ភ្នំពេញៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅរសៀលថ្ងៃទី២១ ខែកុម្ភៈថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅតែជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ពង្រឹងសេដ្ឋកិច្ចកម្ពុជា ខណៈលោកជំរុញក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនបន្តយកចិត្តទុកដាក់លើវិស័យនេះ។
លោកបានលើកឡើងបែបនេះ នៅក្នុងឱកាសលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ តេជោសែន និងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកបានមានប្រសាសន៍ថា៖«គ្រឹះនៃសេដ្ឋកិច្ចរបស់យើង រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់យើង ពឹងផ្អែកទៅលើវិស័យឯកជនច្រើន ដែលជាកម្លាំងស្នូល ហើយនៅក្នុងវិស័យឯកជន គឺសហគ្រាសធុនតូចបំផុត តូចនិងមធ្យម នេះឯង ហើយយើងត្រូវទទួលស្គាល់ថា មីក្រូ SME នេះឯង គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង»។
លោកហ៊ុន ម៉ាណែត បានបន្ថែមទៀតថា នៅកម្ពុជា បើតាមទិន្នន័យស្តង់ដាចុងក្រោយនៅឆ្នាំ២០១៨ គឺមានជាង៩៩ភាគរយ ជាប្រភេទក្រុមហ៊ុនSME តែលោកក៏មិនរំពឹងអំពីកំណើននៃក្រុមហ៊ុនធំៗបន្ថែមទៀតដែរ ទើបលោកជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តលើកស្ទួយ និងពង្រឹងវិស័យនេះបន្ថែមទៀត។
លោកបានថ្លែងថា៖«ពិតណាស់ក្រុមហ៊ុនធំៗ នៅតែទាក់ទាញមកឱ្យវិនិយោគនៅកម្ពុជាយើង ប៉ុន្តែក៏សូមកុំភ្លេចនៅក្រុមហ៊ុនតូចៗ ដែលជា SME នេះ។ ខ្ញុំបានឃើញពីការរីកចម្រើននៅក្នុងវិស័យនេះ ប៉ុន្តែខ្ញុំគិតថានៅមានសក្តានុពលធំណាស់ដែលទាមទារឱ្យយើងត្រូវគិតគូរបន្ថែមទៀត»។
លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រសួងឧស្សាហកម្មនិងសមាគមដែលធ្វើការនៅវិស័យSMEគិតគូរជំរុញដល់ SME ដែលនៅក្រៅប្រព័ន្ធឱ្យចូលមកក្នុងប្រព័ន្ធនិងបង្កើនការរៀបចំឱ្យបណ្តុំសហគ្រាសធុនតូចនិងមធ្យម (SME Cluster) ដែលផ្តល់ជូននូវការលើកទឹកចិត្តខ្ពស់ដល់អ្នកវិនិយោគដើម្បីធ្វើយ៉ាងណាពង្រឹងវិស័យ SME ឱ្យក្លាយជាចន្ទល់សេដ្ឋកិច្ចទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
លោក ហ៊ុន ម៉ាណែត បានលើកឡើងដែរថា បច្ចុប្បន្នភាគរយនៃការផ្តល់ការងារនៅក្នុងប្រទេសកម្ពុជា ប្រហែលជាខ្ទង់៧០ភាគរយគឺផ្តល់នៅក្នុងសហគ្រាសធុនតូច ហើយបើគិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានជិត៦០ភាគរយ។
លោកថា ៖ «អ៊ីចឹង! យើងត្រូវធ្វើយ៉ាងម៉េចទាញដោយដាក់ទិសដៅជួយមីក្រូ ហើយនិង SME ប៉ុន្តែដើម្បីឱ្យSMEពេញ គឺយើងត្រូវជួយបង្កើនលក្ខណៈឱ្យអ្នកក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ។ ដូចនេះ ទិសដៅគោលនយោបាយដែលយើងដាក់ចេញនេះ គឺជាមូលដ្ឋានធំដែលត្រូវយកចិត្តទុកដាក់»។
ជាមួយគ្នានោះដែរ លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងដែរថា សម្រាប់វិស័យសហគ្រាសធុនតូចនិងមធ្យម ក្រសួងបានបន្តពង្រឹង និងជំរុញការចុះបញ្ជីសហគ្រាសធុនតូច និងសិប្បកម្ម តាមរយៈប្រព័ន្ធអនឡាញ (CamDX) ដោយបានធ្វើការបណ្តុះបណ្តាលពីនីតិវិធីអត្ថប្រយោជន៍និងការចូលទៅប្រើប្រាស់ប្រព័ន្ធនេះ ជូនដល់មន្ត្រីជំនាញទាំងនៅទីស្តីការក្រសួង និងមន្ទីររាជធានី ខេត្ត និងផ្នែកឯកជន។
លោកបានបន្ថែមថា ក្រសួងក៏បានបន្តជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។ សហគ្រិនខ្មែរដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាលក៏បានកំពុងបន្តជួយជ្រោមជ្រែងសហគ្រាសឱ្យអាចប្រកួតប្រជែង និងឈានចូលទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
លោកហែម វណ្ឌី បានបញ្ជាក់ថា៖«យើងនឹងបន្តពង្រីកការគាំទ្ររបស់ក្រសួងចំពោះវិស័យឯកជនជាពិសេសសហគ្រាសធុនមីក្រូតូច និងមធ្យម លើផ្នែកជំនាញបច្ចេកទេសផលិតកម្ម ឧស្សាហកម្ម កម្មន្តសាល និងសិប្បកម្ម ដើម្បីពង្រឹងឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
ក្រសួងក៏នឹងបន្តចូលរួមលើកស្ទួយពិពិធកម្មសេដ្ឋកិច្ចជាតិតាមរយៈការជំរុញឧស្សាហូបនីយកម្ម,ការលើកទឹកចិត្តសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យឈានចូលក្នុងប្រព័ន្ធ និងការបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីចូលរួមបង្កើនតម្លៃបន្ថែម ជំរុញការចាប់យកបច្ចេកវិទ្យា និងបង្កើតផ្នត់គំនិតថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម របស់សហគ្រាស និងសហគ្រិននានាសំដៅធានាបាននូវភាពប្រកួតប្រជែង និងឧត្តមភាព។ លោក ហែម វណ្ឌី បានបញ្ជាក់បន្ថែម។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈថា ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សមាគមតែងតែចុះបើកវគ្គបណ្តុះបណ្តាលជារឿយៗដល់សមាជិកនៅតាមបណ្តាខេត្តនានាដើម្បីយ៉ាងជំរុញឱ្យពង្រឹងSMEឱ្យមានភាពរឹងមាំ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលSME បាននិងកំពុងជួបប្រទះផងដែរ។
លោកបានបញ្ជាក់ថា៖«ដូចយើងដឹងហើយថា អ្នកនៅក្នុងប្រទេសយើងអាជីវកម្មភាគច្រើនជាប្រភេទសហគ្រាសធុនតូច និងមធ្យមកម្ពុជាប៉ុន្តែយើងមិនទាន់បានធ្វើចំណាត់ថ្នាក់ប្រភេទ SME ឱ្យបានច្បាស់លាស់នៅឡើយទេ។ យើងត្រូវការពេលវេលា ដើម្បីជំរុញការធ្វើចំណាត់ថ្នាក់ប្រភេទSME ឱ្យបានត្រឹមត្រូវ និងព្យាយាមលើកទឹកចិត្តឱ្យ SME ក្រៅប្រព័ន្ធ ចូលក្នុងប្រព័ន្ធ ដែលវានឹងបង្កលក្ខណៈងាយស្រួលសម្រាប់សមាគម និងរាជរដ្ឋាភិបាល ក្នុងការប្រមូលទិន្នន័យ និងរៀបចំគោលនយោបាយសម្រាប់ពួកគាត់»។
បើតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៣ សហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មកម្មន្តសាលសរុបមានចំនួន ៤៤ ៦២៨ មូលដ្ឋាន (សហគ្រិនស្ត្រីជាម្ចាស់មាន៨ ០៤៨ មូលដ្ឋាន) និងកម្លាំងពលកម្មមានចំនួន ៤៦៣ ៩៦៦ នាក់ (ស្ត្រី ១៣៥ ២៩០ នាក់)៕