ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤ គម្រោង ក្នុងរយៈពេល ៤៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់សរុបជាង ៦៣០ លានដុល្លារ ដោយភាគច្រើនជាគម្រោងវិនិយោគបើករោងចក្រដំឡើង កែច្នៃសម្ភារប្រើប្រាស់ និងរោងចក្រសម្លៀកបំពាក់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កាលពីខែមករា គម្រោងវិនិយោគចំនួន ៣២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧ លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងនោះ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេរួមមាន៖ គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ,គម្រោងបង្កើតរោងចក្រផ្ដុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោង ច្រើនជាង២ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣កន្លងទៅ។
CDC បានឱ្យដឹងទៀតថា នៅក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគប្រមាណជាង ៧៨ ភាគរយ មានប្រភពមកពី ប្រទេសចិន, ៩,៦៥ ភាគរយ មកពីប្រទេសសិង្ហបុរី, ៥,៣៤ ភាគរយ មកពីសហរដ្ឋអាមេរិក, ៣,៥៥ ភាគរយ មកពីសាធារណរដ្ឋកូរ៉, និង២,៧៣ ភាគរយ មកពីប្រភពក្នុងស្រុក។
ដោយឡែកក្នុងរយៈពេល ១៥ ថ្ងៃ នៃខែកុម្ភៈ នេះវិញ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២២ ដែលមានទុនវិនិយោគប្រមាណជាង ៤៤៤ លានដុល្លារ។ គម្រោងវិនិយោគទាំងនោះរួមមាន គម្រោងវិនិយោគនៅរាជធានីភ្នំពេញ ចំនួន ៤,គម្រោងវិនិយោគនៅខេត្ត ស្ទឹងត្រែងចំនួន២, គម្រោងវិនិយោគ ព្រះវិហារចំនួន១, វិនិយោគនៅខេត្តកំពង់ឆ្នាំង ចំនួន១,គម្រោងវិនិយោគ នៅខេត្តស្វាយរៀងចំនួន៤,គម្រោងវិនិយោគនៅខេត្តកំពង់ស្ពឺ ចំនួន៣,គម្រោងវិនិយោគ នៅខេត្តព្រះសីហនុ ចំនួន ៣។ គម្រោងវិនិយោគ នៅខេត្តតាកែវចំនួន ២,គម្រោងវិនិយោគ នៅខេត្តកណ្តាលចំនួន១ និងគម្រោងវិនិយោគនៅខេត្តកំពង់ចាមចំនួន ១។
នៅក្នុងនោះវិស័យឧស្សាហកម្ម មានការវិនិយោគច្រើនជាងគេ បន្ទាប់មកវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ រួមទាំងវិស័យកសិកម្មផងដែរ។
នាជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញវិនិយោគិន ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ៖ «កម្ពុជារំពឹងថាគម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការប្រើប្រាស់ថាមពលស្អាត ឱ្យបាន៧០ភាគរយនៃថាមពលសរុប ត្រឹមឆ្នាំ២០៣០»។
លោកបានបន្ថែមទៀតថា ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ និងបានបង្ហាញពីវឌ្ឍនភាពខ្លះៗនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ខេត្តកំពង់ស្ពឺ តែងតែបានទទួលការវិនិយោគថ្មីៗជាបន្តបន្ទាប់ ដោយសារតែខេត្តនេះ មានសក្តានុពលខ្ពស់ ដែលសម្រួលដល់ការដឹកជញ្ជូន ខណៈដែលខេត្តមានភូមិសាស្ត្រល្អ ងាយស្រួលដល់អ្នកវិនិយោគបើករោងចក្រសហគ្រាសគ្រប់ប្រភេទ។
លោកបានបញ្ជាក់ដូច្នេះថា៖«យើងមានមោទនភាព ដែលខេត្តកំពង់ស្ពឺយើងទទួលបានគម្រោងវិនិយោគថ្មីច្រើនជាបន្តបន្ទាប់ ខណៈដែលយើងនឹងខិតខំប្រឹងប្រែងទាក់ទាញបន្ថែមទៀតតែយើងក៏ព្រួយបារម្ភដែរ ពីបញ្ហាកម្លាំងពលកម្ម ព្រោះថាសព្វថ្ងៃនេះ ខេត្តនៅខ្វះកម្លាំងពលកម្មជំនាញច្រើន»។
បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគប្រមាណជិត ៤,៩ពាន់លានដុល្លារអាមេរិក កើនឡើងជិត៥០ភាគរយ បើធៀបទៅឆ្នាំ២០២២ ដែលទទួលបានត្រឹម ៤ពាន់លានដុល្លារអាមេរិក៕