ភ្នំពេញ: សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រអាជីវកម្មចំនួន ១ ៩៧៧ តាមរយៈការផ្តល់ការធានាឥណទានសម្រាប់ការស្នើសុំកម្ចីរបស់ពួកគេ ដែលមានទំហំទឹកប្រាក់ជាង ១៧០,១៥ លានដុល្លារអាមេរិក គិតត្រឹមចុងខែមករា ឆ្នាំ ២០២៤ ដែលបានចូលរួមគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបានរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ ១៩។
គិតត្រឹមចុងខែមករា ប្រាក់កម្ចីដែលមានការធានាចំនួន ១១៩,២១ លានដុល្លារអាមេរិក ហើយចំនួនទឹកប្រាក់ធានាមាន ៨៥,៨៨ លានដុល្លារអាមេរិក ខណៈដែលអនុបាតប្រាក់កម្ចីមិនដំណើរការនៃចំនួនប្រាក់ធានាមាន ៧,៣៧ ភាគរយ រីឯការទាមទារសំណងមានចំនួន ២៨៩,៩៨៧ ដុល្លារអាមេរិក។ នៅក្នុងចំណោមអាជីវកម្មសរុបចំនួន ១៩៧៧ ក្នុងនោះ MSMEs មានចំនួន ១ ៨២៥ ហើយនិងក្រុមហ៊ុនធំ មានចំនួន ១៥២។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកាលពីថ្ងៃទី ៣១ ខែមករាថា ខណៈដែលនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស CGCC ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់សហគ្រាស MSMEs ឱ្យទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ ដើម្បីចាប់យកឱកាសវិនិយោគ បង្កើនការងារ និងបង្កើតប្រាក់ចំណូលដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងចក្ខុវិស័យរបស់ប្រទេសឆ្នាំ ២០៣០ និង ២០៥០។
លោកថ្លែងថា៖ «CGCC ត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រទីផ្សារមូលបត្រកម្ពុជា តាមរយៈការធ្វើពិពិធកម្មសេវាធានាឥណទាន នឹងការធានាលើសញ្ញាបណ្ណ ដើម្បីបង្កើនការផ្តល់ឥណទានដល់ក្រុមហ៊ុនចេញលក់មូលបត្រក្នុងស្រុក ដែលអាចឱ្យពួកគេប្រមូលមូលនិធិតាមរយៈការបោះផ្សាយសញ្ញាបណ្ណនៅលើទីផ្សារមូលបត្រកម្ពុជា»។
លោកបានថ្លែងថា៖ «យន្តការធានាឥណទាននឹងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងផលិតផលហិរញ្ញវត្ថុ ដែលនឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាពរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា»។
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជាដែលជាដៃគូរបស់ CGCC បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SME) ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្វែងរកប្រាក់កម្ចី ដោយមានជំនួយពីសាជីវកម្មធានាឥណទានរដ្ឋកម្ពុជា ភីអិលស៊ី មានហានិភ័យតិចជាងដៃគូរបស់ពួកគេដែលមិនមានជំនួយពីសាជីវកម្មធានាឥណទានរដ្ឋកម្ពុជា។
លោកបន្ថែមថា៖ «ជាមួយនឹងវត្តមានរបស់ CGCC វាបានជួយយើងឱ្យស្ថាប័នហិរញ្ញវត្ថុដែលចូលរួមមានទំនុកចិត្តកាន់តែខ្លាំងក្នុងការផ្តល់ប្រាក់កម្ចីកាន់តែច្រើនទៅដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម ដើម្បីផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុបន្ថែមទៀតដើម្បីពង្រីក ឬគាំទ្រដល់កំណើនអាជីវកម្មរបស់ពួកគេ ដែលការណ៍នេះរួមចំណែកក្នុងការរក្សាបានភាពរឹងមាំ សកម្មភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច»។
កាលពីដើមខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសបន្តដាក់ឱ្យដំណើរការគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) របស់ CGCC ដើម្បីគាំទ្រដល់អាជីវកម្ម ទាំងមីក្រូ សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួម ( PFIs) សម្រាប់ជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម៕