ភ្នំពេញៈ វិនិយោគិនឥណ្ឌូនេស៊ីបានបង្ហាញការចាប់អារម្មណ៍ចំពោះឱកាសមកវិនិយោគលើវិស័យសំខាន់ជាច្រើននៅកម្ពុជា ខណៈការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នៅក្នុងខែដំបូងឆ្នាំ ២០២៤ មានទឹកប្រាក់ជាង ៨៥ លានដុល្លារ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ បានជួបប្រជុំជាមួយ លោក Jonh Riady នាយកប្រតិបត្តិក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី Lippo Group។
លោក Riady បានលើកឡើងថា លោក និងសហការីបានកត់សម្គាល់ឃើញពីការអភិវឌ្ឍដ៏ឆាប់រហ័សនៅកម្ពុជា ហើយក្រុមហ៊ុនរបស់លោកក៏កំពុងចាប់អារម្មណ៍ពីបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ ពិសេសលើវិស័យសំខាន់ដូចជា អចលនទ្រព្យ ផ្សារទំនើប សុខាភិបាល សេវាកម្មហិរញ្ញវត្ថុ និងធនាគារ ជាដើម។
Lippo Group គឺជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ ៦០ ឆ្នាំក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច ការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើយោងតាម CDC។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ឥណ្ឌូនេស៊ី មានទឹកប្រាក់សរុប ៨៥,៤៨ លានដុល្លារ ធ្លាក់ចុះ ២,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៨៨,០៤ លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅឥណ្ឌូនេស៊ី ១៤,៤៤ លានដុល្លារ កើនឡើង ៥៨៣ ភាគរយ ចំណែកទំនិញឥណ្ឌូនេស៊ី នាំមកកម្ពុជា មានចំនួន ៧១,០៤ លានដុល្លារ ធ្លាក់ចុះ ១៧,៣ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកុម្ភៈថា ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់ ពិសេសទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅឥណ្ឌូនេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២០ លើពិភពលោក (G20) និងមានចំនួនប្រជាជនច្រើន។
លោកបន្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសជាច្រើន ពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ព្រមទាំងការកើនឡើងនៃសមត្ថភាពផលិតកម្មក្នុងស្រុកបានធ្វើឱ្យកម្ពុជាអាចពង្រីកទីផ្សារនាំចេញទំនិញរបស់ខ្លួនកាន់តែច្រើន។
លោកថា៖ «ទឹកប្រាក់នាំទំនិញទៅឥណ្ឌូនេស៊ីត្រូវបានរំពឹងថា នឹងបន្តកើនឡើងថែមទៀត ខណៈកាលពីឆ្នាំ ២០២៣ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសន្យានឹងជួយពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ជាពិសេសការនាំចូលអង្ករពីប្រទេសកម្ពុជា»។
ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣ បានប្រកាសនឹងទិញអង្ករពីកម្ពុជាចំនួន ២៥០ ០០០ តោន ក្នុង ១ ឆ្នាំ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី-កម្ពុជា ដែលកំពុងកើនឡើងជាបន្តបន្ទាប់។
ទោះយ៉ាងណា លោកបានទទួលស្គាល់ថា អ្នកជំនួញឥណ្ឌូនេស៊ីហាក់នៅមិនសូវដឹងពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាទេ ដែលនេះជាមូលហេតុមួយធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅមានគម្លាតឆ្ងាយ។
លោកបានបន្តថា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ឱ្យបានកាន់តែខ្លាំងបន្ថែមទៀត គឺទាមទារឱ្យប្រទេសទាំង ២ ត្រូវគិតគូរពីប្រព័ន្ធទូទាត់ប្រាក់ទ្វេភាគី និងការបើកជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំង ២៕