ភ្នំពេញៈ ការប្រមូលចំណូលផ្ទៃ ក្នុងខែមករា ឆ្នាំ ២០២៤ ដែលសម្រេចបានប្រមាណជិត ៣០០ លានដុល្លារ ដែលធ្លាក់ចុះតិចតួច ខណៈអ្នកវិភាគមើលឃើញថា ការធ្លាក់ចុះនេះ គឺពុំឆ្លុះបញ្ចាំងអំពីដំណើរការនៃសកម្មភាពសេដ្ឋកិច្ចទាំងមូលនៃឆ្នាំនេះឡើយ។
សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ ២០២៤ របស់ GDT ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលបានគឺមានចំនួន ១ ២០៩,១៤ ពាន់លានរៀល (ប្រមាណ ២៩៨,៥៥ លានដុល្លារ) ស្មើនឹង ៧,១៧ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។ បើប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា ឆ្នាំ ២០២៣ ឃើញថាថយចុះ ៨,២៤ ពាន់លានរៀល (ប្រមាណ ២,០៣ លានដុល្លារ) ស្មើនឹង ០,៦៨ ភាគរយ។
ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារត្រូវខិតខំពង្រឹងការអនុវត្តច្បាប់ប្រកបដោយការយកចិត្តទុកដាក់ ខណៈបច្ចុប្បន្ន GDT កំពុងត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលនឹងផ្តល់ភាពងាយស្រួល ឆាប់រហ័សចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។
លោកបានថ្លែងថា៖ «យន្តការនេះគឺបានបង្កើតនូវជម្រើសតាមអនឡាញបន្ថែមពីលើជម្រើសនៃការអញ្ជើញមកផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ»។
បើយាងតាម GDT ក្នុងខែមករា ឆ្នាំ ២០២៤ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) មានប្រមាណ ៨,៦៧ លានដុល្លារ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកុម្ភៈថា ចំណូលពន្ធ គឺជាប្រភពថវិកាសំខាន់ឱ្យរដ្ឋាភិបាលយកទៅប្រើប្រាស់លើមុខចំណាយជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដូចជា ការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ការកសាងសមត្ថភាពធនធានមនុស្ស, ការបង្កើតការងារ, សងបំណុលបរទេស និងការសន្សំជាដើម។ លោកបន្តថា ការធ្លាក់ចុះចំណូលពន្ធដារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺដោយសារសកម្មភាពអាជីវកម្មនៅក្នុងស្រុកនាដើមឆ្នាំនេះមិនទាន់ល្អប្រសើរ។
លោកបន្តថា ទោះយ៉ាងណាទិន្នន័យនេះ គឺគ្រាន់តែរយៈពេលខ្លីប៉ុណ្ណោះ ដោយអគ្គនាយកដ្ឋានពន្ធដារនៅមានពេល ១១ ខែទៀត ដើម្បីឈានទៅសម្រេចតាមច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤។
លោកបានអះអាងថា៖ «ទោះការប្រមូលចំណូលពន្ធដារក្នុងខែមករា ឆ្នាំ ២០២៤ មានចំនួនតិចបើធៀបនឹងផែនការឆ្នាំ ប៉ុន្តែអគ្គនាយកដ្ឋនពន្ធដារនៅមានពេលច្រើនទៀតសម្រាប់ធ្វើការងាររបស់ខ្លួន»។
លោកលើកឡើងទៀតថា ដើម្បីឱ្យការប្រមូលចំណូលអាចសម្រេចតាមផែនការនោះ ក៏ត្រូវទាមទារឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀតពីគ្រប់ផ្នែកពាក់ព័ន្ធ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បាននិយាយថា បើទោះចំណូលពន្ធធ្លាក់ចុះខ្លះនាដើមឆ្នាំ២០២៤ នេះ ប៉ុន្តែវាមិនអាចឆ្លុះបញ្ចាំងពីសកម្មភាព នៃការប្រមូលចំណូលពន្ធប្រចាំឆ្នាំនោះទេ។
លោកបន្ថែមថា ការកែសម្រួលជាបន្តបន្ទាប់នៃនីតិវិធីបង់ពន្ធឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស នឹងជួយឱ្យប្រជាជនកាន់តែច្រើនចូលមកបង់ពន្ធតាមការកំណត់របស់ច្បាប់។
លោកបានថ្លែងថា៖ «ចំណូលពន្ធដារ នឹងមានកាន់តែច្រើននៅពេលសេដ្ឋកិច្ចល្អប្រសើរ។ នៅពេលសេដ្ឋកិច្ចល្អការវិនិយោគសាធារណៈពីសំណាក់រដ្ឋាភិបាលក៏មានកាន់តែច្រើន។
កាលពីឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ១៤ ៦២៩,១ ពាន់លានរៀល (ប្រមាណ ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ កើនឡើង ៤,៤៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២២៕