​ភ្នំពេញ​: អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​អះអាងថា ប្រកាស​ស្តីពី​ ​«​ការលើក​ទឹក​​ចិត្ត​ពន្ធដារ​ចំពោះ​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​»​ គឺជា​ការរួមចំណែក​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បន្ត​ជួយ​គាំទ្រ​ទៅដល់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​បណ្តា​រាជធានី​-​ខេត្ត​ដែលមាន​សក្តានុពល​ទេសចរណ៍​ឱ្យ​បន្ត​ខិតខំ​ស្តារ និង​ពង្រីក​កា​រវិ​និ​យោគ​របស់​ពួកគេ​ថែមទៀត​។​

​ប្រកា​សលេខ​ ១១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ បានឱ្យដឹងថា គោល​បំណង​នៃ​ប្រកាស​នេះ គឺ​ដើម្បី​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ស្របតាម​វិធានការ​អន្តរាគមន៍រ​បស់រ​ដ្ឋា​ភិ​បាល​ដើម្បី​ស្ដារ​វិស័យ​ទេស​ចរណ៍​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។

ការលើកទឹកចិត្ត​ពន្ធដារ​នេះ គឺធ្វើឡើង​ចំពោះ​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍ ដែល​រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោ​ជ​​នី​យ​ដ្ឋា​ន និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ពន្ធដារ និង​មាន​សកម្មភាព​អា​ជីវ​កម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ កែប និង​ខេត្តកំពត​។ សម្រាប់​លក្ខខណ្ឌ​ការលើកទឹកចិត្ត​ពន្ធ មានដូចជា ការលើកលែង​ការ​បង់​ពន្ធអាករ​ប្រចាំខែ​, ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ​២០២៣, បំណុល​ពន្ធ​, និង​ការធ្វើ​សវន​​កម្ម​ពន្ធដារ ជាដើម​។​

​ទោះយ៉ាងណា ការលើក​ទឹក​ចិត្ត​ពន្ធ​នេះ គឺមាន​ស្ថានភាព​ខុសគ្នា​រវាង​សហគ្រាស​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ជាមួយ​រាជធានី​ភ្នំពេញ ខេត្ត​​ព្រះសីហនុ កែប និង​កំពត​។​​

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ​ថា នេះ​ជាការ​យកចិត្តទុកដាក់​ជា​​ពិសេស​របស់​រដ្ឋាភិបាល​ដល់​ម្ចាស់​សហគ្រាស​នៅក្នុង​វិស័យ​ទេសចរណ៍ ហើយ​លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធ​ភាព​បន្ត​សុពលភាព​ថែមទៀត ខណៈ​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ខែ​ឧសភា ដល់​ដើមខែ​តុលា វិស័យ​ទេសចរណ៍​កម្ពុជា​តែងតែ​ជួប​បញ្ហា​ធ្លាក់ចុះ​ភ្ញៀវ​យ៉ាងច្រើន ​(​ទេសចរ​អន្តរជាតិ​)​។​

​លោក​លើកឡើងថា​៖ «​ចាប់​​ពី​ខែឧសភា​ទៅ វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ព្រះ​សី​ហ​នុ នឹង​អាច​ទទួលរង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​ពេលនេះ ដោយ​លើកលែងតែ​ភ្នំពេញ​ដែលមាន​ផលប៉ះពាល់​តិចជាងគេ​។ យ៉ាង​ណាក៏ដោយ​ខ្ញុំ​ជឿថា​រដ្ឋាភិបាល​នឹង​បន្ត​ជួយ​ទៀត ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​រដ្ឋាភិបាល​ដែល​យោគយល់ និង​បន្ត​ជួយ​ដល់​វិស័យ​ទេសចរណ៍​»​។​​

បន្ថែម​លើ​នេះ ប្រធាន​សមា​គម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា លោក អន​ហេង សុ​​ភ័​ក្រ បាន​និយាយថា នេះ​ជា​ដំណឹង​រីករាយ​ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត​ពន្ធចំពោះ​ផ្នែក​មួយចំនួន​វិស័យ​ទេសចរណ៍​។ វា​ជា​ការជួយ​សម្រាល និង​ផ្តល់​លទ្ធ​ភាព​ក្នុងការ​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​។ លោក​បន្តថា ការជួយ​នេះ​ជា​កម្លាំងចលករ​ក្នុងការ​លើកទឹកចិត្ត​ឱ្យ​ផ្នែក​ឯក​ជន​ខិតខំ​អភិវឌ្ឍ​សេវាកម្ម​ខ្លួន​ឱ្យ​កាន់​តែមាន​លក្ខណៈ​ស្តង់ដា និង​ការប្រកួតប្រជែង​។​

​លោក​អះអាងថា​៖ «​ខ្ញុំ​គិតថា​រដ្ឋាភិបាល​គួរ​បន្ត​លើកទឹកចិត្ត​ដល់​វិស័យ​ទេសចរណ៍​ដើម្បីឱ្យ​មានឱកាស​អភិវឌ្ឍន៍​ទេសចរណ៍​កាន់តែ​ប្រសើរ​ថែមទៀត​»​។​

​ចំណែក​ប្រធាន​សមាគម​ម​គ្គុ​​ទ្ទេស​ក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយថា ការលើក​លែង​ប្រាក់​ពន្ធចំពោះ​សហគ្រាស​នៅក្នុង​វិស័យ​ទេសចរណ៍ គឺជា​មធ្យោបាយ​ល្អ​ដែល​រដ្ឋាភិបាលកម្ពុជា​បានដាក់​ចេញ​តាំងពី​ការលេចឡើង​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ ដែល​វា​ជា​មធ្យោបាយ​រក្សា​និរន្តរភាព​វិស័យ​ទេសចរណ៍​ឱ្យ​បន្ត​ដំណើរការ​ទៅមុខ​។

លោក​បន្តថា ទោះយ៉ាងណា​ការជួយ​របស់​រដ្ឋាភិបាល​កន្លងមក​គឺ​ភាគច្រើន​ចំពោះ​ក្រុមហ៊ុន​/​សហគ្រាស​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​ហាក់​មិន​ទទួលបាន​ការលើក​ទឹកចិត្ត​អ្វី​នោះទេ​។​

​ជាក់ស្តែង​ការបន្ត​សុពលភាព​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ គឺ​អាជ្ញាធរ​នៅ​តម្រូវឱ្យ​បង់ថ្លៃ​ពេញ​ដដែល ពេលនេះ បើទោះបី​សមាគម​ធ្លាប់​បានស្នើ​សុំឱ្យ​មានការ​បន្ធូរ​បន្ថយ​ដូច​អំឡុងពេល​ការរីក​​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ ​១៩​។ តម្លៃ​បន្ត​អាជ្ញាប័ណ្ណ គឺ​ត្រូវបាន​យក​ពេញ​ចាប់តាំងពី​អំឡុង​ឆ្នាំ​ ២០២៣ មក​។

លោក​ថា​៖«​រដ្ឋាភិបាល​មិន​យកពន្ធ​ចំពោះ​ក្រុមហ៊ុន​ទេសចរណ៍ សណ្ឋាគារ និង​ផ្ទះសំណាក់ ដែលជា​អ្នកមាន​ផលទុន​ច្រើន ប៉ុន្តែ​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​រក​ចំណូល ១​ ថ្ងៃ​សម្រាប់​បរិភោគ ​១ ​ថ្ងៃ គឺ​នៅ​បន្ត​យក​ធម្មតា​។ យើង​ស្នើសុំ​កុំឱ្យ​យក​តម្លៃ​ពេញ ​(​អាជ្ញា​ប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍​)​ ប៉ុន្តែ​មិន​ទទួលបាន​ការយល់ព្រម​»​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ បង្ហាញថា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ៥,៤៥​ លាន​នាក់ កើន​ ១៣៩,៥​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរ​ទេស មាន​ចំនួន ៣,០៤​ ពាន់​លាន​ដុល្លារ កើនឡើង ១១៥​ ភាគរយ​។ ជាមួយគ្នានេះ​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចេញ​ដើរ​នៅតាម​រមណីយដ្ឋាន​ក្នុងប្រទេស​មាន ១៨ ៧៤៣ ៣៧៣ ​នាក់ ​(​ចំនួន​ដង​នៃ​ការដើរ​កម្សាន្ត​) កើន ៣៤,៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២៕