ភ្នំពេញ: ស្របពេលដែលឥណទានក្នុងវិស័យធនាគារមានកំណើនយឺតកាលពីឆ្នាំមុន គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន (FIs) កំពុងកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ខ្លួន ដើម្បីបញ្ចេញសាច់ប្រាក់ទៅកាន់អតិថិជន ក្នុងគោលបំណងរួមចំណែកជំរុញសកម្មភាពម៉ាក្រូសេដ្ឋកិច្ច។
យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ប្រព័ន្ធធនាគាររបស់កម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៨ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៧។ ទំហំទឹកប្រាក់ឥណទាននៅក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ ៥៧,៦ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន កើនឡើងត្រឹមតែ ៤,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២២។
សម្រាប់ប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារបានកើនឡើង ១៣,១ ភាគរយ សម្រេចបានចំនួន ៤៧,៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។ សម្រាប់ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ ៨៤,៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ៨,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
FIs មួយចំនួនកំពុងកាត់បន្ថយអត្រាការប្រាក់
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកបានសង្កេតឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនបានកាត់បន្ថយអត្រាការប្រាក់ប្រហែល ០,៥ ភាគរយ ដែលជាវិធានការមួយដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីបន្ថែមទៀតទៅក្នុងទីផ្សារខណៈពេលដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនមិនបានបញ្ចេញប្រាក់កម្ចីច្រើនកាលពីឆ្នាំមុន។
លោកថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ ដោយសារតែពួកគេមិនដំណើរការបានល្អកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងការកើនឡើងអតិផរណា។ ទន្ទឹមនឹងនេះ ការកើនឡើងអត្រាការប្រាក់ដោយទុនបម្រុងធនាគារកណ្ដាលអាមេរិក កាលពីឆ្នាំមុនក៏ជាកត្តាមួយដែលប៉ះពាល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន ដែលបានសម្រេចចិត្តដំឡើងអត្រាការប្រាក់ ដូច្នេះវាបានធ្វើឱ្យកំណើនរបស់ពួកគេមានកម្រិតទាបបំផុតកាលពីឆ្នាំមុន។
យោងតាមលោក ចៅចេក ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិមួយចំនួនដូចជាធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏ដូចជារដ្ឋាភិបាលក្នុងអត្រាជាង ៦ ភាគរយនៅឆ្នាំនេះ បូកនឹងការព្យាករដែលធនាគារកណ្តាលអាមេរិកគ្រោងនឹងកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនសេដ្ឋកិច្ច នេះក៏ជាកត្តាដ៏សំខាន់មួយ សម្រាប់ FIs ដើម្បីកាត់បន្ថយអត្រាការប្រាក់ផងដែរ។
លោកលើកឡើងថា៖ «យើងនឹងមើលឃើញថា ការបញ្ចេញកម្ចីនឹងមានកំណើនច្រើនជាងឆ្នាំមុន ដោយសារតែគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនបន្តកាត់បន្ថយអត្រាការប្រាក់ និងបញ្ចេញកម្ចីបន្ថែមទៀត ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់ពួកគេកាន់តែល្អប្រសើរ»។
លោក សាយ សូនី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ហ្វឺស ហ្វាយនែន ខេមបូឌា ភីអិលស៊ី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គ្រឹះស្ថានរបស់លោកដំណើរការបានល្អកាលពីឆ្នាំមុន ខណៈដែលអត្រា NPL អាចគ្រប់គ្រងបាន។
លោកបានបញ្ជាក់ថា កំណើនកម្ចីកាន់តែយឺតនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុកាលពីឆ្នាំមុន មិនត្រឹមតែការបង្កើនអត្រាការប្រាក់ដោយ FIs មួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាមានការយឺតយ៉ាវដោយសារឥទ្ធិពលនៃម៉ាក្រូសេដ្ឋកិច្ចដែលប៉ះពាល់ដល់សកម្មភាពអាជីវកម្មផងដែរ។
លោកបន្តថា៖ «យើងជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេដែលមានឯកទេសខាងហិរញ្ញវត្ថុលំនៅឋានតម្លៃសមរម្យក្នុងប្រទេសកម្ពុជា។ យើងកំពុងធ្វើការជាមួយម្ចាស់គេហដ្ឋាននីមួយៗ និងជាមួយគ្រួសារតូចៗមិនពាក់ព័ន្ធច្រើនជាមួយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងធំទេ ដូច្នេះអតិថិជនម្នាក់ៗនៅតែអាចទទួលបានកម្ចីហិរញ្ញវត្ថុដំបូងសម្រាប់ការកែលម្អគេហដ្ឋានរបស់ពួកគេ ក៏ដូចជាការសាងសង់លំនៅឋានថ្មីដែរ។ យើងនឹងមិនរក្សាអត្រាការប្រាក់ដដែលទេ ប៉ុន្តែយើងព្យាយាមបន្ទាបអត្រាការប្រាក់កាន់តែទាប ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន»។
មូលនិធិរូបិយវត្ថុអន្តរជាតិ និង NBC បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានកម្រិត ៦,១ ភាគរយ និង ៦,៤ ភាគរយរៀងៗខ្លួន ដែលគាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យផលិតកម្មនៅឆ្នាំ ២០២៤ ខណៈ ដែលអតិផរណាមានកម្រិត ៣ ភាគរយ និង ២,៥ ភាគរយរៀងៗខ្លួន។
ចក្ខុវិស័យរបស់អ្នកជំនាញ
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុន Cambodian Investment Management បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អ្នកប្រើប្រាស់កំពុងកាត់បន្ថយការចំណាយដោយសារតែអតិផរណាខ្ពស់ និងជាលទ្ធផលអត្រាការប្រាក់កាន់តែខ្ពស់។
លោកបានបន្តថា៖ «ការណ៍នេះ គឺជាភ័ស្តុតាងក្នុងការធ្លាក់ចុះការចំណាយលើការទិញចំនួនច្រើន រយៈពេលវែងដូចជា អចលន ទ្រព្យ រថយន្ត និងទំនិញប្រើប្រាស់បានយូរសំខាន់ៗ។ ការវិនិយោគអាជីវកម្មក៏ស្ថិតនៅក្នុងនិន្នាការធ្លាក់ចុះនេះផងដែរ ដោយសារឥណទានកាន់តែរឹតបន្តឹង និងចំណាយការប្រាក់ច្រើនកាលពីឆ្នាំមុន»។
លោកបន្តថា កាលពីឆ្នាំ ២០២៣ ទីផ្សារអចលនទ្រព្យ បានមើលឃើញការធ្លាក់ចុះមិនធ្លាប់មាន តម្លៃបានធ្លាក់ចុះពីចំនួន ២០-៣០ ភាគរយ ឬច្រើនជាងនេះ។ មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការនាំចូលរថយន្តថ្មី និងការធ្លាក់ចុះនៃការលក់រាយដែលបានចុះកិច្ចសន្យាផងដែរ។
លោកបញ្ជាក់ថា៖ «អត្រាការប្រាក់កាន់តែទាបនឹងកាត់បន្ថយការចំណាយលើការខ្ចីដែលនឹងជាការបន្ធូរបន្ថយដល់អ្នកខ្ចីដែលមានសម្ពាធ និងកាត់បន្ថយ NPLs។ គោលនយោបាយឥណទាននៅគ្រឹះស្ថានហិរញ្ញ វត្ថុគួរតែបន្ទន់ ជំរុញការវិនិយោគ និងការចំណាយ»៕