស្តែង​ដោយសារ​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុ​ជាមាន​ម្ចាស់​ភាគច្រើន​ជា​ជន​ជាតិចិន ដូច្នេះ​វិនិយោគិន​ចិន​ក៏​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ​។​​

លោក​ថ្លែងថា​៖ «​វិនិយោគិន​ជប៉ុន​ភាគច្រើន​ត្រូវបាន​គេ​ដឹងថា ជា​វិនិយោគិន​មាន​សក្តា​នុ​ពល និង​មាន​ភាពច្បាស់លាស់ ដូច្នេះ​បើ​កម្ពុ​ជាមាន​តំបន់​សេដ្ឋ​​កិច្ច​ដែលមាន​ម្ចាស់​ជា​វិ​និ​យោ​គិ​ន​ជប៉ុន គឺ​ប្រាកដជា​មានឱកាស​ច្រើន​ក្នុងការ​ទាក់ទាញ​ក្រុម​​ហ៊ុន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់​ទុន​ផ្ទាល់​នៅទីនេះ​»​។​

​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ជប៉ុន គឺជា​ប្រទេស​ដែល​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី​៤ ដោយមាន​ទឹកប្រាក់​សរុប ១១,៣ ​ទ្រី​លាន​រៀល ​(​កើន ១១,៦​ ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិនិយោគិន​ជប៉ុន​ភាគ​ច្រើន​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ​។​

​ក្នុង​ឆ្នាំ​ ២០២៣ ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​សរុប ១,៨​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧,២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ក្នុងនោះ​កម្ពុជា​នាំទៅ​ជប៉ុន ១,១៧​ ពាន់​លាន​ដុល្លារ កើន ០,២ ​ភាគរយ និង​ជប៉ុន​នាំមក​កម្ពុជា ៦២៣,៦ ​លាន​ដុល្លារ ធ្លាក់ ១៨,៥​ ភាគ​រយ​។ នេះ​បើតាម GDCE៕