ភ្នំពេញៈ កម្ពុជាកំពុងខិតខំជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ឱ្យបានលឿនដើម្បីទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ខណៈបច្ចុប្បន្នជប៉ុន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការ CDC បានទទួលជួបពិភាក្សាការងារជាមួយលោក Shigeo Fukuda ប្រធានគ្រប់គ្រងទូទៅផ្នែកតំបន់ឧស្សាហកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន Sumitomo Corporation Asia & Oceania។
CDC ឱ្យដឹងថា៖ «កិច្ចប្រជុំនេះដែលត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើទស្សនទាន និងស្ដាប់មតិយោបល់របស់វិនិយោគិនដែលជំនាញអភិវឌ្ឍន៍សួនឧស្សាហកម្ម សម្រាប់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែធ្នូ ឆ្នាំ ២០២៣ ក្នុងទិសដៅធ្វើយ៉ាងណាឱ្យតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះអាចទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត»។
បើតាម CDC ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅក្នុងប្រទេសប្រមាណ ៦៥ ជាមួយបុគ្គលិកសរុប ៧៩ ពាន់នាក់ ដែលវិនិយោគលើវិស័យ ផលិតផលដែក ប្រព័ន្ធដឹកជញ្ជូន និងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល អចលនទ្រព្យ និងធនធានរ៉ែ ថាមពល គីមី និងអេឡិចត្រូនិកជាដើម។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន ដែលកំពុងចាប់ដៃគូជាមួយវិនិយោគិនជប៉ុនលើការសិក្សាលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកុម្ភៈថា បច្ចុប្បន្នលោក និងដៃគូ (ជប៉ុន) កំពុងសិក្សាលើទីតាំងមួយចំនួនដែលមានសក្តានុពលសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលទីតាំងនោះ (តំបន់ក្បែរគម្រោងព្រែកជីកតេជោហ្វូណន) ត្រូវមានភាពអំណោយផលសម្រាប់ការដឹកជញ្ជូន។
លោកបន្តថា ជាមួយគ្នានេះការសិក្សាពីផ្លូវច្បាប់លើការវិនិយោគ/បើករោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក៏កំពុងបោះជំហានទៅមុខផងដែរ។ លោកថា ជាទូទៅប្រទេសណាមានតំបន់សេដ្ឋកិច្ចពិសេសច្រើន គឺឱកាសបង្កើតការងារនឹងមានច្រើន។
លោកបានបញ្ជាក់ថា៖« ខ្ញុំមានជំនឿថា នៅពេលខាងមុខឆាប់ៗនេះ ប្រទេសកម្ពុជានឹងមានតំបន់សេដ្ឋកិច្ចពិសេសថ្មីៗរួមទាំងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន លេចឡើងច្រើន។ តំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើននឹងជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន»។
យោងតាមលោក សុខនឿន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនកាលពីចុងឆ្នាំ ២០២៣ លោកសង្កេតឃើញមានវិនិយោគិនជប៉ុនកាន់តែច្រើនបង្ហាញការចាប់អារម្មណ៍ក្នុងការមកវិនិយោគផ្ទាល់នៅកម្ពុជា។ កំណើនការវិនិយោគ និងការនាំចេញនឹងជួយឱ្យកម្ពុជាឈានទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០២៣ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកអះអាងថា៖ «តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងជួយទាក់ទាញក្រុមហ៊ុនជប៉ុនឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន»។
បើយោងតាមធនាគារជាតិនៃកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ជប៉ុន គឺជាប្រទេសដែលបានវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី៤ ដោយមានទឹកប្រាក់សរុប ១១,៣ ទ្រីលានរៀល (កើន ១១,៦ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២) គឺបន្ទាប់ពីប្រទេសចិន កូរ៉េ និងសិង្ហបុរី។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ ជាដើម។
បើតាមប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងភាពល្អប្រសើរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានជួយឱ្យកម្ពុជាទាក់ទាញរួមទាំងវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើនឱ្យមកបណ្តាក់ទុនផ្ទាល់។
លោកថា តំបន់សេដ្ឋកិច្ចពិសេសដើរតួនាទីយ៉ាងសំខាន់នៅក្នុងបង្កើតការងារ និងជួយលើកកម្ពស់ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ។ លោកបន្តថា ដោយសារជនជាតិជប៉ុនភាគច្រើនជាវិនិយោគិនដែលមានភាពប្រាកដប្រជា ដូច្នេះបើកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន គឺប្រាកដជាអាចទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកកាន់តែច្រើន។
លោកបានប្រាប់ថា៖«តំបន់សេដ្ឋកិច្ចពិសេស កាន់តែច្រើននឹងជួយឱ្យចង្វាក់ផលិតកម្មកម្ពុជាកាន់តែរឹងមាំ ខណៈប្រព័ន្ធដឹកជញ្ជូនទំនិញទៅទីផ្សារអន្តរជាតិក៏មានភាពល្អប្រសើរដែរ»៕