ភ្នំពេញៈ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា វិស័យឧស្សាហកម្មមិនមែនកាត់ដេរ បានហក់ឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ដែលជាសមិទ្ធផលថ្មីមួយនៃការអនុវត្តគោលនយោបាយការធ្វើពិពិធកម្មសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល។
លោក ផាន់ ផល្លា បានថ្លែងបែបនេះ នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ។
លោកបានថ្លែងថា ឧស្សាហកម្មមិនមែនកាត់ដេរ បានបង្ហាញនិន្នានាការប្រែប្រួលខ្លាំង ហើយនេះគឺជាទិសដៅដែលរាជរដ្ឋាភិបាលចង់បាន និងចង់ឱ្យមានការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញ។
លោកបញ្ជាក់ថា៖«កន្លងមកសម្រាប់ការនាំចេញក្នុងវិស័យឧស្សាហកម្ម សម្រាប់ផលិតផលកាត់ដេរបានគ្របដណ្តប់ការនាំចេញលើសពី ៥០ ភាគរយទៅ ៩០ ភាគរយ ប៉ុន្តែកាលពីឆ្នាំ២០២៣កន្លងទៅ បានធ្លាក់ចុះក្រោម ៥០ ភាគរយវិញ បើធៀបជាមួយនឹងការនាំចេញផលិតផលមិនមែនកាត់ដេរ»។
លោកបានពន្យល់ថា៖«អ្វីដែលយើងបានឃើញនៅឆ្នាំ២០២៣ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលការអនុវត្តគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ច ឈានទៅដល់កម្រិតមួយ បើទោះបីជាមិនទាន់ជាកម្រិតពេញចិត្តនៅឡើយ ប៉ុន្តែបានឈានដល់កម្រិតមួយដែលមានការប្រែប្រួល»។
លោក ផាន់ ផល្លា បានបន្ថែមទៀតថា ធ្លាប់រាល់ដង កម្ពុជានាំចេញសម្លៀកបំពាក់លើស ៥០ ភាគរយ ហើយពីមុនលើសដល់៩០ភាគរយ តែឥឡូវនេះធ្លាក់ចុះដល់ក្រោម ៥០ ភាគរយ បើធៀបជាមួយនឹងការនាំចេញផលិតផលមិនមែនកាត់ដេរ។ នេះគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលសម្រេចបាននាពេលកន្លងមក ហើយរោងចក្រភាគច្រើន ជារោងចក្រផលិតនូវទំនិញមិនមែនកាត់ដេរ។
លោកបានលើកឡើងដែរថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យចំនួន ៤ គឺជាគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា រួមមាន៖ វិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម ដោយវិស័យទាំង ៤ នេះ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបានបញ្ជាក់ថា ៖ «បើទោះបីជាវិស័យកាត់ដេរ នៅឆ្នាំ២០២៣ មានការថមថយ ប៉ុន្តែវិស័យនេះនៅតែជាវិស័យសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ខណៈរោងចក្រដែលកំពុងបើកដំណើរការនៅកម្ពុជា មានប្រមាណជាង ១ ៤០០ រោងចក្រ និងបានផ្តល់ការងារដល់កម្មករនិយោជិតជាង ៨០ ម៉ឺននាក់»។
លោក ផាន់ ផល្លា សង្ឃឹមថា នៅឆ្នាំ២០២៤ នេះ វិស័យកាត់ដេរនឹងល្អប្រសើរឡើងវិញ ដោយសារឆ្នាំ២០២៤នេះ ប្រទេសដែលជាដៃគូពាណិជ្ជកម្មនាំចេញរបស់កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរជាងមុន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ការវិវត្តនាពេលខាងមុខ តែងតែមានការផ្លាស់ប្តូរ ដោយសារវិស័យមួយអាចថយមែន តែវិស័យ១ទៀតអាចនឹងឡើងវិញ។
លោកបានបញ្ជាក់ថា ៖ «ជាការពិតណាស់ យើងឃើញកំណើននៅក្នុងវិស័យឧស្សាហកម្មមិនមែនកាត់ដេរនេះ គឺជាសញ្ញាល្អមួយសម្រាប់សេដ្ឋកិច្ចរបស់យើង ព្រោះសេដ្ឋកិច្ចយើងមិនអាចពឹងផ្អែកលើវិស័យកាត់ដេរតែ ១ មុខទៀតនោះទេ។ ម្យ៉ាងការនាំចេញនៅក្នុងវិស័យកាត់ដេរ នឹងកាន់តែថមថយបន្តទៀត នៅពេលដែលយើងអស់ EBA និងGSP នាពេលខាងមុខ»។
សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ២០២៣ ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានតម្លៃជាង ៩,២ពាន់លានដុល្លារ ថយចុះប្រមាណជាង១០ភាគរយ។
ចំណែកការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា ព្រមទាំងគ្រឿងបន្ទាប់បន្សំ របស់ឧបករណ៍ទាំងនេះមានតម្លៃ ៣,១ ពាន់លានដុល្លារ កើនឡើង ៥៦,៦ ភាគរយ៕