ភ្នំពេញ: ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា បានកត់ត្រាកំណើនបុព្វលាភដ៏តិចតួចកាលពីឆ្នាំមុនសម្រេចបានក្នុងទឹកប្រាក់ចំនួន ៣៤២ លានដុល្លារ កើនឡើង ៣ ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាចំនួន ៣៣១,៨ លានដុល្លារ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់។
យោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា (RIC) ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ត្រឹមចុងឆ្នាំ ២០២៣ បុព្វលាភសរុបរកបានពីក្រុមហ៊ុនធានារ៉ាប់រងទាំង ៤១ របស់កម្ពុជា ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៥ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧។ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ បច្ចុប្បន្ន ឧស្សាហកម្មនេះមានទ្រព្យសកម្មសរុបចំនួន ១ ពាន់លានដុល្លារ។ ប្រាក់សំណងសរុបដែលត្រូវបានចំណាយដោយក្រុមហ៊ុនធានារ៉ាប់រងមានចំនួន ៦០,៨ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៣០ ភាគរយពីចំនួន ៤៦,៦ លានដុល្លារកាលពីឆ្នាំ ២០២២។
លោក ប៊ូ ចាន់ភីរូ អគ្គនាយក IRC បានថ្លែងនៅក្នុងព្រឹត្តិការណ៍កាលពីសប្តាហ៍មុនថា ដោយសារស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាបានរក្សាក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណា ក៏ដោយ លោកលើកឡើងថា បើក្រឡេកមើលសូចនាករសំខាន់ៗ ដូចជា អត្រាការរួមចំណែកធានារ៉ាប់រងផ្នែកសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រងកម្ពុជា អត្រាវិភាគទានមានត្រឹមតែ ១,១៤ ភាគរយប៉ុណ្ណោះ ហើយដង់ស៊ីតេមានត្រឹមតែ ២០,៧២ ដុល្លារក្នុងមនុស្សម្នាក់កាលពីឆ្នាំ ២០២៣។
លោកថ្លែងថា៖ «សូចនាករនេះបង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍនៅពេលអនាគត ប៉ុន្តែឧស្សាហកម្មមួយនេះក៏ប្រឈមនឹងកត្តាមួយចំនួនផងដែរដូចជា កង្វះជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងជាសាធារណៈ»។
លោក យក់ ចំរើនរិទ្ធិ អគ្គនាយកក្រុមហ៊ុន Forte Group បានទទួលស្គាល់ថា ឧស្សាហកម្មនេះទទួលបានកំណើនយឺតបំផុតកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដែលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថាការធានារ៉ាប់រងទូទៅនៅតែមានការកើនឡើង ប៉ុន្តែតិចបំផុត។ ការ ធានារ៉ាប់រងអាយុជីវិតបានធ្លាក់ចុះកាលពីឆ្នាំមុន។ ចំពោះកំណើននៃឧស្សាហកម្មនេះ ត្រូវបានគាំទ្រដោយកំណើនបានពីការធានារ៉ាប់រងទូទៅកាលពីឆ្នាំមុន»។
យោងតាមលោក ចំរើនរិទ្ធិ ការធានារ៉ាប់រងទូទៅរបស់ក្រុមហ៊ុនលោកបានកើនឡើងប្រហែល ៥ ភាគរយ ខណៈដែលការធានារ៉ាប់រងផ្នែកធានារ៉ាប់រងអាយុជីវិត Forte Life ធ្លាក់ចុះបន្តិច។
លោកបន្តថា៖ «ការធានារ៉ាប់រងទូទៅ Forte General យើងទទួលបានការកើនឡើងប្រហែល ៥ ភាគរយ។ ប៉ុន្តែសម្រាប់ Forte Life មានការធ្លាក់ចុះបន្តិច ដោយសារតែប្រាក់កម្ចីនៅធនាគារក៏ត្រូវបានកើនឡើងតិចតួចផងដែរ ដោយសារតែពួកយើងក៏ធ្វើការជាមួយធនាគារក្នុងការផ្តល់សេវាធានារ៉ាប់រងសម្រាប់អ្នកខ្ចីដែរ»។
យោងតាមរបាយការណ៍របស់ IRC បុព្វលាភធានារ៉ាប់រងដុល (GWP) របស់វិស័យធានារ៉ាប់រងរបស់កម្ពុជា កាលពីឆ្នាំ ២០២២ មានចំនួន ៣៣១,៨ លានដុល្លារ កើនឡើង ១០,៦៨ភាគរយពី ២៩៩,៨៣៥ លានដុល្លារកាលពីឆ្នាំ ២០២១៕